ខេត្តស្វាយរៀង ៖ រថយន្តកាមរីរត់ឈ្នួលមួយត្រូវបានគេអះអាងថា មានខ្មោចដែលឃាតកសម្លាប់មួយគ្រួសារ កាលពីអំឡុងមួយឆ្នាំមុន ល្បីពេញខេត្តស្វាយរៀងនោះបានដើរចេញពីក្នុងផ្ទះមកបក់ដៃហៅឡានជិះ ស្របពេលនោះអ្នកបើកបររថយន្តកាមរីបានបង្អន់ល្បឿនអែបខាងបត់ត្រឡប់មកទទួលមនុស្សដែលបក់ដៃហៅក៏ត្រូវរថយន្តវីហ្គោទៅពីក្រោយបុកបុ័ងបណ្តាលឱ្យកាមរីវិលខ្ងាល់ធ្លាក់ផ្លូវ ហើយវីហ្គោក៏ធ្លាក់ផ្លូវដែរ ចំណែកមនុស្សនៅក្នុងឡានទាំង២គ្រឿង សរុបទៅ១០នាក់ទទួលរងរបួសស្រាលបែកមុខ បែកមាត់ និងពកក្បាលប៉ុណ្ណោះ ។
ការបុកគ្នាដោយសារតែមានខ្មោចចេញមកបក់ដៃហៅឡានជិះនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២៩ មីនា ២០១១ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ។ រថយន្តកាមរីពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ 2A-7458 ជិះគ្នា៦នាក់ គឺអ្នកដំណើរ៥នាក់ និងអ្នកបើកបរ១នាក់ឈ្មោះសៅ វុទ្ធី អាយុ៣៧ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ធ្វើដំណើរពីភ្នំពេញ ទៅក្រុងស្វាយរៀង…ចំណែករថយន្តវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2J-3687 ជិះគ្នា៤នាក់ គឺភ្ញៀវជនជាតិចិន៣នាក់ (ប្រុស២-ស្រី១) និងអ្នកបើកបរ១នាក់ ឈ្មោះថោង ប៊ុនណា អាយុ៣១ឆ្នាំ រស់នៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ជាបុគ្គលិកបម្រើការនៅកាស៊ីណូម៉ុកបៃ ក្រុងបាវិត ។
យោងតាមអ្នកបើកបររថយន្តកាមរីឈ្មោះសៅ វុទ្ធី បានឱ្យដឹងថា ពេលកំពុងធ្វើដំណើរឆ្ពោះទៅក្រុងស្វាយរៀង ដល់ផ្ទះវីឡាមួយ ស្រាប់តែមានមនុស្សម្នាក់ចេញមកបក់ដៃហៅរថយន្តរបស់លោកឱ្យឈប់…ហួសទៅមុខប្រហែល១០ម៉ែត្រ លោកក៏បត់ត្រឡប់មកវិញ ដើម្បីទទួលយកមនុស្ស ស្រាប់តែរថយន្តវីហ្គោមកពីក្រោយបុកបុ័ងវិលខ្ញាល់តែម្តង បណ្តាលឱ្យឡានធ្លាក់ផ្លូវ ប៉ុន្តែមនុស្សជិះក្នុងឡានទាំង២រងរបួសស្រាលទាំងអស់គ្នា ។ ពេលកំពុងអង្គុយសម្រាកនៅកន្លែងកើតហេតុ មានអ្នកភូមិកុះករមកចោមរោមមើល និងសួរនាំហេតុផលក៏ត្រូវអ្នកបើកបររថយន្តកាមរីប្រាប់ថា ពេលខ្លួនបត់ត្រឡប់ក្រោយនោះ គឺដោយសារឃើញមនុស្សបក់ដៃហៅឱ្យទៅយក តែពេលកំពុងបត់ ស្រាប់តែមានរថយន្តវីហ្គោមកបុកពីក្រោយតែម្តង…ចំណែកមនុស្សដែលបក់ដៃហៅ នោះក៏បាត់ទៅទៀត…ភ្លាមនោះអ្នកភូមិប្រាប់ថា គ្មានមនុស្សឯណានៅម្តុំនេះទ…ផ្ទះវីឡាមួយនោះគឺជាផ្ទះខ្មោចតែប៉ុណ្ណោះ កាលពីអំឡុង១ឆ្នាំមុន មានកូនប្រសាប្រុសអារ.កសម្លាប់ម្តាយក្មេក ប្រពន្ធ ប្អូនស្រី អ្នកបម្រើ និងកូន រួចហើយចង.កសម្លាប់ខ្លួនឯងតាមក្រោយ…ផ្ទះនោះគ្មាននរណាហ៊ាននៅទេ ៕


ចែករំលែកព័តមាននេះ