ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់​អតីត​តារា​ចម្រៀង​ធ្លាក់​ខ្លួន​ក្រីក្រ​នាង អ៊ុំ គន្ធា ធ្លាក់​ខ្លួន​ឈឺ​រស់​នៅ​យ៉ាង​លំបាក​ បាន​ទទួល​អំណោយ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ធ្លាក់​ខ្លួន​ជ្រក​កោន​នៅ​ផ្ទះ​គេ និង​ស្ទើរ​តែ​រក​អង្ករ​ច្រក​​ឆ្នាំង​គ្មាន ដូច្នេះ​បង្ខំ​ចិត្ត​ចុះ​រាវ​ខ្យង​ ខ្ចៅ ដក​ព្រលឹត​ និង​បេះ​ត្រ​កួន ក្នុង​បឹង​យក​ទៅ​លក់ នេះ​គឺ​ជា​ទម្ងន់​ទុក្ខ​លំបាក​ ដែល​សង្កត់​សង្កិន​លើ​ជីវិត​របស់​តារា​ចម្រៀង​អ៊ុំគន្ធា ។

អតី​ត​កាល​នាង​អ៊ុំ គន្ធា ជា​តា​រា​ចម្រៀង​យេយេ​​​រះ​ភ្លឺ​ចិញ្ចាច​ ប៉ុន្តែ​បច្ចុប្បន្ន​រលត់​រស្មី​សូន្យ​សុង​ទៅ​ហើយ ជីវិត​ត្រូវ​ទ្រាំ​រស់​ទាំង​ត្រ​ដរត្រដាប​ត្រដួស​ជា​មួយ​កូន​ប្រុស​ពីរ​នាក់

រាជ​ធានី​ភ្នំពេញ​ ៖ ធ្លាក់​ខ្លួន​ជ្រក​កោន​នៅ​ផ្ទះ​គេ និង​ស្ទើរ​តែ​រក​អង្ករ​ច្រក​​ឆ្នាំង​គ្មាន ដូច្នេះ​បង្ខំ​ចិត្ត​ចុះ​រាវ​ខ្យង​ ខ្ចៅ ដក​ព្រលឹត​ និង​បេះ​ត្រ​កួន ក្នុង​បឹង​យក​ទៅ​លក់ នេះ​គឺ​ជា​ទម្ងន់​ទុក្ខ​លំបាក​ ដែល​សង្កត់​សង្កិន​លើ​ជីវិត​របស់​តារា​ចម្រៀង​អ៊ុំគន្ធា ។

អតី​ត​កាល​នាង​អ៊ុំ គន្ធា ជា​តា​រា​ចម្រៀង​យេយេ​​​រះ​ភ្លឺ​ចិញ្ចាច​ ប៉ុន្តែ​បច្ចុប្បន្ន​រលត់​រស្មី​សូន្យ​សុង​ទៅ​ហើយ ជីវិត​ត្រូវ​ទ្រាំ​រស់​ទាំង​ត្រ​ដរត្រដាប​ត្រដួស​ជា​មួយ​កូន​ប្រុស​ពីរ​នាក់ បន្ទាប់​ពី​ឪពុក​ពួកគេ​ចែក​ផ្លូវ​គ្នា​ដើរ​ជា​មួយ​នាង​ទៅ​ហើយ​នោះ ។  បច្ចុប្បន្ន​នាង​អ៊ុំ គន្ធា និង​កូនៗ​រស់​នៅ​ក្នុង​ភូមិ​បា​យ៉ាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ រាជ​ធានី​ភ្នំពេញ ។

ជីវិត​ជា​តារា​ចម្រៀង​មួយ​ដួង​ធ្លាប់​មាន​កិត្តិ​យស​​ កេរ្តិ៍​ឈ្មោះ ហើយ​ប្រែ​ផ្លាស់​ជា​ធ្លាក់​ខ្លួន​តោក​​​យ៉ាក​បែប​នេះ គឺ​ក្រោយ​ពេល​នាង​អ៊ុំ គន្ធា បែក​បាក់​ពី​គូ​ជីវិត​ដែល​សុខ​ចិត្ត​រួម​រស់​ជា​មួយ​គ្នា​ពុំ​បាន​រៀប​ការ គឺ​លោក​ផាន សុផាត ជា​តារា​ចម្រៀង​ដែរ ។ ការ​បែក​បាក់​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន​នោះ​ ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ជា​ច្រើន​ឆ្នាំ​ដូច​ជា​ផ្ទះ​វីឡា និង​ដី​ធ្លីជា​ដើម​ត្រូវ​លក់​ចែក​គ្នា ។ ប្រាក់​ដែល​នៅ​សេសសល់​នាង​គន្ធា បាន​​យក​ទៅ​ទិញ​ផ្ទះ​មួយ​នៅ​ម្តុំ​ផ្សារ​មាន់​អាំង​នៃ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ស្នាក់​នៅ ។  ក្រោយ​មក​​ភាព​អកុសល​បាន​តាម​យា​យី​លើ​ជីវិត​តា​រា​ចម្រៀង​មួយ​ដួង​នេះ​ទៀត គឺ​នាង​បាន​ចាញ់​បោក​បុរស​ម្នាក់​អស់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ។

ទន្ទឹម​នឹង​ជួប​រឿង​អាក្រក់​ទាំង​នោះ ជីវិត​កាន់​តែ​ចាស់​បន្តិច​ រូប​សម្រស់​កាន់​តែ​ថម​ថយ​ ដូច្នេះ​អាជីព​ជា​អ្នក​ចម្រៀង​លែង​កាក់​កប​ដូច​មុន ​ធ្វើ​ឱ្យ​ជីវិត​នាង​អ៊ុំ គន្ធា ធ្លាក់​ក្នុង​ភព​​ងងឹត​​ឈឹង ។  ខណៈ​ធ្លាក់​ខ្លួន​ស្ទើរ​រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន និង​ជ្រក​​កោន​ក្នុង​ផ្ទះ​គេនេះ​ នាង​អ៊ុំ គន្ធា ស៊ូ​ទ្រាំ​រស់​​ជា​មួយ​កូន​ៗ​ដោយ​បញ្ចេញ​កម្លាំង​រាវខ្យង ខ្ចៅ ដក​ព្រលឹត និង​បេះ​ត្រ​កួន​យក​ទៅ​លក់ជំនួស​ការ​ប្រើ​ប្រាស់​សំឡេង​​ និង​បញ្ចេញ​រូប​សម្រស់​សោ​ភា​ ញញឹម​ប៉​ប្រិម​​នៅ​លើ​ឆាក​តន្ត្រី​  ។

ក្នុង​ស្ថាន​ភាព​ជីវិត​បែប​នេះ ហើយ​ថែម​ទាំង​ធ្លាក់​ខ្លួន​ឈឺ​ទៀត​នោះ កាលពី​ល្ងាចថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០១២ នាង អ៊ុំ គន្ធា បាន​ទទួល​អំណោយ​​ឧបត្ថម្ភ​ពី​សប្បុរស​ជន ។
លោក​ស្រី​គឹម សេដ្ឋា​នី ប្រធាន​សមា​គម​នារី​កម្ពុជា​ដើម្បី​សន្តិ​ភាព​ និង​អភិវឌ្ឍន៍​សាលា​រាជ​ធានី​ភ្នំពេញ ជា​អ្នក​នាំ​អំណោយ​របស់​សប្បុរស​ជន​ទៅ​ប្រគល់​ជូន​នាង​អ៊ុំ គន្ធា ដល់​លំនៅ​ឋាន ។ អំណោយ​បាន​មក​ពី​លោក​ជំទាវ​ជុំ សាមីន កែប​ ជុតិមា ប្រធាន​សមា​គមនារី​កម្ពុជា​ដើម្បី​សន្តិ​ភាព និង​អភិវឌ្ឍន៍​រាជ​ធានី​ភ្នំពេញ​ ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​៥០​ម៉ឺន​រៀល លោក​ស្រី​តិ​មា​ វិច្ឆិកាល​ ​ចំនួន​៥០​ម៉ឺន​រៀល លោក​ស្រី មួង សុខ​សត្យា ប្រធាន​អនុ​សាខា​សមា​គមនារី​កម្ពុជា​ដើម្បី​សន្តិ​ភាព និងអភិវឌ្ឍន៍​ខណ្ឌ​សែន​សុខ ​២០​ម៉ឺន​រៀល និង​អំណោយ​របស់​សមា​គមនារី​កម្ពុជា​ដើម្បី​សន្តិ​ភាព​ និង​អភិ​វឌ្ឍន៍​រាជ​ធានី​ភ្នំពេញ​ អង្ក​២​បាវ មី​២​កេស ទឹក​ស៊ីអីុវ​១​យួរ​ ទឹក​ត្រី​១​យួរ​ ត្រី​ខ២​យួរ​ ទឹក​ដោះ​គោ​៥​កំប៉ុង ស្ក​រស២​កញ្ចប់ ក្រ​មា​២​ សារុង​២ និង​ខោ​អាវ​១​សម្រាប់ ។

លោក​ស្រី​គឹម សេដ្ឋា​នី ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ពី​ស្ថាន​ភាព​ជំងឺ​ និង​ជីវភាព​ទី​ទ័ល​​ក្ររបស់​នាង​អ៊ុំ គន្ធា​មក​ លោក​ជំទាវ​ជុំ សាមីន​ បាន​ណែ​នាំ​ឱ្យ​លោក​ស្រី​នាំ​យក​ថវិកា​និង​សម្ភារទៅ​ផ្តល់​ជូន​ និង​សួរ​សុខ​ទុក្ខ​ភ្លាម ។ ដោយ​ក្តី​អាណិត​អាសូរលោក​ស្រី​គឹម សេដ្ឋានី បាន​ណែ​នាំ​នាង​អ៊ុំ គន្ធា យក​ចិត្ត​ទុក​ដាក់​​ព្យា​បាល​​ជំងឺ​ឱ្យ​ឆាប់​ជា ហើយ​លើក​ទឹក​ចិត្ត​នាង​ថា ថ្នាក់​ដឹក​នាំ​របស់​យើង​មិន​ទុក​ឱ្យ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់​​បាយ​ទេ ។

ក្នុង​ពេល​ទទួល​អំណោយ​នោះ​នាង​អ៊ុំ គន្ធា ថ្លែង​អំណរ​គុណ​ចំពោះ​ទឹក​ចិត្ត​សប្បុរស​របស់​លោក​ជំទាវ​ជុំ សាមីន ព្រម​ទាំង​សប្បុរស​ជន​ទាំង​អស់​ ។ នាង​បួង​សួង​ដល់​វត្ថុ​សក្តិ​សិទ្ធិ​តាម​បី​បាច់​ថែរ​ក្សា​ សប្បុរស​ជន​ទាំង​អស់​ឱ្យ​ជួបប្រទះ​តែ​សេចក្តី​សុខ និង​ជោគជ័យ​លើ​ការ​ងារ ។

នាង​អ៊ុំ គន្ធា អាយុ​៣២​ឆ្នាំ ឪពុក​ឈ្មោះ អ៊ុំ សុផាត អាយុ​៧៥​ឆ្នាំ ជា​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ចូល​និវត្ត​ន៍​ និង​ម្តាយ​ឈ្មោះ អ៊ុង ស៊ីនួន អាយុ​៦៨​ឆ្នាំ ។ នាង​គន្ធា ជា​កូនទី​៥​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់ ។ នាង​រៀន​សូត្រ​បាន​ត្រឹម​ថ្នាក់​ទី​៥​ក៏​ឈប់​​ រួច​ចូល​ច្រៀង​ក្នុង​វង់​តន្ត្រី​មួយ​នៅ​ភោជ​នីយ​ដ្ឋាន​ផ្កា​រាំ​ទឹក​រាំ​ដែល​កាល​នោះ​នាង​ទើប​តែ​មាន​អាយុ​១៥​ឆ្នាំ​ប៉ុណ្ណោះ ។ នៅ​ឆ្នាំ​១៩៩៦​នាង​​គន្ធា​ដាក់​ពាក្យ​ចូល​ប្រលង​ចម្រៀងជា​មួយ​បង​ស្រី​ភ្លោះ​ ហើយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១  ។ តាំង​ពី​ពេល​នោះ​មក​នាង​អ៊ុំ គន្ធា ក្លាយ​ជា​តារា​ចម្រៀង​យេយេ​ល្បី​ឈ្មោះ ។

ទន្ទឹម​នឹង​កេរ្តិ៍​ឈ្មោះ​លេច​ខ្ពស់​ត្រដែត​នេះ​តា​រា​ចម្រៀង​អ៊ុំ គន្ធា​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​តារា​ចម្រៀង​ផាន សុផាត រហូត​ក្លាយ​ជា​ប្តី​ប្រពន្ធ​ដោយ​មិន​បាន​ចូល​រោង​ការទេ​ ។ នៅ​ឆ្នាំ​២០០៦ ចំណង​និស្ស័យ​ស្នេហ៍​របស់​ពួកគេ​បាន​ដាច់​ដោច​​ទៅ​វិញ​ បន្ទាប់​ពី​សាង​ភាព​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​បាន​៨​ឆ្នាំ និង​បន្សល់​ទុក​កូន​ប្រុស​២​នាក់ ។
អំណោយ​របស់​សប្បុរស​ជន​ទាំង​នោះ​អាច​ជួយ​ឱ្យ​ក្រុម​គ្រួ​សារ​នាង​អ៊ុំ គន្ធា បាន​ធូរ​ស្រាល​ពី​ការ​លំបាក​មួយ​គ្រា​ រួច​នាង​ត្រូវ​ប្រ​ឈម​មុខ​ការ​លំបាក​ត​ទៅ​មុខ​ទៀត ។
ជីវិត​ជា​តា​រា​រះ​ភ្លឺ​ចិញ្ចាច​ទំនង​មិន​អាច​ត្រ​លប់​មក​រក​នាង​អ៊ុំ គន្ធាវិញទេ អ្វី​ដែល​សេស​សល់​សម្រាប់​នាង​គឺ​ត្រូវ​ទ្រាំ​រស់​ក្នុង​ភាព​​លំបាកលំបិន​ ។ ភាព​​រុង​រឿង​សល់​តែ​ក្នុង​ក្តី​ស្រ​មៃ​ត្រ​លប់​ទៅ​អតី​ត​កា​ល​វិញ​ប៉ុណ្ណោះ​សម្រាប់​នាង ៕