ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីលានប្រណាំង​ម៉ូតូ​កាន់តែ​មាន​សកម្មភាព​ក្រោយ​បញ្ចប់​ការ​ប្រណាំង​ថ្នាក់​ជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រណាំង​ពេញ​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៦ សីហា និង​ថ្ងៃអាទិត្យ​ ទី​២៧ សីហា កន្លង​ទៅ គេ​កត់​សម្គាល់ថា…

រាជធានី​ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ការ​ប្រណាំង​ពេញ​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​សៅរ៍​ ទី​២៦ សីហា និង​ថ្ងៃអាទិត្យ​ ទី​២៧ សីហា កន្លង​ទៅ គេ​កត់​សម្គាល់ថា ទីលានប្រណាំង​ម៉ូតូ «King Track Circuit» ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ នៅ​ម្ដុំ​មណ្ឌល​ឱកាស​ខ្ញុំ កាន់តែ​មាន​សកម្មភាព​ខ្លាំង​ឡើង ។ បើ​ទោះជា​មាន​ភ្លៀង​ធ្លាក់​រំខាន​យ៉ាងណា​ក្ដី ក៏​ទីលាន​​មួយ​នេះ​មាន​អ្នក​ទៅ​ជិះ​ម៉ូតូ​ហ្វឹកហាត់ និង​ប្រណាំង​គ្នា​មិនសូវ​លស់​ពេល​នោះ​ដែរ។

លោក គង់ ធា​រ៉ា អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ថ្នាក់​ជាតិ និង​ជា​អ្នកគ្រប់គ្រង​ទីលាន King Track Circuit បាន​អះអាង​ថា​ការ​ប្រកួតប្រណាំង​ម៉ូតូ​ដែល​បាន​ធ្វើ​ឡើង​នា​ពេល​កន្លង​ទៅ មិន​ត្រឹមតែ​ជួយ​ឱ្យ​វិស័យ​មួយ​នេះ​របស់​កម្ពុជា​រក​ឃើញ​អ្នកជំនាញ​ជិះ​ម៉ូតូ​ប៉ុណ្ណោះ​​ទេ តែ​ក៏​ធ្វើ​ឱ្យ​មាន​អ្នកមាន​ចំណូលចិត្ត​ប្រណាំង​ម៉ូតូ​ច្រើន​នាក់​ចាប់អារម្មណ៍​ក្នុង​ការ​ហ្វឹកហាត់​នៅ​លើ​ទីលាន​ផង​ដែរ ។ រយៈពេល​២​ថ្ងៃ​ដែល​ទីលាន​ទាំងមូល​បាន​បើក​ការ​ប្រកួត លោក​ថា​មាន​កីឡាករ​ជា​អ្នកជំនាញ​ប្រណាំង​ម៉ូតូ​សរុប​ទាំងអស់​៦៦​រូប​ដោយ​កីឡាករ​ទាំងអស់​ក៏​ត្រូវ​ប្រើប្រាស់​ម៉ូតូ​ខុស​កម្លាំង​គ្នា​ផង​ដែរ​ដើម្បី​ស្វែងរក​អ្នក​ខ្លាំង ឬ​ហៅ​ថា​អ្នកជំនាញ​ប្រណាំង​ម៉ូតូ​ថ្នាក់​ជាតិ​សម្រាប់​កម្រិត​ដែល​ខាង​សហព័ន្ធ​កំណត់​ឡើង ។

ប្រភេទ​ម៉ូតូ​ដែល​បាន​កំណត់​សម្រាប់​ការ​ប្រណាំង​នៅ​ពេល​នោះ​រួម​មាន​ម៉ូតូ​កម្លាំង​១១០​សេ​សេ​, ១២៥​សេស​, ១៥០​សេស និង​កម្លាំង​ធំ​ជាង​១៥០​សេ​សេ ដែល​លោក​បញ្ជាក់​ថា​គឺជា​ម៉ូតូ​ប្រភេទ​កែ​ច្នៃ ។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ត្រូវ​បាន​បែងចែក​ជា​៤​កម្រិត​ដោយ​ឡែក​ពី​គ្នា ដោយ​ក្នុង​មួយ​ប្រភេទ​នីមួយ​ៗ​ក៏​មានការ​ប្រគល់​ពាន និង​មេដាយ​ដោយឡែក​ៗ​ពី​គ្នា​ផង​ដែរ ដោយ​មិន​មាន​តម្រូវ​ឱ្យ​កីឡាករ​ទាំង​៦៦​រូប​ប្រកួត​ចម្រុះ​គ្នា​នោះ​ទេ ។

លោក​ថា នេះ​ជា​ការ​ប្រកួត​ផ្លូវការ​លើក​ដំបូង​ដែល​មិន​ធ្លាប់​ធ្វើ​ឡើង​នៅ​កម្ពុជា ដែល​ខាង King Track Circuit បាន​ចំណាយ​ដើមទុន​រៀបចំ​ឡើង ហើយ​មាន​សហព័ន្ធ​កីឡា​យាន​យន្ត​ទទួលស្គាល់ ដោយ​កីឡាករ​អ្នក​ឈ្នះ​សម្រាប់​កម្រិត​នីមួយ​ៗ​នឹង​ត្រូវ​ដាក់​បញ្ចូល​ជា​កីឡាករ​ជម្រើសជាតិ​សម្រាប់​កីឡា​ប្រណាំង​ម៉ូតូ ដែល​តាម​គម្រោង​គឺ​កីឡាករ​ដែល​ទើប​តែ​បាន​ជាប់​នេះ នឹង​អាច​តំណាង​ឱ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ក្នុង​ពេល​ខាង​​មុខ​នោះ​ផង ដោយសារ​តែ​មុន​នេះ​បន្តិច​កីឡា​យានយន្ត​កម្ពុជា ជា​ពិសេស​គឺ​កីឡា​ប្រណាំង​ម៉ូតូ​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​របស់​កីឡា​យានយន្ត និង​ប្រណាំង​ម៉ូតូ​របស់​អន្តរជាតិ​ជា​ផ្លូវការ​ហើយ ។ លោក​ថា មុន​មាន​វត្តមាន​ទីលានប្រណាំង​ម៉ូតូ​មួយ​នេះ កម្ពុជា​មិន​មានការ​ប្រកួត​ដែល​មានការ​ទទួលស្គាល់​ណាមួយ​ពី​សំណាក់​សហព័ន្ធ​នោះ​ទេ ទើប​លោក​ចាត់​ទុក​ថា​វត្តមាន​ទីលាន​គឺជា​អ្នក​នាំ​ផ្លូវ​មួយ​យ៉ាង​សំខាន់ ដើម្បី​ឱ្យ​អ្នក​ចង់​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា កាន់តែ​មានការ​ចាប់អារម្មណ៍ ។

ជាក់ស្ដែង​ចាប់តាំងពី​បញ្ចប់​ការ​ប្រកួត​មក​ទល់​ពេល​នេះ ទីលាន​របស់​លោក​កាន់តែ​មាន​សកម្មភាព​រស់​រវើក​ក្នុង​ការ​បើក​ទទួល​បង្វឹក និង​ឱ្យ​ប្រណាំង​ម៉ូតូ​ជា​លក្ខណៈ​មិត្តភាព ដើម្បី​​ពង្រឹង​សកម្មភាព​ប្រណាំង​ម៉ូតូ​។ យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ជិះ​ម៉ូតូ​ប្រណាំង​មិន​ក្រោម​១០​ម៉ូតូ​នោះ​ដែរ ដែល​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ទីលាន​រាល់ថ្ងៃ ក្នុង​ពេល​ដែល​កីឡា​ករ​ទាំងនោះ​ក្រៅពី​មក​ហ្វឹកហាត់​ខ្លួនឯង ក៏​មានការ​ដកស្រង់​បទ​ពិសោធន៍​ជាមួយ​អ្នក​ជំនាញ​​ផ្សេង​ទៀត​នៅ​លើ​ទីលាន តាម​រយៈ​ការ​ប្រណាំង និង​ការ​ផ្លាស់​ប្ដូរ​យោបល់​គ្នា​ផង​ដែរ ។ មក​ទល់​ពេល​នេះ ទីលាន​របស់​លោក​មិន​ទាន់​បាន​រៀបចំ​សម្លៀក​បំពាក់ និង​ម៉ូតូ​សម្រាប់​ជួល​នៅឡើយ​ទេ តែ​បាន​បើក​ទីលាន​ឱ្យ​ជួល​ជិះ​ម៉ូតូ ដោយ​មាន​អ្នក​ចូល​មក​ជួល​ជិះ​ម៉ូតូ និង​ជួល​ប្រណាំង​គ្នា​លេង​ច្រើន​ឡើងជា​រៀងរាល់ថ្ងៃ ។ រហូត​ដល់​ត្រឹម​ចុងខែ​តុលា​នេះ លោក​ថា​ទីលាន​នឹង​លក់​សំបុត្រ​ចូល​ជិះ​ម៉ូតូ​ប្រណាំង​ក្នុង​តម្លៃ​មួយ​លើក​តែ​១០​ដុល្លារ​ប៉ុណ្ណោះ ដោយ​អ្នកទិញ​សំបុត្រ​ម្ដង​ជិះ​ប៉ុន្មាន​ម៉ោង​ក៏​បាន ហើយ​ជិះ​ម៉ូតូ​មួយ​ឆ្លាស់គ្នា​ប៉ុន្មាន​នាក់​ក៏​បាន សំខាន់​គឺ​ដឹង​តែ​ម៉ូតូ​១​គ្រឿង​១០​ដុល្លារ ។

យ៉ាងណាមិញ លោក​ថា​តម្លៃ​នេះ​នឹង​មានការ​ប្រែប្រួល​ក្រោយ​ការ​បញ្ចប់ប្រូ​ម៉ូ​ហ្សិ​ន ដោយ​​អាច​លក់​សំបុត្រ​ចូល​តាម​ម៉ោង​ដូច​ជា​អ្នក​ចូល​ពេល​ព្រឹក​តម្លៃ​១០​ដុល្លារ ចូល​ពេល​រសៀល​តម្លៃ​១៥​ដុល្លារ និង​ចូល​ពេល​ល្ងាច​តម្លៃ​២០ ឬ​២៥​ដុល្លារ​ក្នុង​ម្ដង​ជាដើម​។ លោក​​ថា កម្ពុជា​មាន​កីឡាករ​យានយន្ត​តំណាង​ប្រទេស​ជា​របស់​ខ្លួន​ហើយ ដោយ​ទីលាន​របស់​លោក​បាន​បើក​ស្វាគមន៍​ដើម្បី​ឱ្យ​កីឡាករ​ដែល​ទើបបាន​ជាប់​ជា​តំណាង​ប្រទេស​ពី​ព្រឹត្តិ​ការណ៍​នេះ​ហ្វឹកហាត់​ឱ្យ​ក្លាយជា​ធនធាន​កាន់តែ​ល្អ​សម្រាប់​អាជីព​ជា​កីឡាករ​ប្រណាំង​ម៉ូតូ និង​បើកចំហ​សម្រាប់​អ្នក​ថ្មី​ធ្វើការ​ហ្វឹកហាត់ ។ ក្នុង​នោះ​ជា​រៀងរាល់ថ្ងៃ​អាទិត្យ ទីលាន​​របស់​លោក​ក៏​បើក​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​រវាង​អ្នក​ចូល​ហ្វឹកហាត់​ទាំង​អស់ និង​អ្នក​ចង់​សាកល្បង​សមត្ថភាព ដើម្បី​ស្វែងរក​អ្នក​ខ្លាំង​សម្រាប់​បណ្ដុះ​អ្នកជំនាញ​ផង​ដែរ ។ ក្រោយ​ការ​ប្រកួត​ថ្នាក់​ជាតិ កីឡាករ​ជើង​ខ្លាំង​ផ្នែក​ប្រណាំង​ម៉ូតូ​សរុប​ចំនួន​១២​រូប ក៏​ត្រូវ​បាន​យក​មក​បង្វឹក​យ៉ាង​ល្អ​ផង​ដែរ នៅ​លើ​ទីលាន​ទាំងមូល​។

លោក គង់ ធា​រ៉ា បញ្ជាក់​ថា ទីលាន​ដែល​លោក​គ្រប់គ្រង ត្រូវ​បាន​វិនិយោគ​អស់​ទឹកប្រាក់​ប្រមាណ​ជា​ជិត​៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ទើប​កន្លែង​ដែល​ប្រើ​សម្រាប់​ការ​ប្រណាំង​ម៉ូតូ​នោះ​អាច​ប្រព្រឹត្ត​ទៅ​បាន​មិន​ខុស​គ្នា​ពី​ការ​ប្រកួតប្រណាំង​ម៉ូតូ​របស់​ប្រទេស​ជិតខាង ដែល​លោក​បាន​ហៅ​ទីលាន​នេះ​ថា មាន​ស្ដង់ដារ​ពេញលេញ ។ លោក​អះអាង​ថា ប្រៀប​ធៀប​ទីលានប្រណាំង​មួយ​នេះ​ជាមួយនឹង​ទីលាន​នៅ​ក្នុង​ប្រទេស​ថៃ គឺ​នៅ​ចាញ់​បន្តិច ប៉ុន្តែ​​បើ​ក្រឡេក​ទៅ​មើល​ទីលានប្រណាំង​ម៉ូតូ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ទីលាន​របស់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​គឺ​មិន​ខុស​គ្នា​នោះ​ទេ ទាំង​ទំហំ និង​ការ​រៀបចំ ដោយ​សារ​តែ​ទីលាន​នេះ​ត្រូវ​បាន​សាងសង់​តាម​ខ្នាត និង​ស្ដង់ដារ​ទាំងស្រុង​របស់​ប្រទេស​​ម៉ា​ឡេ​ស៊ី​។ ទីលាន King Track Circuit ត្រូវ​បាន​លោក​អះអាង​ថា​សាងសង់​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​២​ហិ​កតា ដោយ​ក្នុង​ការ​ស្ថាបនា​កំពុង​ឈាន​ទៅ​ពង្រីក​ឱ្យ​ដល់​៦​ហិ​កតា​សម្រាប់​គម្រោង​បន្ទាប់ និង​រហូត​ដល់​ជាង​៤០ហិ​កតា​ឯណោះ ដើម្បី​ឱ្យ​ទីលាន​ប្រណាំង​ម៉ូតូ​កាន់តែ​មាន​ស្ដង់ដារ​ឱ្យ​ត្រូវ​នឹង​ការ​ប្រណាំង​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ទីលាន​នេះ​បង្កើត​ឡើង​ក្នុង​គោលបំណង​សហការ​ជាមួយ​សហព័ន្ធ​កីឡា​យានយន្ត​លើ​ផ្ទៃរាប​របស់​ប្រទេស​កម្ពុជា ដើម្បី​ផ្ដល់​ជាទី​តាំង​ឱ្យ​អ្នក​ប្រណាំង​ម៉ូតូ​មាន​កន្លែង​ហាត់​សម និង​ប្រ​កូត​គ្នា​ដោយ​ពេញ​លក្ខណៈ ហើយ​ជា​លទ្ធផល​គឺ​យើង​ទទួល​បាន​កីឡាករ​ល្អ​ភាគ​ច្រើន​ឱ្យ​បាន​កាន់​ពាន និង​មេដាយ​ដើម្បី​បញ្ជាក់​ជា​ជើង​ខ្លាំង ។ មក​ទល់​សព្វថ្ងៃ​លោក​ថា​អ្នកជំនាញ​ប្រណាំង​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សរុប​ប្រមាណ​ជា​ជាង​៣០០​នាក់ ដោយ​មុន​នេះ​បន្តិច ទីលាន​របស់​លោក​ក៏​បាន​បញ្ជូន​កីឡាករ​ជម្រើសជាតិ​ឱ្យ​ចេញ​ប្រណាំង​ម៉ូតូ​នៅ​ឯ​ប្រទេស​វៀតណាម​ផង​ដែរ ដ្បិតថា​មិន​ទទួល​បាន​មេដាយ​ណាមួយ​ត្រឡប់​មក​វិញ​។

លោក ខៃ វណ្ណៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​បាន​អះអាង​ថា ទីលាន​ប្រណាំង​ម៉ូតូ King Track Circuit បាន​ក្លាយជា​ទីលានប្រណាំង​ម៉ូតូ​កាន់តែ​មាន​ប្រយោជន៍ និង​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ជា​ជើងឯក​ផ្នែក​ប្រណាំង​ម៉ូតូ ។ ក្រោយ​ពី​ទីលានប្រណាំង​ម៉ូតូ​ឈ្មោះ King Track Circuit នៅ​ខណ្ឌ​សែន​សុខ ត្រូវ​បាន​ស្ថាបនា​រួច លោក​ថា​វិស័យ​ប្រណាំង​ម៉ូតូ​នៅ​កម្ពុជា​កាន់តែ​មាន​ក្ដី​សង្ឃឹម ជា​ពិសេស​សម្រាប់​ឱ្យ​កីឡា​ប្រណាំង​ម៉ូតូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ជំហាន​ទៅ​មុខ​ដោយ​មិន​​ពិបាក ។ ជាក់ស្ដែង បន្ទាប់​ពី​រក​ឃើញ​ម្ចាស់​ជ័យ​លា​ភី​សម្រាប់​ការ​ប្រកួត​ថ្នាក់​ជាតិ​កន្លង​​មក កម្ពុជា​រមែង​មាន​គម្រោង​បង្កើត​ការ​ប្រកួត​មិត្តភាព ឬ​ជើងឯក​ជាមួយ​កីឡាករ​ក្នុងស្រុក​ជា​ញឹកញាប់ និង​មាន​គម្រោង​ចេញ​ប្រកួត​ជាមួយ​បរទេស​នៅ​ក្នុង​ទីលាន​ដដែល​​នេះ​ផង ដើម្បី​ពង្រឹងសមត្ថភាព​របស់​កីឡាករ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​ឈាន​ឡើង​ស្រប​តាម​ការ​ចង់បាន​របស់​អន្តរជាតិ ។ លោក​ថា កម្ពុជា​មិន​អាច​មាន​ត្រឹមតែ​កីឡា​ករ​​ល្អ​សម្រាប់​កម្រិត​ជាតិ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​កីឡាករ​ល្អ​សម្រាប់​កម្រិត​អន្តរជាតិ​មួយ​ទៀត ដើម្បី​ឱ្យ​វិស័យ​កីឡា​យានយន្ត​លើ​ផ្ទៃរាប​នៅ​កម្ពុជា​ស្មើមុខស្មើមាត់​នៅ​ពេល​បញ្ជូន​ឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ។

ក្នុង​នោះ​លោក​ថា​ក៏​នឹង​ប្រើ​យុទ្ធសាស្ត្រ​ស្វែងរក​ការ​ជ្រោមជ្រែង​កីឡាករ​ប្រណាំង​ម៉ូតូ​ដើម្បី​ឱ្យ​កីឡាករ​ទាំងនោះ​មាន​ប្រាក់​ចំណូល​ជា​ប្រចាំ​ងាយស្រួល​ពង្រឹងសមត្ថភាព​ឱ្យ​កាន់​តែ​ល្អ​នោះ​ដែរ ដើម្បី​កុំឱ្យ​ពួក​គេ​ទទួល​បាន​ចំណាត់ថ្នាក់​ជើងឯក ឬ​ក្លាយជា​កីឡាករ​តំណាង​ប្រទេស​ហើយ បែរជា​ត្រូវ​ដេក​ស្ងៀម​មិន​មាន​សកម្មភាព​ហ្វឹកហាត់​ព្រោះតែ​ជាប់រវល់​រឿង​ប្រកបការងារ​មួយ​ផ្សេង​បណ្ដាល​ឱ្យ​បាត់បង់​សមត្ថភាព​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ