ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ជាប់ចោទពីបទលក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថនៃការិយាល័យប្រឆាំងការជួញដូរនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួននៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ មីនា នៅក្នុងខណៈពេលរូបគេកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ។ ជាមួយគ្នានេះនៅថ្ងៃបន្ទាប់ សមត្ថកិច្ចប៉ូលិសក៏បានធ្វើការចាប់ខ្លួនស្ត្រីវៀតណាមម្នាក់ទៀតពីបទចែកចាយថ្នាំញៀនដែរ។
ទាក់ទិនករណីទី១ លោកវរសេនីយ៍ត្រី ឆាយ វិន នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យកោះសន្តិភាពដឹងថា យុវជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះសៅ ណក់ អាយុ២១ឆ្នាំ មុនរបរមិនពិតប្រាកដ មានទីលំនៅចំណុចភ្នំខៀវ ក្រុមទី២៤ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។
លោកឧត្តមសេនីយ៍ត្រី ហ៊ាង និន មេបញ្ជាការកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ថា ការិយាល័យជំនាញប្រឆាំងការជួញដូរគ្រឿងញៀនបានបើកការស៊ើបអង្កេត និងឃ្លាំមើលតាមរយៈមុខសញ្ញាសេពគ្រឿងញៀនដែលចេញចូលរកសេវាគ្រឿងញៀននៅទីតាំងអ្នកចែកចាយស្ថិតនៅក្នុងក្រុមទី ២៤ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ លុះដល់វេលាខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថ សហការជាមួយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការឆែកឆេរលំនៅឋានខាងលើរកឃើញវត្ថុតាងមានជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១, ដបសម្រាប់ជក់៣, ដែកកេះ៨, ស្បោងសម្រាប់ដាក់គ្រឿងញៀន៤០ ក្រដាសសម្រាប់ជក់៦, ទុយោជ័រ២២ដើម និងថ្នាំពណ៌សចំនួន២កញ្ចប់ ។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀននៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ ចំណែកស្ត្រីជនជាតិវៀតណាមម្នាក់ត្រូវបានសមត្ថកិច្ចជំនាញដែលដឹកនាំដោយលោកសាន់ ប៊ុនថន នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តព្រះសីហនុ ឃាត់ខ្លួនកាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០១១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្បែរផ្សារភូមិថ្មី ក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពីបទលក់ចែកចាយគ្រឿងញៀន ។
លោកសាន់ ប៊ុនថន នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា យោងតាមការស៊ើបអង្កេតយ៉ាងល្អិតល្អន់មួយរយៈកន្លងមក កម្លាំងជំនាញរបស់យើងបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលជាជនជាតិវៀតណាម ឈ្មោះង្វៀង ធីអ៊ុក ភេទស្រី អាយុ៥០ឆ្នាំ មានទីលំនៅក្រុមទី៩ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ លោកបន្តទៀតថា ចំពោះវត្ថុតាងដែលយើងរឹបអូសបានមាន ១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន៣៥គ្រាប់ ២-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ice) ចំនួន៣កញ្ចប់តូច ៣-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១។
ជុំវិញរឿងចាប់ឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់នេះ ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរខាងបង្ហើបឱ្យដឹងថា ស្ត្រីម្នាក់នេះត្រូវជាម្តាយក្មេកឈ្មោះយ៉ៃ ដែលសមត្ថកិច្ចទើបចាប់ខ្លួនថ្មីៗនេះ ហើយស្ត្រីម្នាក់នេះទើបមកស្នាក់នៅទីនេះប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ កាលពីមុនរស់នៅភ្នំពេញ ។ ពួកគាត់ពុំនឹកស្មានថា ស្ត្រីម្នាក់នេះនៅហ៊ានលក់ចែកចាយថ្នាំញៀនបន្តទៀតសោះ៕
ចែករំលែកព័តមាននេះ