ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​សមុទ្រ​លើក​ទី​6 ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃតង​៖​អនាគត​គឺ​បច្ចុប្បន្ន​»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ថ្ងៃ​ទី​២២-២៣-២៤ ខែធ្នូ ឆ្នាំ​២០១៧ ជា​កាលបរិច្ឆេទ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ជុំ​ទី​២ នៅ​ខេត្ត​កែប ដែល​ព្រឹត្តិ​ការណ៍​​ទេសចរណ៍​ដ៏​ធំ​នេះ នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​យក​ថ្ងៃ​ទី​២២-២៣-២៤ ខែធ្នូ ឆ្នាំ​២០១៧ ជា​កាលបរិច្ឆេទ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ជុំ​ទី​២ នៅ​ខេត្ត​កែប ដែល​ព្រឹត្តិ​ការណ៍​​ទេសចរណ៍​ដ៏​ធំ​នេះ នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នា​ថ្ងៃ​ទី​២៣ ធ្នូ នៅ​មុខ​សាលាខេត្ត​កែប ។

ពិធីបុណ្យ​សមុទ្រ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ចំនួន​៥​លើក​រួច​មក​ហើយ ហើយ​ការ​ប្រារព្ធ​ធ្វើ​ជា​ថ្មី​នៅ​ខេត្ត​កែប​នា​ពេល​ខាង​មុខ​នេះ ក្រោម​ប្រធានបទ « ឆ្នេរសមុទ្រ​បៃតង ៖ អនាគត គឺ​បច្ចុប្បន្ន​» និរន្តរភាព​ទេសចរណ៍​ដើម្បី​អភិវឌ្ឍន៍ ក្រោម​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល​កម្ពុជា ។

ទន្ទឹម​នឹង​ការ​ត្រៀមខ្លួន​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រនា​ពេល​ខាង​មុខ​នេះ ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​កែប បាន​ជួប​ប្រជុំ​ជាមួយ​អាជ្ញាធរ ភាគី​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ដើម្បី​ដាក់​ផែនការ​យុទ្ធសាស្ត្រ​លម្អិត​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​នេះ ។ ជាក់ស្ដែង នៅ

សាលាខេត្ត កាលពី​ថ្ងៃ​ទី​២០ តុលា លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ និង​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប បាន​ដឹកនាំ​ប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជា​ថ្មី​ម្ដងទៀត ដើម្បី​ដាក់​ផែនការ​យុទ្ធសាស្ត្រ​បន្ត​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ ។

ក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ជំរុញ និង​ដាក់​ចេញ​នូវ​ផែនការ​មួយ​ចំនួន សម្រាប់​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧ រួម​មាន ៖

១-​អាជ្ញាធរ​ខេត្ត​ត្រូវ​រៀបចំ​កែ​លម្អ​សោភ័ណ​ភាព​ក្រុងកែប​ឱ្យ​បាន​ស្អាត កាត់​តម្រឹម​ដើមឈើ​តាម​ដងផ្លូវ និង​បាញ់​ភ្លើង​ឱ្យ​មាន​ភាព​ទាក់ទាញ នា​ពេល​រាត្រី ។ ត្រូវ​រៀបចំ​បង្គន់​​អនាម័យ​សាធារណៈ បង្គន់​ចល័ត​ឱ្យ​បាន​គ្រប់គ្រាន់ និង​ត្រូវ​សម្អាត​អនាម័យ​ជា​ប្រចាំ ។ ត្រូវ​ជំរុញ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ឲ្យ​បាន​រួចរាល់​ទាន់​ពេលវេលា សម្រាប់​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ។

២-​ខិតខំ​បណ្តុះបណ្តាល និង​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​នានា ដើម្បី​បម្រើ​ទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ពិសេស​សេវា​ម្ហូប​អាហារ និង​កន្លែង​ស្នាក់​នៅ ។

៣-​ត្រូវ​ខិតខំ​បំផុស និង​ណែនាំ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឲ្យ​រៀបចំ និង​តុបតែង​គេហដ្ឋាន​របស់​​ខ្លួន​ឲ្យ​បាន​ស្អាត សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​ចូលរួម​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៧ ចូល​ស្នាក់​នៅ សំដៅ​ទាញ​ផល​ចំណេញ​ឲ្យ​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ​ផ្ទាល់ ។

៤-​ត្រូវ​រៀបចំ​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ថ្មី​ៗ​ឲ្យ​បាន​ច្រើន​ដើម្បី​បម្រើ និង​ទាក់ទាញ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ឲ្យ​បាន​ច្រើន​កុះករ ។

៥-​ត្រូវ​រៀបចំ​ទស្សនីយភាព​សិល្បៈ ពិព័រណ៍​ភ្លើង សួន​ភ្លើង​ក្រោម​ទឹក ការ​តាំងពិព័រណ៍​ផលិតផល​ទេសចរណ៍ ពាណិជ្ជកម្ម កម្មវិធី​បង្ហោះគោម ការ​បង្ហាញ​សម្លៀក​បំពាក់​កែ​ច្នៃ កម្មវិធី​ជប់លៀង​ឆ្នេរ​ខ្សាច់ សកម្មភាព​កីឡា ការ​បោះ​តង់ និង​កម្មវិធី​សម្អាត​ឆ្នេរ​ឲ្យ​បាន​ល្អ និង​អញ្ជើញ​បណ្តា​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ និង​ខេត្ត​ជា​សម្ព័ន្ធមិត្ត​ចូលរួម​សម្តែង​ផង​ដែរ ។ ចំពោះ​​កម្មវិធី​កីឡា​នេះ​ទៀត​សោត ត្រូវ​រៀបចំ​ប្រភេទ​កីឡា​លើ​ទឹក និង​លើ​ឆ្នេរ​ឱ្យ​បាន​ច្រើន ដូច​ជា ទូកក្តោង ម៉ូតូ​ទឹក និង​ត្រូវ​រៀបចំ​ព្យុហយាត្រា​ឱ្យ​បាន​ល្អ ។

៦-​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ការពារ រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ ឆ្នាំ​២០១៧ ។

៧-​ត្រៀម​រថយន្ត​សង្គ្រោះ និង​ត្រៀម​អ្នក​សង្គ្រោះ​បឋម​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​សង្គ្រោះ​​ជន​រង​គ្រោះ​ដោយ​ប្រការ​ណាមួយ ក្នុង​ឱកាស​ពិធីបុណ្យ​សមុទ្រ ។

៨-​នៅ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន មិន​ត្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​ចោល​សំរាម និង​ក្រដាស​ក្រោម​តុ​ផ្ដេសផ្ដាស​តទៅ​ទៀត​ឡើយ ព្រោះ​ដើម្បី​បំផុសស្មារតី​ស្រឡាញ់​បរិស្ថាន និង​ថែរក្សា​អនាម័យ​ក្នុង​ការ​បរិភោគ និង​រាល់ពេល​ដើរ​កម្សាន្ត ។

៩-​ត្រូវ​រៀបចំ​បង្កើត​ក្រុម​យុវជន​ស្ម័គ្រចិត្ត ដើម្បី​ជួយ​ដើរ​សម្អាត​បរិស្ថាន ក៏​ដូច​ជា​ជួយ​រើស​​សំរាម​ក្នុង​ឱកាស​បុណ្យ​សមុទ្រ ដើម្បី​បង្ហាញ និង​ដាស់​ស្មារតី​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ឲ្យ​ភ្ញាក់រឭក​ពី​បញ្ហា​សំរាម​នេះ ។ ត្រូវ​ខិតខំ​រួម​គ្នា​បង្កើត​ឲ្យ​មាន​ភាព​ស្អាត និង​បៃតង អនាម័យ សណ្តាប់ធ្នាប់​នៅ​តាម​គោលដៅ​ទេសចរណ៍​ឲ្យ​បាន​ល្អ ដើម្បី​ទាក់​ទាញ​ទេសចរ​ឲ្យ​បាន​ច្រើន ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៀត​ថា មន្ទីរ​-​អង្គភាព និង​ភាគី​ពាក់ព័ន្ធ ក៏​ត្រូវ​រៀបចំ​រមណីយ​ដ្ឋាន​ទេសចរណ៍ កែ​លម្អ​សោភ័ណ​ភាព​នៅ​តាម​ដងផ្លូវ និង​ទីធ្លា​សាធារណៈ​នានា ។ ចំណែក​សហគមន៍​ទេសចរណ៍ ក៏​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​ទទួល​ទេសចរ​បាន​ល្អ​ផង​ដែរ ។

តាម​រយៈ​ការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ លោក​រដ្ឋមន្ត្រី​ចង់​ជំរុញ​ឲ្យ​ខេត្ត​កែប ជា​ខេត្ត​គំរូ​ក្នុង​ការ​រៀបចំ​ឲ្យ​ទីក្រុង​មាន​សោភ័ណ​ភាព​ស្អាត និង​បៃតង​ស្រស់បំព្រង ស្រប​តាម​ស្ដង់ដា​អាស៊ាន ដើម្បី​រួមចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ ទេសចរ​ក្នុង​តំបន់ ក៏​ដូច​ជា​ទេសចរ​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ ។

បើ​តាម​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប កន្លង​មក​បាន​លើក​ឡើង​ថា កម្មវិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ គឺ​រំពឹង​ថា នឹង​មាន​មនុស្ស​មក​លេង​កម្សាន្ដ​ចូល​ខ្ទង់លាន​នាក់ ព្រោះ​នឹង​មានកម្ម​វិធី​សម្តែង​សិល្បៈ​របាំ កីឡា​លើ​ខ្សាច់ លើ​ទឹក និង​មាន​ល្បែង​ជា​ច្រើន​ប្រភេទ​ទៀត ដូច​ជា​ហត្ថពល​កម្ម​ជាដើម ហើយ​ខេត្ត​ពុំ​ទាន់​មាន​សមត្ថភាព​ផ្គត់ផ្គង់​សណ្ឋាគារ និង​ផ្ទះសំណាក់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ គឺ​មាន​តែ​ពឹងផ្អែក​លើ​ខេត្ត​ជិតខាង​ប៉ុណ្ណោះ ។

លោក​បាន​ថ្លែង​ថា ៖« ខេត្ត​កែប​មិន​មាន​សមត្ថភាព​ពេញលេញ​ទទួលភ្ញៀវ​ពេល​បុណ្យ​សមុទ្រ ដែល​មាន​មនុស្ស​ពី​២០​ទៅ​៣០​ម៉ឺន​នាក់​បាន​ទេ ខណៈ​កន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​មាន​តែ​ជាង​១​ពាន់​បន្ទប់​ប៉ុណ្ណោះ ។ យើង​មិន​អាច​ធានា​ភ្ញៀវ​ជាង​២​សែន​នាក់​បាន​ទេ ព្រោះ​កន្លង​មក មាន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​រហូត​ដល់​ទៅ​២០​ទៅ​២៥​ម៉ឺន​នាក់ ប៉ុន្តែ​សំណាងល្អ យើង​មាន​ខេត្តកំពត ព្រះ​សីហ​នុ កោះកុង ក៏​ជា​តំបន់​សមុទ្រ​ដែរ អីចឹង​ហើយ​ពួក​គាត់​អាច​ទៅ​សម្រាក​នៅ​ខេត្ត​ជិត​ៗ​បាន និង​មួយ​ចំនួន​ទៀត​សម្រាក​នៅផ្ទះ​ប្រជាពលរដ្ឋ » ។
ទោះបីជា​ខេត្ត​ពុំ​អាច​ផ្គត់ផ្គង់​សណ្ឋាគារ ឬ​ផ្ទះសំណាក់​ឲ្យ​បងប្អូន​ដែល​មក​ចូលរួម​បាន ប៉ុន្ដែ​ពួក​គេ​ក៏​អាច​បោះ​តង់​នៅ​តាម​តំបន់​សាធារណៈ​មួយ​ចំនួន​បាន​ដែរ ដោយ​អាជ្ញាធរ​ខេត្ត​នឹង​ការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់ មិន​ឲ្យ​មាន​បញ្ហា​ណាមួយ​កើតឡើង​ឡើយ ។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា ៖« អ្នក​មក​ទស្សនា​បុណ្យ​សមុទ្រ​មួយ​ចំនួន អាច​បោះ​តង់​សម្រាក​​ជា​ក្រុម​តាម​តំបន់​សាធារណៈ ដែល​ភាគច្រើន​ជា​ក្រុម​យុវជន យុវនារី ហើយ​ខេត្ត​​នឹង​ផ្តល់​ការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ដល់​ពួក​គេ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លេង​សប្បាយ និង​ប្រកបដោយ​សុវត្ថិភាព » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ