ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ថា ​កម្ពុជា​ជា​ប្រទេស​មាន​សក្ដានុពល​សម្រាប់​ដំណាំ​ល្ម៉ើ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ប្រទេស​មាន​សក្តានុពល​សម្រាប់​​​ការ​ដាំ​ដុះ​ដំណាំ​ល្ម៉ើ ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ និង​គុណភាព​ដី​មាន​ភាព​អំណោយ​ផល ។ ប្រធាន​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន​អឹុ​ង សុ​ទ្ធី​គ្រុប…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ប្រទេស​មាន​សក្តានុពល​សម្រាប់​​​ការ​ដាំ​ដុះ​ដំណាំ​ល្ម៉ើ ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ និង​គុណភាព​ដី​មាន​ភាព​អំណោយ​ផល ។

ប្រធាន​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន​អឹុ​ង សុ​ទ្ធី​គ្រុប ខូ​អិ​ល​ធី​ឌី លោក ឡេ​ង មុនីនាថ បាន​និយាយ​នា​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ថា ដំណាំ​ល្ម៉ើ​មិនមែន​ជា​រុក្ខជាតិ​ចេះ​តែ​ដាំ​ដុះ​បាន​គ្រប់​ប្រទេស​ទេ ក្នុង​នោះ​សម្រាប់​ប្រទេស​អាស៊ាន មាន​តែ​ថៃ កម្ពុជា ភូមា និង​ឡាវ​ប៉ុណ្ណោះ ដែល​មាន​អាកាសធាតុ​អំណោយផល​ដល់​ដំណាំ​ប្រភេទ​នេះ ។

លោក​បាន​បន្ត​ថា ដើម្បី​ជំរុញ​បង្កើន​សក្តានុពល​ដាំ​ដុះ​ដំណាំល្ម៉ើ​នៅ​កម្ពុជា ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​មក​ពី​ប្រទេស​ថៃ ដែល​ជា​សមាគម​មាន​សក្តានុពល​មួយ​នៅ​ក្នុង​ការ​ដាំ​ដុះ និង​ឈានមុខ​គេ ខណៈ​ដែល​ពិភពលោក​កំពុង​ឲ្យ​តម្លៃ​ដំណាំ​នេះ ។

លោក​បន្ត​ថា ៖« បច្ចុប្បន្ន យើង​មាន​ដៃគូ​យ៉ាង​ល្អ​ក្នុង​ការ​គាំទ្រ​ជា​លក្ខណៈ​បច្ចេកទេស និង​ផ្តល់​នូវ​បទ​ពិសោធន៍​ផ្សេង​ៗ ដែល​អាច​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា ជា​អ្នក​ដាំ​ដំណាំ​ល្ម៉ើ​ទទួល​បាន​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់ » ។

លោក Anurak Boolue អគ្គនាយក​ក្រុមហ៊ុន Kachannabori និង​ជា​ប្រធាន​សមាគម​ល្ម៉ើ​​ប្រទេស​ថៃ បាន​លើក​ឡើង​ថា បច្ចុប្បន្ន ទីផ្សារ​ដំណាំ​នេះ​កំពុង​មាន​សក្តានុពល​នៅ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ។ បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​នេះ ក៏​មិន​អាច​ចេះ​តែ​ដាំ​ដុះ​ល្ម៉ើ​​បាន​គ្រប់​ប្រទេស​ដែរ ។ ជាក់ស្តែង នៅ​ក្នុង​ប្រទេស​ថៃ​ផ្ទាល់ គឺ​អាច​ដាំ​ដុះ​បាន​តែ​នៅ​ភាគ​កណ្តាល ភាគ​ខាងត្បូង និង​ភាគ​ខាងជើង​ប៉ុណ្ណោះ ពោល​គឺ​ស្រ​ដៀង​នឹង​ប្រទេស​កម្ពុជា​ផង​ដែរ ។

លោក​បន្ត​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​ថៃ​បាន​នាំ​ផលិតផល​ល្ម៉ើ​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី ដែល​ជាទី​ផ្សារ​យ៉ាង​ធំ​សម្រាប់​តម្រូវការ​របស់​ជនជាតិ​មូ​ស្លី​ម ព្រោះ​ប្រទេស​ទាំង​ពីរ​នោះ​មិន​អាច​ដាំល្ម៉ើ​​បាន​ឡើយ ។

ពូជ​ល្ម៉ើ​នៅ​លើ​ពិភពលោក មាន​ប្រមាណ​ជា​៧០០​ប្រភេទ​ដែល​កំពុង​ដាំ​ដុះ ប៉ុន្ដែ​មិនមែន​ពូជ​ទាំងនោះ​សុទ្ធតែ​អាច​ដាំ​ដុះ​បាន​គ្រប់​ស្ថានភាព​អាកាសធាតុ​នៃ​បណ្ដា​ប្រទេស​នីមួយ​ៗ​ទេ ។ ចំពោះ​អ្នក​ចង់​វិនិយោគ​លើ​ដំណាំ​នេះ ប្រសិនបើ​ការ​ជ្រើសរើស​ប្រភេទ​ពូជ​មិន​ត្រឹមត្រូវ អ្នក​ដាំ​នឹង​ខាតបង់​ទាំង​ថវិកា កម្លាំង​ពលកម្ម និង​ពេលវេលា​ដោយ​អសារ​បង់ ប៉ុន្ដែ​ប្រសិនបើ​យើង​ជ្រើសរើស​ពូជ​ត្រឹមត្រូវ​វិញ​នោះ នឹង​ទទួល​បាន​ផល​ចំណេញ​ខ្ពស់ បន្ទាប់​ពី​ដាំ​បាន​រយៈពេល​៣​ឆ្នាំ ។

បើ​តាម​អ្នកជំនាញ កម្ពុជា ជា​ប្រទេស​ទទួល​ឥទ្ធិពល​ខ្យល់មូសុង ដែល​មាន​អាកាសធាតុ​ក្ដៅ​ហើយ​មាន​សំណើម ។ ដូច្នេះ អ្នកជំនាញ​បច្ចេកទេស​ដាំ​ដំណាំ​ល្ម៉ើ​​របស់​ក្រុមហ៊ុន​អឹុង សុ​ទ្ធី គ្រុប បាន​ណែនាំ​កសិករ​ខ្មែរ​ឲ្យ​ជ្រើសរើស​យក​ពូជ​ប្រភេទ KL1 និង Barhee មក​ដាំ​ដុះ ទើប​ជា​ការ​ប្រសើរ ព្រោះ​ជា​ពូជ​សម​ស្រប​នឹង​អាកាសធាតុ និង​សីតុណ្ហភាព​សម្រាប់​ប្រទេស​កម្ពុជា ។ ទោះបី​យ៉ាងណា​ក៏​ដោយ ការ​ដាក់ចិត្ត​វិនិយោគ​លើ​ដំណាំ​នេះ គឺ​ត្រូវ​ចំណាយ​កម្លាំង​មើលថែ​ឲ្យ​បាន​ដិត​ដល់ បើ​ពុំនោះ​ទេ មិន​អាច​ទទួល​បាន​ផល​ក្នុង​រយៈ​ពេល​​៣​ឆ្នាំ ដូច​ការ​គ្រោងទុក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ