ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស៊ីវ បូ​រិ​ន បណ្ដុះ​ផ្សិត​លក់​មាន​ប្រាក់​ចំណូល និង​ជីវភាព​យ៉ាង​សមរម្យ

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​ការងារ​ស្រែ​ចម្ការ កសិករ​ឈ្មោះ ស៊ីវ បូ​រិ​ន រស់នៅ​ភូមិ​កែង​តា​សុក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង បាន​ប្រកប​របរ​មួយទៀត…

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​ការងារ​ស្រែ​ចម្ការ កសិករ​ឈ្មោះ ស៊ីវ បូ​រិ​ន រស់នៅ​ភូមិ​កែង​តា​សុក ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង បាន​ប្រកប​របរ​មួយទៀត គឺ​ការ​បណ្តុះ​ផ្សិត​លក់ ដែល​អាច​ឱ្យ​ជីវភាព​គ្រួសារ​របស់​លោក​បាន​ធូរធារ​មួយ​កម្រិត ថែម​ទាំង​សល់​ប្រាក់​ទិញ​ស្រែ និង​មាន​ម៉ូតូ​ថ្មី​ជិះ​ដូច​គេ​ដូច​ឯង ។

កសិក​រូប​នេះ​បាន​ចាប់​មុខរបរ​ដាំ​ផ្សិត​នេះ នៅ​ឆ្នាំ​២០១០ ដែល​គិត​មក​ដល់​ពេល​នេះ​ជាង​៧​ឆ្នាំ​ហើយ ។ ការ​ចេះ​លើ​មុខរបរ​នេះ លោក​មិន​បាន​ទៅ​រៀន​នៅ​សាលា ឬ​ក៏​អង្គការ​ណា​នោះ​ទេ គឺ​បាន​ទៅ​រៀន​ធ្វើ​ពី​ម្តាយធំ​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​អ្នក​បណ្តុះ​ផ្សិត​យ៉ាង​ធំ ហើយ​ពេល​រៀន​ចេះ ក៏​បាន​ត្រឡប់​មក​ស្រុក​កំពង់លែង​វិញ​ដើម្បី​បណ្តុះ​ផ្សិត​ដោយ​ខ្លួន ឯង ។

កសិករ ស៊ីវ បូ​រិ​ន រៀបរាប់​ថា ៖« ពេល​ចាប់ផ្តើម​ធ្វើ​ដំបូង ខ្ញុំ​គ្រាន់តែ​សាកល្បង​ចំណាយ​ដើមទុន​តិច​ទេ ប៉ុន្តែ​ក្រោយ​ពី​ទទួលលទ្ធផល​ល្អ​ប្រសើរ ទើប​ពង្រីក​មុខរបរ​នេះ​ម្តង​បន្តិចៗ រហូត​ដល់​បច្ចុប្បន្ន » ។

លោក​បន្ដ​ថា នៅ​ស្រុក​កំពង់លែង​នេះ កាលពីមុន​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​អ្នក​បណ្តុះ​ផ្សិត ប៉ុន្តែ​បាន​កើនឡើង​ម្នាក់​ទៀត​ហើយ​ក្នុងឆ្នាំនេះ ។

លោក បូ​រិ​ន បញ្ជាក់​ថា ៖« ចាប់តាំងពី​ប្រកប​របរ​ដាំ​ផ្សិត​នេះ​មក ជីវភាព​គ្រួសារ​ខ្ញុំ​បាន​ធូរធារ​មួយ​កម្រិត ទិញ​បាន​ដី ម៉ូតូ និង​សល់​ប្រាក់​ខ្លះ​សម្រាប់​កូន​រៀនសូត្រ ។ បច្ចុប្បន្ន ទីផ្សារ​ផ្សិត​មិន​ពិបាក​ទេ មាន​ម៉ូយ​មក​យក​ដល់​ផ្ទះ ដោយ​បោះ​ដុំ​បាន​១​គីឡូក្រាម​៧.០០០​រៀល ហើយ​ក្នុង​១​ថ្ងៃ ខ្ញុំ​កាត់​បាន​ពី​៥​ទៅ​៦​គីឡូក្រាម​ទៅ​ជាង​១០​គីឡូក្រាម » ។
លោក​អះអាង​ថា ផ្សិត​របស់​លោក​គ្មាន​ជាតិ​គីមី​ទេ ព្រោះ​ធ្វើ​ដោយ​ខ្លួនឯង ហេតុនេះ​ហើយ​ទើប​មាន​ម៉ូយ​ដែល​គាត់​ទុកចិត្ត​មក​ប្រមូល​ទិញ​យក​ជា​ប្រចាំ ។

ទន្ទឹម​នឹង​នេះ លោក ស៊ីវ បូ​រិ​ន បាន​ប្រាប់​ពី​វិធី​បណ្តុះ​ផ្សិត​នោះ​ថា បញ្ហា​លំបាក​នោះ គឺ​ការ​ទៅ​ទិញ​អាចម៍រណារ​ដើម​កៅស៊ូ ពី​ខេត្តកំពង់ចាម ហើយ​យក​មក​លាយ​ជាមួយ​កំបោរ និង​កន្ទក់ ច្របល់​ចូល​គ្នា​រួច​ផ្អាប់ និង​យក​ទៅ​ចំហុយ រួច​ដាក់​មេ ។ បន្ទាប់​មក យក​ទៅ​ដាក់​បន្ទំ ទើប​យក​មក​ដាក់​ឱ្យ​វា​ដុះ​រហូត​ដល់​បាន​ផល ប៉ុន្ដែ​ពេល​ខ្លះ ក៏​ធ្វើ​ទៅ​អាច​ខុស​បច្ចេកទេស ឬ​ជួប​បញ្ហា​ខ្លះ​ៗ​ដែរ​មិន​អាច​ឱ្យ​ផ្សិត​ដុះ​បាន​ល្អ​ទេ ។

លោក​គិត​ថា ៖« នៅ​ថ្ងៃ​អនាគត ខ្ញុំ​ចង់​ពង្រីក​មុខរបរ​បណ្តុះ​ផ្សិត​ឱ្យ​ធំ​ជាង​នេះ ប៉ុន្តែ​អ្វី​ដែល​បារម្ភ​នោះ គឺ​បញ្ហា​ទីផ្សារ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ