ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣នាក់ចង់គេចពីគ្រោះថ្នាក់​ សុខចិត្ត​លោតចូលទឹក តែ​អកុសល​ដដែល

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ក្មេង​ទំនើង​ពីរ​ក្រុម ​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​លើ​ស្ពាន​ព្រែក​កំពង់បាយ ហៅ​ស្ពានថ្ម​ថ្មី បណ្តាល​ឱ្យ​ភាគី​ម្ខាង​ដែល​មាន​គ្នា​បី​នាក់ ដែល​កំពុង​ឈរ​ចាំ​មិត្តភក្តិ​នៅ​លើ​ស្ពាន បាន​លោត​ចុះ​ទឹក​ទាំង​បី​នាក់​ដើម្បី​គេចខ្លួន​ឱ្យ​ផុត​ពីមុខ​ដាវ​សា​ម៉ូ​រ៉ៃ​ពី​ភាគី​ដែល​ដេញ​កាប់ ។ ការ​លោតទឹក​នេះ​…

ខេត្តកំពត ៖ ក្មេង​ទំនើង​ពីរ​ក្រុម ​បាន​បើក​ឆាកប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​លើ​ស្ពាន​ព្រែក​កំពង់បាយ ហៅ​ស្ពានថ្ម​ថ្មី បណ្តាល​ឱ្យ​ភាគី​ម្ខាង​ដែល​មាន​គ្នា​បី​នាក់ ដែល​កំពុង​ឈរ​ចាំ​មិត្តភក្តិ​នៅ​លើ​ស្ពាន បាន​លោត​ចុះ​ទឹក​ទាំង​បី​នាក់​ដើម្បី​គេចខ្លួន​ឱ្យ​ផុត​ពីមុខ​ដាវ​សា​ម៉ូ​រ៉ៃ​ពី​ភាគី​ដែល​ដេញ​កាប់ ។ ការ​លោតទឹក​នេះ​ ពីរ​នាក់​បាន​ហែល​ឡើង​មក​លើ​ច្រាំង​វិញ រីឯ​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​ទៅ​ក្នុង​ទឹក​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ តុលា ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២ ​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ តុលា នៅ​ចំណុច​លើ​ស្ពានថ្ម​ព្រែក​កំពង់បាយ ស្ថិត​នៅ​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ។ បើ​តាម​ភាគី​ជន​រង​គ្រោះ​ឈ្មោះ អូន តេ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ ពួក​ខ្លួន​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង ចេញ​មក​ពី​លេង​វត្ត​អង្គ​គ្រឹ​ស្នា ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ តុលា ។

ពេល​មក​ដល់​ក្រុង​កំពត​ត្រង់​ចំណុច​ខាងត្បូង​សាលាខេត្ត បាន​នាំ​គ្នា​ហាត់ប្រាណ​រហូត​ដល់​ម៉ោង​២​និង​៣០​នាទី​ថ្ងៃ​ដដែល​ទើប​ឈប់​ហាត់​ក៏​ជិះ​ម៉ូតូ​មក​រក​កន្លែង​ចាក់​សាំង ។ ពេល​ជិះ​ម៉ូតូ​មក​ដល់​លើ​ស្ពាន​មិត្តភក្តិ​បី​នាក់​បាន​ចុះ​ចាំ​ពួក​គេ​នៅ​ទីនោះ ហើយ​ឱ្យ​ម៉ូតូ​ដែល​ទៅ​ចាក់​សាំង​ទាំង​ពីរ​ចាក់​រួច​ចាំ​មក​ដឹក​ពួក​គេ​ទៅ​ផ្ទះ​វិញ ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ពេល​ពួក​ខ្លួន​ទៅ​ចាក់​សាំង​ម៉ូតូ​រួច​ត្រឡប់​មក​យក​មិត្តភក្តិ​វិញ ស្រាប់តែ​បាត់​ពួក​គេ​ទាំង​បី​នាក់ ហើយ​ឃើញ​ម៉ូតូ​ក្រុម​ជន​ទំនើង​ជិះ​ត្រឡប់​ចុះ​ត្រឡប់​ឡើង មិនដឹង​ថា​មាន​បំណង​អ្វី​ទេ ។ លុះ​បាត់​មិត្តភក្តិ​មិនឃើញ​ក៏​ស្រែកហៅ​ផង ដើរ​រក​ផង​ក៏​ឃើញ​មិត្តភក្តិ​ម្នាក់​ហែល​ទឹក​នៅ​ឱប​សសរស្ពាន និង​ម្នាក់​ទៀត​ហែល​ទៅ​ឡើង​នៅ​ខ្យូ​សហា​ង​តា​ឪ​ក៏​ហៅ​ឡើង​មក រីឯ​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​រក​មិនឃើញ ។ បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ពួក​ខ្លួន​បានឃើញ​សមត្ថកិច្ច​នៅ​យាម​ក្បែរ​ស្ពាន​ជួយ​អន្តរាគមន៍​រាយការណ៍​ដល់​កម្លាំង​អធិការដ្ឋាន​ក្រុង​មក​នាំ​ក្រុម​ខ្លួន​ដែល​នៅ​សល់​គ្នា​៥​នាក់​ទៅ​កាន់​អធិការដ្ឋាន​ក្រុង​ដើម្បី​សួរនាំ​បន្ទាប់​ពី​មាន​ហេតុការណ៍នោះ​មក ។

សមត្ថកិច្ច​នគរបាល​ក្រុង​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាន​បាត់​ខ្លួន​ក្នុង​ទឹក​ឈ្មោះ សេង អ៊ា​នភេទ​ប្រុស អាយុ​១៩​ឆ្នាំ ឯ​ភាគី​ក្រុម​ជន​ទំនើង​មាន​គ្នា​៨​នាក់ ។ ករណី​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​និង​ក្តាប់​បាន​មុខសញ្ញា​ខ្លះ​ៗ​ហើយ ។ មន្ត្រី​សមត្ថកិច្ច​និយាយ​ថា មិនដឹង​ជា​មាន​មូលហេតុ​អ្វី​ទេ តែបើ​តាម​ការ​ពិនិត្យ​លើ​ក្រុម​ទាំង​២​គឺជា​ក្រុម​ក្មេង​ទំនើង​ដើរ​លេង​យប់​និង​ធ្លាប់​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​ហើយ​ទើប​ឈាន​ដល់​ដេញ​កាប់​ប្រហារ​គ្នា​បែប​នេះ​។

ទោះជា​បែប​ណា ក្រុម​ដែល​ដេញ​កាប់​ក្រុម​ម្ខាង​ទៀត​ឱ្យ​ជួប​គ្រោះថ្នាក់​គឺជា​អ្នក​ខុស ។
ព័ត៌មាន​ចុង​ក្រោយរហូត​មក​ដល់​ម៉ោង​៤​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២២ តុលា សព​យុវជន​ដែល​បាត់​ខ្លួន​ត្រូវ​បាន​រក​ឃើញ​នៅ​ចំណុច​ក្រោម​ស្ពាន​ដែល​លោត​។ សព​មាន​ស្នាម​មុត​នឹង​វត្ថុ​រឹង ៕