ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​រូបិយប័ណ្ណ​ចិន​មិន​អាច​ដឹកនាំ​ពិភពលោក​បាន ?

6 ឆ្នាំ មុន

នៅ​ពេល​អា​មេ​រិ​ក​ដកខ្លួន​ពី​ពិភពលោក ប្រព័ន្ធ​រូបិយ​វត្ថុ​អន្ដរជាតិ​ប្រហែលជា​ផ្លាស់​ប្តូរ ប៉ុន្តែ​អាច​មិនមែន​ដឹកនាំ​ដោយ​រូបិយប័ណ្ណ​យន់​របស់​ចិន​ទេ ។ នៅ​ក្នុង​រឿង Blade Runner 2049 បង្ហាញ​ថា រយៈពេល​៣២​ឆ្នាំ​ទៀត…

នៅ​ពេល​អា​មេ​រិ​ក​ដកខ្លួន​ពី​ពិភពលោក ប្រព័ន្ធ​រូបិយ​វត្ថុ​អន្ដរជាតិ​ប្រហែលជា​ផ្លាស់​ប្តូរ ប៉ុន្តែ​អាច​មិនមែន​ដឹកនាំ​ដោយ​រូបិយប័ណ្ណ​យន់​របស់​ចិន​ទេ ។

នៅ​ក្នុង​រឿង Blade Runner 2049 បង្ហាញ​ថា រយៈពេល​៣២​ឆ្នាំ​ទៀត រាប់​ពី​ឥឡូវនេះ​ទៅ ទីក្រុង Los Angeles នឹង​មាន​រូបរាង​ដូច​ទីក្រុង​ធំ​ៗ​របស់​ចិន​នា​ពេល​បច្ចុប្បន្ន ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ផ្សែង​ខ្មៅ​បំពុលបរិស្ថាន គ្របដណ្ដប់​ដោយ​អគារ​ខ្ពស់​ៗ និង​ពោរ​ពេញ​ទៅ​ដោយ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ។

តើ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​តែ​មាន​ឥទ្ធិពល​លើ​ពិភពលោក ឬ​រូបិយប័ណ្ណ​ចិន​បាន​យកឈ្នះ​រួច​ទៅ​ហើយ ឬ​ក៏​មាន​រូបិយប័ណ្ណ​ផ្សេង​ទៀត​កើនឡើង រហូត​អាច​ដឹកនាំ​ពិភពលោក​ទាំងមូល ?

ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump ហាក់​ធានា​ថា អា​មេ​រិ​កបាន​ដកថយ យ៉ាង​ហោច​ណាស់​មួយ​ផ្នែក​ពី​តួនាទី​ជា​អ្នកដឹកនាំ​សកល ។ សព្វ​ថ្ងៃនេះ ពិភពលោក​គួរ​រំពឹង​ថា ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នឹង​នៅ​តែ​ជា​រូបិយប័ណ្ណ​បម្រុង​ដ៏​សំខាន់ ដែល​បាន​ប្រើ​ដើម្បី​ធ្វើ​វិក្កយបត្រ និង​ទូទាត់​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​សម្រាប់​រយៈពេល​ដ៏​យូរ​ខាង​មុខ ។ ប៉ុន្តែ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្តរជាតិ តំណែង​ប្រាក់​ដុល្លារ​ប្រហែលជា​គ្មាន​សុវត្ថិភាព​ទេ ។

សំណួរ​គឺ តើ​ចុងបញ្ចប់​នៃ​ប្រាក់​ដុល្លារ គឺជា​ការ​កើនឡើង​នៃ​រូបិយប័ណ្ណ​ចិន​ឬ ? ស្រប​នឹង​សេដ្ឋវិទូ​លោក Barry Eichengreen បាន​ព្យាករ ។

អ្នក​បង្កើត​គោលនយោបាយ​របស់​ចិន​សង្ឃឹមថា នឹង​អភិវឌ្ឍន៍​តួនាទី​រូបិយប័ណ្ណ​ចិន​ក្នុង​ហិរញ្ញវត្ថុ​អន្តរជាតិ ដើម្បី​ពង្រឹង​ជំហរ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន ចាប់ពី​ឆ្នាំ​១៩៩០​មក ។ នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ថ្នាក់ដឹកនាំ​ចិន​បាន​ប្រឹងប្រែង​រួម​គ្នា​ដើម្បី​បំពេញ​នូវ​មហិច្ឆតា​នេះ ជា​ពិសេស តាម​រយៈ​ការ​ធ្វើ​ឲ្យ​រូបិយប័ណ្ណ​ចិន​មាន​លក្ខណៈ​អន្តរជាតិ ។

ប៉ុន្តែ​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​រូបិយប័ណ្ណ​ចិន មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទេ កុំ​ថា​ឡើយ​អា​មេ​រិ​ក​។ រូបិយប័ណ្ណ​ចិន​នៅ​តែ​តាម​ពីក្រោយ​តម្លៃ​រូបិយប័ណ្ណ​បម្រុង​ផ្សេង​ទៀត ដូច​ជា ប្រាក់​ដុល្លារ ប្រាក់​អឺ​រ៉ូ ប្រាក់​យេ​ន​ជប៉ុន និង​ផោន​អង់គ្លេស ។

ហេតុផល​មួយ​នៃ​ភាព​ទន់ខ្សោយ​របស់​រូបិយប័ណ្ណ​ចិន​ក្នុង​ហិរញ្ញវត្ថុ​អន្តរជាតិ ទោះបីជា​វា​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​តាំងពី​ឆ្នាំ​២០១០​ក៏​ដោយ ក៏​វា​នៅ​តែ​ជា​រូបិយប័ណ្ណ​អន្តរ​ជាតិ​មិន​ពេញលេញ ។ រូបិយប័ណ្ណ​ចិន​មិន​ច្បាស់លាស់ និង​មិន​អាច​ដូរ​នៅ​ទីផ្សារ​ក្រៅ​ប្រទេស​ឡើយ​។ ជា​លទ្ធផល វា​មាន​សារសំខាន់​តិចតួច​ណាស់ សម្រាប់​វិនិយោគិន​អន្ដរជាតិ ។

សូ​ម្បី​តែ​ប្រទេស​ចិន​ផ្ទាល់ ក៏​ប្រើប្រាស់​រូបិយប័ណ្ណ​របស់​ខ្លួន​បាន​ត្រឹម​ប្រហែល​១​ភាគ​៤​នៃ​ពាណិជ្ជកម្ម​អន្ដរជាតិ​ប៉ុណ្ណោះ ហើយ​ហិរញ្ញវត្ថុ​អន្តរជាតិ​ក្នុង​ប្រទេស​នេះ​នៅ​តែ​ប្រើប្រាស់​ប្រាក់​ដុល្លារ ។ ក្រុមហ៊ុន​ចិន​ដូច​ជា Alibaba, Baidu និង Tencent បាន​ចុះបញ្ជី​នៅ​ទីក្រុង​ញូ​វ​យ៉​ក ឬ​ហុងកុង ជា​កន្លែង​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ឬ​ដុល្លារ​ហុងកុង ។ ប្រាក់​កម្ចី​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ការ​វិនិយោគ​ក្រៅប្រទេស​ភាគច្រើន​របស់​ចិន គឺ​គិត​ជា​ប្រាក់​ដុល្លារ ។

ហេតុផល​មួយ​ដែល​យើង​មិន​គួរ​រំពឹង​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ នឹង​ដឹកនាំ​ដោយ​រូបិយ​ប័ណ្ណ​ចិន ព្រោះ​មេដឹកនាំ​ចិន​មិន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​អភិវឌ្ឍន៍​ប្រាក់​យន់​ក្លាយជា​ជម្រើស​​ពិតប្រាកដ​ជាង​ប្រាក់​ដុល្លារ​ទេ ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បន្ត​ប្រើ​វិធីសាស្ត្រ​សហ​ប្រតិបត្តិការ​មួយ​ដើម្បី​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​រូបិយ​វត្ថុ​អន្ដរជាតិ ដែល​ពួក​គេ​អះអាង​ថា មិន​គួរ​ពឹងផ្អែក​លើ​រូបិយប័ណ្ណ​ប្រទេស​ណាមួយ​ឡើយ ។

ទោះជា​យ៉ាងណា ដើម្បី​កសាង​ប្រព័ន្ធ​ពហុ​រូបិយប័ណ្ណ​មួយ ពិភពលោក​ត្រូវធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​អន្តរជាតិ​ដ៏​ទូលំទូលាយ ។ នេះ​ជា​ចំណុច​មួយ​ដែល​លោក Zhou Xiaochuan អភិបាល​ធនាគារ​ប្រជាជន​ចិន បាន​និយាយ​នៅ​ឆ្នាំ​២០០៩ ប្រឆាំង​នឹង​គំនិត​ថា មាន​តែ​ការ​ប្រើប្រាស់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ទើប​អាច​ធានា​ដំណើរការ​ប្រព័ន្ធ​រូបិយ​វត្ថុ​អន្ដរជាតិ ៕

ប្រភពពី ៖ www.project-syndicate.org

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ