ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បី​អយ​ស្ទ័​រ​ប៉ូវ​កម្លាំង តែ​អ្នករក​ប្រៀប​ដូច​រាវ​ម្ជុល​ក្នុង​បាតសមុទ្រ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ « ជម្រៅ​ទឹក​៧​ទៅ​៨​ម៉ែត្រ​ក្នុង​បាតសមុទ្រ វា​មិន​ជ្រៅ​ទេ​សម្រាប់​អ្នករក​អយ​ស្ទ័​រ​ដូច​ខ្ញុំ តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​បំផុត​នោះ គឺ​នៅ​បាតសមុទ្រ​មាន​សត្វ​អ​សិរ​ពិស និង​ជួន​កាល អាកាសធាតុ​មិន​អាណិត​យើង​ទេ មួយប៉ប្រិចភ្នែក…

ខេត្តកំពត ៖ « ជម្រៅ​ទឹក​៧​ទៅ​៨​ម៉ែត្រ​ក្នុង​បាតសមុទ្រ វា​មិន​ជ្រៅ​ទេ​សម្រាប់​អ្នករក​អយ​ស្ទ័​រ​ដូច​ខ្ញុំ តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​បំផុត​នោះ គឺ​នៅ​បាតសមុទ្រ​មាន​សត្វ​អ​សិរ​ពិស និង​ជួន​កាល អាកាសធាតុ​មិន​អាណិត​យើង​ទេ មួយប៉ប្រិចភ្នែក វា​ប្រែជា​ខ្មៅ​អាច​មាន​រលក​វាយ​ពន្លិច​យើង​បាន ។ អារម្មណ៍​មួយ​នេះ​គ្មាន​អ្នក​ណា​នឹកឃើញ​ក្រៅពី​ក្រុម​គ្រួសារ​ដែល​កំពុង​​អង្គុយ​លើ​ទូក​រង់ចាំ​យើង​នោះ​ទេ » ។ នេះ​ជា​សម្ដី​ពិត​របស់​យុវជន​ប្រកបរ​បរជា​អ្នករក​អយ​ស្ទ័​រ​មួយ​រូប ដែល​រស់នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ។

ជា​រៀងរាល់ថ្ងៃ ជីវ ធានី បាន​ចាក​ចេញពីផ្ទះ​នៅ​ព្រឹក​ព្រលឹម​ដើម្បី​ទៅ​រក​អយ​ស្ទ័​រ​មក​លក់​គ្រាន់​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ យុវជន​ធានី តែងតែ​ចុះ​ទៅ​បាតសមុទ្រ​ជម្រៅ​៧​ទៅ​៨​ម៉ែត្រ រយៈពេល​១​ម៉ោង​ទើប​ងើប​មក​លើ​ផ្ទៃ​ទឹក​ម្ដង ដោយ​មាន​ឧបករណ៍​ខ្យល់​អុកស៊ី​ហ្សែន និង​ពាក់​ជើង​ទា ដើម្បី​ចោះ​យក​អយ​ស្ទ័​រ ។

អ្វី​គួរ​អនិច្ចា​នោះ រយៈពេល​១​ម៉ោង​ដែល​ធានី កំពុង​នៅ​បាតសមុទ្រ ពុំ​ដឹង​មានរឿង​អ្វី​កើត​ឡើង​ឡើយ ប៉ុន្តែ​មាន​ពាក្យ​មួយ​ឃ្លា​ដែល​ធានី បាន​ប្រាប់​គឺ ៖« បើសិនជា​មាន​បញ្ហា​អ្វី​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​បាតសមុទ្រ គឺ​ខ្ញុំ​មាន​ខ្សែ​ភា្ជ​ប់​ជា​សញ្ញា​ប្រាប់​ថា ខ្ញុំ​មាន​បញ្ហា​ហើយ ឆាប់​ទាញ​ខ្ញុំ​ឡើង​វិញ » ។

យុវជន ជីវ ធានី បាន​រៀបរាប់​ថា ៖« ខ្ញុំ​ដឹង​ថា វា​ជា​មុខរបរ​គ្រោះថ្នាក់​ដល់​ជីវិត ប៉ុន្ដែ​គ្រួសារ​​ខ្ញុំ​ក្រីក្រ​ណាស់ ហើយ​ពុំ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​នោះ​ទេ ហេតុនេះ មាន​តែ​របរ​នេះ​ទេ​ដែល​អាច​ចិញ្ចឹម​គ្រួសារ​ខ្ញុំ​បាន » ។

ជា​អ្នកនេសាទ​រក​អយ​ស្ទ័​រ ត្រូវ​បាន​គ្រប់​គ្នា​នៅ​ទី​នេះ​ហៅ​ថា «​របរ​រាវ​ម្ជុល​ក្នុង​បាត​សមុទ្រ» ព្រោះ​ក្នុង​រយៈពេល​១​ម៉ោង​ដែល​កំពុង​ស្ថិត​នៅ​បាតសមុទ្រ​នោះ គឺ​កំពុង​ហែល​សម្លឹង​រក​មើល​អយ​ស្ទ័​រដែ​លវា​នៅ​ជាប់​នឹង​ថ្ម តែបើ​ចំ​កន្លែង​សម្បូរ​ក៏​រកបាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ ។

« អយ​ស្ទ័​រ​វា​នៅ​តែ​ទឹក​ជ្រៅ​ទេ ហើយ​ខ្លះ​នៅ​ជាប់​នឹង​ផ្ទាំង​ថ្ម និង​ខ្លះ​ទៀត​វា​រស់នៅ​បាត​សមុទ្រ​តែ​ម្ដង ដែល​មានកូន​ខ្យង​តូច​ៗ​ជាប់​នឹង​វា ។ ថ្ងៃ​ខ្លះ ខ្ញុំ​អាច​រកបាន​៧០០​ទៅ​៨០០​គ្រាប់ តែ​ពេល​ខ្លះ​១​ម៉ោង គឺ​ខ្ញុំ​គាស់​បាន​អយ​ស្ទ័​រ​តែ​១​ប៉ុណ្ណោះ ហើយ​ទម្រាំ​បាន​មួយ​នេះ​វេទនាណាស់ » ។ នេះ​បើ​តាម​យុវជន​ធានី បាន​បញ្ជាក់ ។

យុវជន​ដែល​អ្នកនេសាទ​គ្រប់​គ្នា​ហៅ​ថា «​អា​ជ្រូក​» រូប​នេះ​បាន​បន្ដ​ថា ៖« ការ​ដែល​យើង​ចុះ​ទៅ​បាតសមុទ្រ​នោះ គឺ​ត្រូវ​មាន​ឧបករណ៍​ខ្យល់​ជំនួយ និង​មាន​ជើង​ទា​សម្រាប់​ហែល។ ទឹក​ជម្រៅ​៧​ម៉ែត្រ គឺ​វា​មិន​ជ្រៅ​ពេក​ទេ តែ​អ្វី​ដែល​ព្រួយបារម្ភ​នោះ គឺ​ខ្លាច​មាន​បញ្ហា​អ្វី​កើតឡើង​នៅ​ក្នុង​បាតសមុទ្រ​នេះ ទោះបី​យើង​មាន​អ្នក​នៅ​លើ​ទូក​ចាំ​ជួយ​យើង​ក៏​ដោយ ។ នៅ​ក្នុង​បាតសមុទ្រ​មើលទៅ​វា​ស្អាត​ណាស់ ប៉ុន្ដែ​ក៏​គួរ​ឲ្យ​ខ្លាច​ណាស់​ដែរ » ។

យុវជន​ធានី និយាយ​ថា ៖« ជីវិត​ជា​អ្នករក​អយ​ស្ទ័​រ គឺ​មិនសូវ​បាន​ប្រាក់​កម្រៃ​ប៉ុន្មាន​ទេ ហើយ​ក៏​មិនសូវ​មាន​ពេល​សម្រាក​គ្រប់គ្រាន់​ដែរ ព្រឹក​ចេញ ល្ងាច​ចូល ដោយ​អណ្ដែត​ខ្លួន​ទៅ​តាម​ខ្សែទឹក​សមុទ្រ​ដែល​លាតសន្ធឹង​ដាច់​កន្ទុយភ្នែក » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ