ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ស្រូវ​អង្ករ​នឹង​ប្រសើរ​ ក្រោយ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​​3​កន្លែង​ទៀត​ដំណើរការ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ដើមឆ្នាំ​២០១៨ ខាង​មុខ ក្រុមហ៊ុន​ពីរ​ដែល​ទទួល​បានការ​ដេញថ្លៃ សាងសង់​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ដំណើរការ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ ដែល​បាន​សង់​នៅ​ខេត្ត​ចំនួន​៣…

រាជធានី​ភ្នំពេញ ៖ នៅ​ដើមឆ្នាំ​២០១៨ ខាង​មុខ ក្រុមហ៊ុន​ពីរ​ដែល​ទទួល​បានការ​ដេញថ្លៃ សាងសង់​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ដំណើរការ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ ដែល​បាន​សង់​នៅ​ខេត្ត​ចំនួន​៣ ។

ដំណើរការ​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​នេះ នឹង​អាច​ជួយ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ជា​ពិសេស ជួយ​កសិករ​កម្ពុជា​បាន​ច្រើន មិន​ធ្វើ​ឲ្យ​ខូចខាត​ស្រូវ​ដូច​កាលពីមុន​ៗ​ទៀត ។

ក្រុមហ៊ុន​ដែល​ទទួល​បានការ​ដេញថ្លៃ​ឲ្យ​សាងសង់​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​នោះ​រួម​មាន ក្រុមហ៊ុន AmruRice និង Khmer Food​។ ក្នុង​នោះ ក្រុមហ៊ុន Khmer Food ទទួល​បាន​ការ​សាងសង់​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​២​ទីតាំង ដោយ​១​កន្លែង​នៅ​ខេត្តព្រៃវែង និង​មួយ​កន្លែង​ទៀត​នៅ​ខេត្តតាកែវ ។ ឡ​ស​ម្ងួ​ត​នីមួយ​ៗ​អាច​មាន​សមត្ថភាព​ស​ម្ងួ​ត​បាន​១.៥០០​តោន​ក្នុង​១​ថ្ងៃ ចំណែក​ឃ្លាំង​ស្តុក​វិញ​អាច​ស្តុក​បាន​រហូត​ដល់​៥​ម៉ឺន​តោន ។

លោក​ឧកញ៉ា គឹ​ម សា​វុ​ធ ប្រធាន​ក្រុមហ៊ុន​ខ្មែរ​ហ្វូ​ដ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល គម្រោង​ចាប់ផ្ដើម​ដំណើរការ អ្នក​ដែល​ទទួលផល​ប្រយោជន៍​ធំ​ជាងគេ គឺ​កសិករ ព្រោះ​កន្លង​មក ឡ​ស​ម្ងួ​ត​ដែល​មាន​ស្រាប់​នៅ​មាន​កម្រិត ។ ជាក់ស្ដែង នៅ​ពេល​ស្រូវ​របស់​កសិករ​ទុំ​ដំណាលគ្នា មិន​មាន​ឡ​សម្រាប់​ស​ម្ងួ​ត​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កសិករ​បង្ខំចិត្ត​លក់​ស្រូវ​ឲ្យ​ឈ្មួញ​ក្នុងស្រុក ឬ​ឈ្មួញ​ពី​ប្រទេស​ជិតខាង​ក្នុង​តម្លៃ​ទាប ហើយ​បើ​មិន​លក់​ទេ ស្រូវ​នោះ​នឹង​ខូចខាត​កាន់តែ​ធ្ងន់ ។

លោក​ឧកញ៉ា​បន្ត​ថា ៖« ក្រោយ​បញ្ចប់​ការ​សាងសង់​ឡ​ស​ម្ងួ​ត ក៏​ដូច​ជា​ឃ្លាំង​ស្តុក​ស្រូវ​ទាំង​៣​ទីតាំង​នោះ​ហើយ ក្នុង​១​ថ្ងៃ យើង​អាច​ស​ម្ងួ​ត​ស្រូវ​បាន​រហូត​ដល់​ជាង​១​ម៉ឺន​៥០០​តោន បូក​រួម​ជាមួយ​ឡ​ស​ម្ងួ​ត​មាន​ស្រាប់​ដែល​សង់​កន្លង​មក​។ ដូចនេះ ការ​ខូចខាត​ស្រូវ​របស់​ប្រជា​កសិករ នឹង​កាត់​បន្ថយ​ឲ្យ​នៅ​តិច ហើយ​ក៏​អាច​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​របស់​កសិករ​បាន​ខ្ពស់​ជាង​មុន​ផង​ដែរ » ។

លោក​ឧកញ៉ា​បន្ថែម​ថា ការ​នាំ​ចេញ​ស្រូវ​របស់​កម្ពុជា នៅ​ឆ្នាំ​នេះ​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​បន្តិច ដោយសារ​តែ​ស្រូវ​ដែល​រដ្ឋាភិបាល​ថៃ បាន​ប្រកាស​លក់​ឡាយឡុង​កាលពី​ឆ្នាំ​មុន​ៗ​នោះ​ជិត​អស់ពី​ឃ្លាំង ហើយ​គាប់​ជួន​តម្រូវការ​ស្រូវ​ទីផ្សារ​អន្តរជាតិ​កំពុង​មាន​ស្រាប់​​ផង ក៏​បាន​ធ្វើ​ឲ្យ​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​ល្អ​ឡើង​វិញ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក៏​កម្ពុជា​នៅ​តែ​ប្រឈម​បញ្ហា​មួយ​ចំនួន ជាក់ស្ដែង នៅ​ដើមឆ្នាំ កម្ពុជា​ពិបាក​រក​ទីផ្សារ​សម្រាប់​វិស័យ​ស្រូវ​អង្ករ តែ​នៅ​ចុងឆ្នាំ នៅ​ពេល​ទីផ្សារ​អន្តរជាតិ​ត្រូវការ បែរជា​យើង​គ្មាន​អង្ករ​លក់​ឲ្យ​គេ​ទៅ​វិញ ។

លោក​ក៏​បាន​អំពាវនាវ​ដល់​កសិករ​ខ្មែរ សូម​ជ្រើសរើស​ពូជស្រូវ​ណា​ដែល​ងាយស្រួល​ដាំ​ដុះ និង​លក់​បាន​ថ្លៃ ដូច​ជា​ស្រូវ​សែន​ក្រអូប ជា​ប្រភេទ​ស្រូវ​មាន​ទីផ្សារ និង​ងាយស្រួល​ដាំ​ដុះ ។ ដូចនេះ ពលរដ្ឋ​នៅ​ខេត្ត​ផ្សេង​ៗ​គួរតែ​សាកល្បង និង​ស្វែងរក​ពូជស្រូវ​នេះ​ដាំ​ដុះ​ម្ដង ព្រោះ​ពលរដ្ឋ​នៅ​ខេត្តបាត់ដំបង ដែល​បាន​ដាំ​ស្រូវ​ប្រភេទ​នេះ ម្នាក់​ៗ​សុទ្ធតែ​មាន​ជីវភាព​ធូរធារ​ជាង​កសិករ​នៅ​ខេត្ត​ផ្សេង​ៗ ដែល​ដាំ​ដុះ​ស្រូវ​ប្រភេទ​ផ្សេង ។

លោក កៅ ថា​ច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​ឲ្យ​ដឹង​ថា គម្រោង​សង់​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត​ស្រូវ​របស់​កម្ពុជា នឹង​សង់​នៅ​ទីតាំង​៣​កន្លែង នៅ​ក្នុង​ខេត្តកំពង់ធំ ព្រៃវែង និង​តាកែវ ដោយ​ក្នុង​មួយ​ទីតាំង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ​៥​លាន​ដុល្លារ​អា​មេ​រិ​ក ដូចនេះ សរុប​ទាំង​៣​ទីតាំង​ត្រូវ​ចំណាយ​អស់​១៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ថា ៖« ឡ​ស​ម្ងួ​តនៃ​គម្រោង​នេះ នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៨​ខាង​មុខ តែ​សម្រាប់​ឃ្លាំង​នឹង​ដំណើរការ​នៅ​ពេល​បន្ទាប់​។ តាម​រយៈ​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត ដែល​នឹង​សង់​រួចរាល់​នៅ​ពេល​ខាង​មុខ​នេះ នឹង​អាច​ជួយ​ស្តុក និង​ស​ម្ងួ​ត​ស្រូវ​របស់​ប្រជា​ពលរដ្ឋ​បាន​ច្រើន ។ ជាក់ស្ដែង មួយ​ទីតាំង​អាច​ស្តុក បាន​៥​ម៉ឺន​តោន ដូចនេះ ៣​ទីតាំង​នឹង​អាច​ស្តុក​បាន​១៥​ម៉ឺន​តោន ហើយ​ឡ​ស​ម្ងួ​ត​វិញ ទាំង​៣​ទីតាំង​អាច​ស​ម្ងួ​ត​បាន​៤.៥០០​តោន​ក្នុង​១​ថ្ងៃ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​ក៏​នៅ​មិន​តែ​ទាន់​ឆ្លើយ​តប​នឹង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​នៅឡើយ វា​គ្រាន់តែ​អាច​ជំនួយ​បាន​ខ្លះ​ៗ​ប៉ុណ្ណោះ » ។

លោក​បញ្ជាក់​ថា នេះ​ជា​គម្រោង​ទី​២​ហើយ ដែល​រាជរដ្ឋាភិបាល​ចាប់​ដៃគូ​ជាមួយ​ផ្នែក​ឯក​ជន លើ​ការ​កសាង និង​ប្រតិបត្តិការ​ឃ្លាំង​ស្តុក និង​ឡ​ស​ម្ងួ​ត ។ រីឯ​គម្រោង​ទី​១ គឺ​មា​នទី​តាំងនៅ​ខេត្តបាត់ដំបង ដែល​អនុវត្ត​ដោយ​ធនាគារ​ស្រូវ​របស់​លោក​ឧកញ៉ា ភូ ពុ​យ ។
យោង​​តាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បង្ហាញ​ថា ក្នុង​រយៈ​ពេល​៧​ខែ​ដើមឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជាង​៣១​ម៉ឺន​តោន ក្នុង​នោះ​ចិន​ជាទី​ផ្សារ​លំដាប់​ទី​១ ដែល​បាន​នាំ​ចូល​ចំនួន​៩៧.៧៥២​តោន ក្នុង​ចំណោម​ទីផ្សារ​គោលដៅ​៥៦​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ