ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានទូត​អា​មេ​រិ​កថា មិនមែនគ្រាប់បែកគីមីទេ គឺ​គ្រាប់បែក​ឧស្ម័ន​បង្ហូរទឹកភ្នែកទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រា​ជ​ធានី​ភ្នំពេញ ៖ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១៩ ខែតុលា អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន បាន​ធ្វើការ​បដិសេធ​សេចក្តីថ្លែងការណ៍​ក្រោម​ចំណងជើង​ថា «Tear Gas Removal…

រា​ជ​ធានី​ភ្នំពេញ ៖ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១៩ ខែតុលា អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន បាន​ធ្វើការ​បដិសេធ​សេចក្តីថ្លែងការណ៍​ក្រោម​ចំណងជើង​ថា «Tear Gas Removal in Svay Rieng»(​ការ​បោសសម្អាត​គ្រាប់បែក​បង្ហៀរទឹក​ភ្នែក​នៅខេត្តស្វាយរៀង​) ចេញ​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ក្រុងភ្នំពេញ ហើយ​ដែល​ក្នុង​នោះ​បាន​លើក​ឡើង​ក្នុង​ន័យ​បំភ្លៃ​ការ​ពិត និង​បំភ័ន្ត​មតិ​ជាតិ​និង​អន្តរជាតិ​ថា អាជ្ញាធរ​មីន​បានដឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នូវ​គ្រាប់បែក​គីមី ដែល​ទម្លាក់​ដោយ​សហរដ្ឋអាមេរិក​នៅ​ខេត្តស្វាយរៀង​កន្លង​មក ប៉ុន្តែ​ការ​ពិត អាជ្ញាធរ​មីន​ទើបតែ​បាន​ទទួល​ព័ត៌មាន​នៅ​អំឡុង​ខែមករា ឆ្នាំ​២០១៧​នេះ ដែល​រាយការណ៍​ដោយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ ។ សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា យើង​ក៏​បាន​ធ្វើ​ទំនាក់ទំនង​តាម​គ្រប់​មធ្យោបាយ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក ក្នុង​ន័យ​រួម​សហការ​គ្នា​តាម​គោលការណ៍​មនុស្សធម៌ ដើម្បី​ធ្វើការ​លុប​បំបាត់​ការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ ប៉ុន្តែ​ជា​អកុសល យើង​ពុំដែល​បាន​ទទួល​នូវ​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ណាមួយ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ភ្នំពេញ​ឡើយ ។ ក្នុង​ន័យ​រំដោះទុក្ខ​វេទនា​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពីសារ​ធាតុគីមី​ទាំង​អស់នោះ រាជរដ្ឋាភិបាល​បានសម្រេច​ដោយ​មិន​អាច​នៅ​រង់ចាំ​តទៅ​ទៀត ធ្វើការ​បោសសម្អាត​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ២០១៧ ហើយ​យើង​ក៏​បាន​រក​ឃើញ​នូវ​ទីតាំង​ផ្សេង​ៗ​ជា​ច្រើន​កន្លែង​ទៀត​ក្នុងភូមិ​សាស្ត្រ​ដដែល​ដោយសារ​ប្រជាពលរដ្ឋ​១៩​នាក់ ដែល​រង​ផល​ប៉ះពាល់​ពីសា​ធាតុគីមី​ទាំងនោះ ។

អាជ្ញាធរ​មីន​នៅ​តែ​អំពាវនាវ​ដ៏​ទទូច​ឱ្យ​សហរដ្ឋ​អា​មេ​រិ​ក​មាន​វិចារណញ្ញាណ​​ប្រកបដោយ​​មនុស្សធម៌ រួម​សហការ​គ្នា​ក្នុង​ការ​បោសសម្អាតបំផ្លាញ​​នូវ​គ្រាប់បែក​គីមី​ទាំងនោះ​ចេញ និង​បន្ត​បោស​សម្អាត​នៅ​កន្លែង​ផ្សេង​ទៀត ។ ជាមួយ​នេះ ថ្កោលទោស​ដាច់អហង្ការ​រាល់​ការ​ចោទប្រកាន់​នានា នៃ​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ដែល​មាន​ចេតនា​គេចវេះ​ពី​ការ​ទទួលខុសត្រូវ ។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ស្ថានទូត​សហរដ្ឋអាមេរិក​អះអាង​ថា
អាជ្ញាធរ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បានដឹង​ថា មាន​គ្រាប់បែក​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក នៅ​ទីតាំង​ក្នុង​ខេត្តស្វាយរៀង តាំង​តែ​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​ជឿជាក់​ថា អាជ្ញាធរ​កម្ពុជា​ពិតជា​មាន​សមត្ថភាព និង​ធនធាន​ក្នុង​ការ​ដោះ​និង​បំផ្លាញ​គ្រាប់បែក​ទាំងនោះ​បាន​ដោយ​សុវត្ថិភាព និង​មិន​ប្រើ​ពេល​យូរ​ទេ ព្រោះ​អ្នកជំនាញ​ផ្នែក​យោធា​អា​មេ​រិ​ក បាន​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​គ្រាប់បែក​ឧស្ម័ន​នេះ ដល់​មន្ត្រី​ខ្មែរ​រហូត​ដល់​ទៅ​២​លើក គឺ​លើក​ទី​១​នៅ​ឆ្នាំ​២០១៥ និង​លើក​ទី​២ ក្នុង​ឆ្នាំ​២០១៦ ។ មិនតែប៉ុណ្ណោះ មន្ត្រី​យោធា​អា​មេ​រិ​កបាន​ប្រគល់​ឧបករណ៍​មួយ​ឈុត​គ្រប់គ្រាន់ ដើម្បី​ប្រតិបត្តិការ​ដោះ និង​បំផ្លាញ​គ្រាប់បែក​ឧស្ម័ន​ប្រភេទ​នេះ ទៅ​ដល់​កង​យោ​ធពលខេមរភូមិន្ទ​រួច​ហើយ​ដែរ ។ ប្រតិកម្ម​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​ពេល​នេះ ធ្វើ​ឡើង​ទំនង​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ដែល​ចាត់​ទុក​គ្រាប់បែក​ឧស្ម័ន បង្ហៀរ​ទឹកភ្នែក​ទាំងនោះ​ថា ជា​គ្រាប់បែក​គីមី ប៉ះពាល់​ដល់​សុខភាព​កុមារ​ក្នុង​តំបន់​នោះ និង​បាន​បង្ហាញ​សារ​ឆ្ពោះទៅ​រដ្ឋាភិបាល​អា​មេ​រិ​កថា​នេះ​«​ជា​សោកនាដ​កម្ម​នៅ​ស្រុក​ខ្មែរ តើ​គេ​មាន​ដែល​គិត​ពី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឬទេ?​» ។ កាល​ពី​ថ្ងៃ​ទី​១៧ ខែតុលា រាជរដ្ឋាភិបាល បាន​រក​ឃើញ​មនុស្ស​ចំនួន​១៩​នាក់​មាន​រោគ​សញ្ញា​រមាស់​នៅ​ដងខ្លួន និង​មាន​ភាព​មិន​ប្រក្រតី​លើ​រាង​កាយ ហើយ​ពួក​គេ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​មន្ទីរពេទ្យ ខណៈ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ថ្លែង​ថា បាន​រក​ឃើញ​ក្មេង​៣​នាក់​កាលពី​ពេល​ថ្មី​ៗ​នេះ ដែល​កើតមក​ខុស​ប្រក្រតី ។ លោក​អះអាង​ថា បណ្ដាល​មក​ពី​ផល​ប៉ះពាល់​ពី​ការ​សាយភាយ​គ្រាប់បែក​ដែល​លោក​ហៅ​ថា​ជា​គ្រាប់បែក​គីមី​ទាំងនេះ ។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ទៀត​ថា ខ្លួន​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដែល​ជាកេរដំណែល​របស់​ខ្លួន​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម និង​បញ្ជាក់​អំពី​ឆន្ទៈ​ឥត​ប្រែប្រួល​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ទទួលយក​មក​ពិចារណា​នូវ​សំណើ​ដែល​ប្រកបដោយ​ភាព​ស្មោះសរ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រសិនបើ​ចង់​សុំ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​ពិតមែន​នោះ ។ ស្ថានទូត​សហរដ្ឋអាមេរិក​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លង​មកនេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចំណាយ​ថវិកា​មិន​តិច​ជាង​១៣១​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ​ទេ ដើម្បី​ជួយ​រុករក និង​សម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ។ ថវិកា​មួយ​ភាគ​ធំ បាន​យក​ទៅ​ប្រើប្រាស់ សម្រាប់​ដោះ​មីន​របស់​ចិន សូ​វៀត និង​វៀតណាម នៅ​ភាគ​ខាងលិច​ប្រទេស គឺ​នៅ​តាម​ចម្ការ​មីន​ដែល​មាន​គ្រោះថ្នាក់​១០​ដង​លើស​គ្រាប់បែក​ដែល​ទម្លាក់​ដោយ​អា​មេ​រិ​ក​ទៅ​ទៀត ។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ទាក់ទង​នឹង​គ្រាប់បែក​គីមី ដែល​បង្ក​ឱ្យ​មាន​ជំងឺ​មិន​ប្រក្រតី​កើត​មាននៅ​ក្នុង​តំបន់​ដែល​មាន​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក បាន​លើកឡើង​​ថា ក្រសួង​បាន​យកចិត្តទុកដាក់​លើ​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្នុង​តំបន់​ដែល​មាន​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ។ ក្រុមការងារ​របស់​ក្រសួងសុខាភិបាល បាន​ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​រក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​នរក​ឃើញ​ករណី​ជំងឺ​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដែល​មាន​ដូច​ជា សភាព​ជំងឺ​មិន​ប្រក្រតី​រួម​មាន មាត់​វៀច ក្បាល​ធំ និង​ជំងឺ​ស្បែក ។ ចាប់​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៧ មន្ទីរពេទ្យ​គន្ធ​បុប្ផា បាន​ទទួលយក​អ្នកជំងឺ​ជា​កុមារ​ចំនួន​៣​នាក់ និង​មន្ទីរពេទ្យ​បង្អែកខេត្តស្វាយរៀង បាន​ទទួល​អ្នកជំងឺ​ចំនួន​២៩​នាក់ ដែល​ពាក់ព័ន្ធ​ខ្លាំង​ទៅ​នឹង​ការ​ប៉ះពាល់​ពីសារ​ធាតុគីមី ដែល​ជា​សំណល់​គ្រប់​បែក​របស់​សហរដ្ឋអាមេរិក ។

លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង ធ្លាប់​បាន​ថ្លែង​ថា គួរ​ឱ្យ​សង្វេគ​ណាស់​ដែល​កុមារ​៣​នាក់​ទទួល​រង​ទុក្ខវេទនា​ដូច្នេះ ដោយ​ពួក​គេ​ពុំ​ទាន់​បាន​ធ្វើ​អ្វី​ខុស​សោះ ។ តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ​លើ​សោក​នា​កម្មនេះ ? ក្រសួងសុខាភិបាល បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទីតាំង​មាន​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក​បន្សល់​ទុក​យ៉ាង​រាយ​ប៉ាយ ដូច​ខាងក្រោម​នេះ ៖
១-​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រាប់បែក​គីមី​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ
២-​ត្រូវ​ណែនាំ​កូនចៅ មិន​ត្រូវ​រើស​យក​គ្រាប់បែក​គីមី​មក​លេង​ឡើយ
៣-​បើ​មាន​សញ្ញា​ខុស​ប្រក្រតី ឬ​កុមារ​កើតមក​មាន​រូបរាង​ខុស​ប្រក្រតី ត្រូវ​ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត ដើម្បី​ត្រួតពិនិត្យ​សុខភាព និង​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់​ដោយ​មិន​គិតថ្លៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ