ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បិទ​ឡូ​ហ្គោ “M70”​ ដឹក​លើស​ចំណុះ​​ចាប់​ផាក​ពិន័យ​២លាន​៩​សែន​រៀល

15 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ រថយន្ត​ធុន​យក្ស​ភ្លៅ​ប្រាំ​មាន​បិទ​អក្សរ​កង​ដឹក​ជញ្ជូន និង​មាន​បិទ​ឡូ​ហ្គោ “M70” ដែល​ដឹក​ទំនិញ​លើស​ចំណុះ ហើយ​​បើក​បរ​បញ្ច្រាស​ទិស​ផ្លូវ​​ចម្ងាយ​រាប់​រយ​ម៉ែត្រថែម​ទៀត ត្រូវ​បាន​សមត្ថ​កិច្ច​ប៉ូលិស​​ក្រុង​តា​ខ្មៅ និង​មន្ត្រី​សាធា​រណ​ការ​ចាប់​​​​ឃាត់​កាល​ពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៤ មីនា ​ខណៈ​រថយន្ត​នោះ​បើក​ឆ្លង​ស្ពាន​ថ្ម​ព្រែក​ត្នោត​បញ្ច្រាស ។ រថយន្ត​ខាង​លើ​ម៉ាក​នីស្សាន់ក្បាល​​ពណ៌​ប្រផេះ ​ទ្រុង​ពណ៌​ខៀវ ជា​ប្រភេទ​រថយន្ត​យីឌុប​ភ្លៅ​ប្រាំ​ផ្ទុក​ស្ករ​ស​ពេញ​នៅ​លើ​រថយន្ត​ មាន​​បិទ​ ឡូ​ហ្គោ “M70” សរសេរ​អក្សរ​ «រថយន្ត​កង​ដឹក​ជញ្ជូន» ​ពាក់​ស្លាក​លេខ​ ក្រ-ប៉ៃលិន 3A-0116 បើក​បរ​ដោយ​ជន​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ ព្រោះ​ក្រោយ​ពី​សមត្ថ​កិច្ច​ឃាត់​អ្នក​បើក​បរ​បាន​គេច​​ខ្លួន​បាត់​ ។

​មន្ត្រី​ប៉ូលិស​​ចរា​ចរ​​ក្រុង​តា​ខ្មៅ បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ពី​ឃាត់​​រថយន្ត​ខាង​លើ​​នាំ​យក​មក​កាន់​អធិ​ការ​ដ្ឋាន​ ប៉ូលិស​ក្រុង​បាន​សហ​ការ​​ជា​មួយ​អាជ្ញា​ធរ​ក្រុង និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​សាធា​រ​ណ​ការ​​និង​ដឹក​ជញ្ជូន​ខេត្ត ​ធ្វើ​ការ​វាស់​វែង និង​ថ្លឹង​រថយន្ត​ឃើញ​ថា ​រថយន្ត​នោះ​​មាន​ប្រវែង​បណ្តោយ​១២​ម៉ែត្រ ​ជា​ប្រភេទ​រថយន្តយីឌុប​ភ្លៅ​ប្រាំ​មាន​ទម្ងន់​​សរុប​៤៤​តោន គឺ​លើស​ពី​ការ​កំណត់​៩​តោន​​ ដែល​ការ​កំណត់​ឱ្យ​ត្រឹម​​តែ​ទម្ងន់​៣៥​តោន​ប៉ុណ្ណោះ ។ រថយន្ត​ខាង​លើ​​​​ត្រូវ​បាន​សមត្ថ​កិច្ច​​ធ្វើ​ការ​វាយ​តម្លៃ​ និង​ផាក​ពិន័យ​តាម​ច្បាប់​ គឺ​ចំនួន​២​លាន​៩​សែន​​រៀល ប៉ុន្តែ​នៅ​ ព្រឹក​ដដែល​នោះ​ខាង​តំណាង​របស់​ម្ចាស់​រថយន្ត​មិន​ទាន់​ចូល​​ខ្លួន​មក​ធ្វើ​ការ​​ដោះ​ស្រាយ​ជាមួយ​សមត្ថ​កិច្ច​​ជំនាញ​នៅ​ឡើយ​ទេ ។

​មន្ត្រី​ប៉ូលិស​បាន​ឱ្យ​ដឹង​ទៀត​ថា ​នៅ​វេលា​ម៉ោង​ប្រហែល​៩​ព្រឹក ថ្ងៃ​ទី​២៤ ​មីនា រថយន្ត​ខាង​លើ បើក​​បរ​លើ​ផ្លូវ​ជាតិ​លេខ​២​ពី​ត្បូង​មក​ជើង​ លុះ​មក​ដល់​រង្វង់​មូល​តា​ខ្មៅ ​ក៏​បើក​​តាម​ផ្លូវ​បញ្ច្រាស​ទិស ​ពេល​នោះ​ប៉ូលិស​​ចរា​ចរ​នៅ​តាម​គោល​ដៅ​បាន​ហៅ​ឱ្យ​ឈប់​ប៉ុន្តែ​​មិន​ព្រម​ឈប់​ ហើយ​បើក​បន្ត​ឆ្លង​ស្ពាន​ព្រែក​ត្នោត​ផុត​ ទើប​ប៉ូលិស​​ប្រចាំ​គោល​ដៅ​ស្ទាក់​ចាប់​បាន ។ មុន​ពេល​​ស្ទាក់​ចាប់​​បាន​​ អ្នក​បើក​បរ​រថយន្ត​បាន​ព្យា​យាម​បើក​រត់ ប៉ុន្តែ​​រថយន្ត​ធំ​ពេក​មិន​អាច​រត់​រួច។ មន្ត្រី​ប៉ូលិស​​បាន​ឱ្យ​ដឹង​ទៀត​ថា ​ពេល​បើ​ក​បរ​​រថយន្ត​នោះ​មិន​​មាន​ពាក់​ស្លាក​លេខ​ទេ​​ លុះ​​ពេល​ប៉ូលិស​​ចាប់​បាន​​ទើប​យក​ស្លាក​លេខ​ទៅ​បំពាក់ ។ ​

គេ​​មាន​ការ​កត់​សំគាល់ថា កាល​ពី​មុន​គេ​ធ្លាប់​​ឃើញ​រថយន្ត​ដែល​មាន​បិទ​តែម​ឡូ​ហ្គោ “M70” ជា​រថយន្ត​មាន​បាញ់​ថ្នាំ​ពណ៌​​ត្រេ​អ៊ី និង​បិទ​អក្សរ​ថា រថយន្ត​កង​ដឹក​ជញ្ជូន ប៉ុន្តែ​ពេល​នេះ​រថយន្ត​បិទ​ឡូហ្គោ​ដដែល ទើប​តែ​បាញ់​ថ្នាំ​ថ្មី​សន្លាង​ក្បាល​ពណ៌​ប្រផេះ ​និង​ទ្រុង​ពណ៌​ខៀវ ​ទៅ​​វិញ ទំនង​​ជា​ទើប​តែ​បាញ់​​ថ្នាំ​ថ្មី បន្ទាប់​ពី​សម្តេច​​តេជោ ហ៊ុន សែន ​​បាន​ព្រមាន​​ខ្លាំងៗ​មិន​អនុ​ញ្ញាត​ឱ្យ​មាន​រថយន្ត​ពណ៌​ត្រេអ៊ី ដឹក​ទំនិញ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ៕