ខេត្តស្វាយរៀង ៖ អំពើហិង្សាមួយគួរឱ្យរន្ធត់ដែលស្ត្រីជាម្តាយស្រវឹងស្រាបាត់បង់ស្មារតីបានយកព្រនង់ឫស្សីប៉ុនកដៃវាយសំពងទៅលើកូនប្រុសចំពីលើក្បាលបីព្រនង់បែកហូរឈាមស្រោចពេញផ្ទៃមុខ ត្រូវបានម្តាយមីងដឹកតាមម៉ូតូនាំទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។ ប្រការគួរឱ្យកត់សំគាល់គឺកូនប្រុសដែលរងគ្រោះ ខណៈត្រូវជាប់ចំណងទៀតទើបមិនអាចគេចរួចពីព្រនង់ដែលម្តាយវាយមកលើ។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី៥ មីនា វេលាម៉ោង២រសៀល នៅភូមិព្រៃពោធិ ឃុំដូនស ស្រុកស្វាយជ្រំ។ បើតាមស្ត្រីឈ្មោះម៉ែន សុគន្ធា អាយុ៤៣ឆ្នាំ ត្រូវជាម្តាយមីងបានប្រាប់កោះសន្តិភាពថា កូនប្រុសរងគ្រោះឈ្មោះម៉ែន សុភី អាយុ២៣ឆ្នាំ ត្រូវបានម្តាយឈ្មោះសេង សារិត អាយុ៤៥ឆ្នាំ យកព្រនង់ឫស្សីប៉ុនកដៃវាយសំពងលើក្បាលចំនួនបីព្រនង់បែករយះដល់ឆ្អឹងចំនួន៣កន្លែងដេរជាង៣០ថ្នេរ និងចំស្មាឆ្វេងមួយព្រនង់ បាក់ម្រាមដៃស្តាំមួយ សន្លប់នៅនឹងកន្លែង ហើយក៏ត្រូវរូបគាត់ជាម្តាយមីងដឹកទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ។
ស្ត្រីជាម្តាយមីងបានបន្តទៀតថា មុនពេលកើតហេតុ ស្ត្រីជាម្តាយបានផឹកស្រាស្រវឹងអួទីនួរ រីឯកូនដែលរងគ្រោះក៏ផឹកស្រាស្រវឹងដែរ តែផឹកនៅកន្លែងផ្សេងគ្នា។ ពេលដែលបុរសជាកូនផឹកស្រវឹងក៏ឡើងទៅលើផ្ទះដេក តែពេលនេះមានមិត្តភក្តិក្នុងភូមិដែលផឹកស្រាជាមួយគ្នាមកបបួលដើរលេងទៀត តែប្អូនប្រុសឃើញបងស្រវឹងជោគដូច្នេះក៏ឃាត់មិនឱ្យទៅតាមមិត្តភក្តិនោះទេ គឺឃាត់ឱ្យដេក។ ដោយបងប្រុសមិនព្រមស្តាប់ចេះតែដើរទ្រេតទ្រោតរកចុះពីលើផ្ទះក៏ត្រូវប្អូនប្រុសបង្កើតចាប់ចងទៅនឹងសសរក្រឡោងផ្ទះ ហើយបងប្រុសដែលស្រវឹងក៏អង្គុយដេកលក់នៅសសរផ្ទះនោះទៅ។ លុះមួយសន្ទុះក្រោយមកក៏ឃើញស្ត្រីជាម្តាយស្រវឹងមកពីនាយដើរឡើងទៅលើផ្ទះមិនដឹងជាបានព្រនង់មកពីណា ស្រាប់តែវាយសំពងលើកូនដូចជាខឹងពីអង្កាល់ណាមកអត់មានមូលហេតុសោះ វាយកូនរហូតសន្លប់ទាំងក្នុងចំណង ទើបប្តីនិងប្អូនប្រុសដឹងទាន់រត់ឡើងទៅជួយចាប់ កុំអីមិនដឹងជាយ៉ាងណាឡើយ។
ស្ត្រីជាម្តាយប្រមឹកខួបរូបនេះមានកូន៥នាក់ ស្រី២នាក់ តែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ ហើយជេរប្រមាថប្តី និងកូនគ្មានញញើតទេ ព្រមទាំងធ្លាប់កាប់ប្តីរងរបួសដៃម្តង និងវាយកូនស្រីគ្មានចូលផ្ទះបានទេ។ កូនស្រីទាំងពីរនាក់រស់នៅជាមួយម្តាយមីង និងម្តាយធំ និងនៅជាមួយតែកូនប្រុសៗ។ និយាយរួមពួកគេសុទ្ធសឹងត្រូវព្រនង់គ្រប់ៗគ្នា ។ រីឯមុខរបរកូនៗ និងប្តីរកស៊ីរែកដី ជីកស្រះឱ្យគ ។ ចំណែកប្តីឈ្មោះម៉ែន សាមី អាយុ៤៧ឆ្នាំ បានត្រឹមតែនិយាយមិនចេញ ៕
ចែករំលែកព័តមាននេះ