ខេត្តបាត់ដំបង ៖ សាលាដំបូងខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១ មីនា បានសំរេចប្រគល់ជួងបុរាណដែលមានទម្ងន់៦៧គីឡូក្រាម ឱ្យទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីរក្សាទុកក្នុងសារមន្ទីរ ក្រោយពីរឹបអូសបានពីជន២នាក់កាលពីពាក់កណ្តាលខែមុន។
លោកគឹម សោភ័ណ ប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តថ្លែងថា ជួងបុរាណនេះមានកម្ពស់៧១សង្ទីម៉ែត្រ រង្វាស់មុខកាត់ប្រវែង៣៥សង្ទីម៉ែត្រ ទំងន់៦៧គីឡូក្រាម។ ជួងនេះមានរចនាបថសៀម លំអដោយក្បាលនាគចំនួន៤នៅផ្នែកខាងលើ និងមានចម្លាក់ជាអក្សរសៀមថា «នាងចេងមានសទ្ធាជ្រះថ្លា» ត្រូវបានគេផលិតនៅក្នុងពុទ្ធសករាជ២៤៤៩ គ្រិស្តសករាជ១៩០៥ គឺនាដើមសត្សវតទី១០ ក្នុងសម័យលោកម្ចាស់ កថា ថនឈុំ ក្រោមការគ្រប់គ្រងរបស់សៀមនាសម័យនោះ ដែលបើគិតមកទល់ពេលនេះមានអាយុកាល១០៥ឆ្នាំហើយ។ លោកគឹម សោភ័ណ បញ្ជាក់ថា ជួងបុរាណនេះត្រូវគេផលិតដោយប្រើធាតុផ្សំចំនួន៥យ៉ាង ក្នុងនោះមានមាស សំណ ស្ពាន់ ប្រាក់ និងលង្ហិន។
សូមបញ្ជាក់ថា ជួងបុរាណនេះត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តចាប់ និងរឹបអូសបានពីជន២នាក់កាលពីថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១១ នៅចំណុចភូមិបល្ល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ក្នុងខណៈដែលពួកគេប៉ុនប៉ងនាំយកទៅលក់បន្តឱ្យឈ្មួញកណ្តាល។ ជន២នាក់នោះ ម្នាក់ឈ្មោះប៉ិច សារឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជាម្ចាស់ជួង និងម្នាក់ទៀតឈ្មោះពិន ណារ៉ូ ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីយោធា និងជាអ្នករួមគំនិតនាំយកវត្ថុបុរាណនេះចេញ។
លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ថ្លែងថា សមត្ថកិច្ចបានចាប់ខ្លួនជនទាំង២នាក់នេះក្នុងគ្រាដែលមានសេចក្តីរាយការណ៍ថា ពួកគេលាក់ទុកវត្ថុបុរាណនេះ ហើយប៉ុនប៉ងនាំចេញទៅលក់ឱ្យឈ្មួញកណ្តាល។ លោកស្នងការរងបន្តថា ក្រោយពីចាប់ខ្លួនហើយ លោកក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តជាមួយវត្ថុតាង ឯតុលាការបានសំរេចឃុំខ្លួនជនទាំង២នាក់នេះរួចហើយ។
តាមចម្លើយរបស់ជនជាម្ចាស់ជួងឈ្មោះប៉ិច សារឿន និយាយថា ខ្លួនបានលាក់ទុកជួងបុរាណនេះច្រើនឆ្នាំហើយ ដោយកប់ដីផង និងទុកក្នុងស្រះផង មិនមានច្រែះចាប់ទេ។ លុះក្រោយមកមានអ្នកចង់ទិញ ខ្លួនក៏យកមកឱ្យគេមើលប៉ាន់ ហើយគេហ៊ានឱ្យតម្លៃ រហូតដល់១ម៉ឺនដុល្លារឯណោះ តែមិនទាន់នាំចេញផងក៏ត្រូវវ័ណ្ឌកតែម្តង៕


ចែករំលែកព័តមាននេះ