រាជធានីភ្នំពេញ ៖ សម្រាប់ខែនេះគិតត្រឹមថ្ងៃទី១៥ មីនា មានអ្នកធ្លាក់ពីលើដើមត្នោតពីរករណីហើយ ដែលករណីទីមួយកើតឡើងកាលពីថ្ងៃទី៨ មីនា ហើយបុរសរងគ្រោះឈ្មោះលុច ជា អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយមានល័ក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ករណីទី២ កើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ មីនា ខណៈបុរសម្នាក់ពេលកំពុងឡើងដើមត្នោតជិតដល់ចុងត្រង់.កបំរុងនឹងឈោងដៃចាប់ធាងស្រាប់តែបាក់ចុងបង្អោង បណ្ដាលឱ្យធ្លាក់មកដល់ដីបាក់ចង្កេះ និងបាក់កែងជើងឆ្វេង។ គួរបញ្ជាក់ផងដែរថា អ្នកធ្លាក់ពីលើដើមត្នោតភាគច្រើនមកពីខេត្ដកំពង់ស្ពឺ ។
បុរសរងគ្រោះឈ្មោះមក សារីម អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិច្រកខ្លា ឃុំតាំងខ្យា ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា កាលពីមុនគាត់ប្រកបរបរកាប់អុសដុតធ្យូងលក់ ប៉ុន្ដែដោយសាររដ្ឋបាលព្រៃឈើហាមមិនឱ្យកាប់គ្មានរបរអ្វីរក ក៏បង្ខំចិត្ដឡើងត្នោតចាប់ពីខែវិច្ឆិកា ឆ្នាំ២០១០ រហូតមក។ គាត់មិនចេះឡើងត្នោតទេ មុនពេលចាប់អាជីពឡើងត្នោតនេះគាត់បានសួររបៀបឡើងពីអ្នកដែលធ្លាប់ឡើងក៏ចេះតែរៀនឡើងទៅ។ ចំណែកការឡើងទៀតសោតមិនហ៊ានឡើងដើមខ្ពស់ទេឡើងតែដើមណាទាបប៉ុណ្ណោះ ហើយដោយសារតែមិនមានបទពិសោធន៍នឹងគេ ការឡើងធ្វើទឹកត្នោតចេះតែខូចអត់ចេញទឹក ។
ទាក់ទិននឹងគ្រោះថ្នាក់ធ្លាក់ពីលើដើមឆ្នោតនេះ ស្ដ្រីឈ្មោះស្រី ឃឺន អាយុ៤៤ឆ្នាំ ជាប្រពន្ធបុរសរងគ្រោះបានឱ្យដឹងថា ប្តីគាត់បានធ្លាក់ពីលើដើមត្នោតនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៤ មីនា។ គាត់បានបញ្ជាក់ថា ប្ដីគាត់គ្មានជំនាញឡើងត្នោតទេ ប៉ុន្តែដោយសារជីវភាពខ្វះខាតគាត់ក៏បានដាច់ចិត្ដឱ្យប្ដីឡើងត្នោត តែមិនបានរំងាស់ធ្វើស្ករទេ គឺធ្វើទឹកត្នោតជូរដែលក្នុងមួយថ្ងៃបានទឹកត្នោត១៥លីត្រ លក់មួយលីត្របាន៥០០រៀលប៉ុណ្ណោះ។ បើប្រៀបធៀបជាមួយអ្នកចេះឡើងត្នោត គេធ្វើបានរាប់រយលីត្រ និងរំងាស់ស្ករបានទៀតផង ។ ពេលនេះរបរឡើងត្នោតបានធ្វើឱ្យគ្រួសារគាត់ចូលដើមហើយ៕
ចែករំលែកព័តមាននេះ