ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើប្រាស់​ទូរស័ព្ទ ស្មា​ត​ហ្វូ​ន​ពិតជា​ឆ្លាត ឬ​យ៉ាងណា ?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុគសម័យ​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន មិន​ថា​យុវវ័យ វ័យ​កណ្ដាល ឬ​វ័យ​​ចំណាស់​នោះ​ទេ តែង​មាន​ស្មា​ត​ហ្វូ​ន​កាន់​ស្ទើរ​គ្រប់​ដៃ ។ ទូរស័ព្ទ​ទំនើប​នេះ​ពិតជា​មាន​លក្ខណៈ​ពិសេស ផ្ដល់​អត្ថប្រយោជន៍​ច្រើន…

រាជធានី​ភ្នំពេញ ៖ យុគសម័យ​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន មិន​ថា​យុវវ័យ វ័យ​កណ្ដាល ឬ​វ័យ​​ចំណាស់​នោះ​ទេ តែង​មាន​ស្មា​ត​ហ្វូ​ន​កាន់​ស្ទើរ​គ្រប់​ដៃ ។ ទូរស័ព្ទ​ទំនើប​នេះ​ពិតជា​មាន​លក្ខណៈ​ពិសេស ផ្ដល់​អត្ថប្រយោជន៍​ច្រើន និង​ជា​ជំនួយការ​ដ៏​ប៉ិន​ប្រសប់​មួយ ប្រសិនបើ​អ្នក​ប្រើប្រាស់​មាន​សមត្ថភាព​គ្រប់គ្រាន់ ក៏​ប៉ុន្ដែ​អ្នកខ្លះ​ទិញ​យក​មក​ប្រើ​ក្នុង​គោលដៅ​តិចតួច​បំផុត​ដូច​ជា កម្សាន្ដ លេង​ហ្វេ​ស​ប៊ុ​ក ថតរូប និង​ទូរស័ព្ទ​រកគ្នា​ប៉ុណ្ណោះ ។ ចុះ​អ្នក​វិញ ទិញ Smart Phone ប្រើ​ក្នុង​គោលដៅ​អ្វីខ្លះ ហើយ​ពិតជា​ឆ្លាត​ដូច Smart Phone ដែរ​ឬ​យ៉ាងណា ?

បើ​តាម​អតីត​និស្សិត​សាកលវិទ្យាល័យ AEU បាន​លើក​ឡើង​ថា ការ​សម្រេច​ទិញ​ស្មា​ត​ហ្វូ​ន​​មក​ប្រើ​នេះ ព្រោះ​វា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ការ​សិក្សា និង​ស្រាវជ្រាវ​ផ្សេង​ៗ ដោយ​អាច​ឆែក​រក​មើល​ឯកសារ អុ​ី​ម៉ែ​ល និង​ផ្ញើ​មេរៀន​ទៅ​មិត្តភក្តិ​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ងាយស្រួល ។ លើស​ពី​នេះ នៅ​ពេល​ចូល​បម្រើ​ការងារ​ឃើញ​ថា វា​កាន់តែ​ជួយ​សម្រួល​ការងារ​បាន​ច្រើន​បន្ថែម​ទៀត ក្រៅពី​ការ​ទុក​តែ​ទូរស័ព្ទ​ទាក់ទង​គ្នា និង​កម្សាន្ដ​អារម្មណ៍​ផ្សេង​ៗ ។

កញ្ញា ចាន់ គិ​ម​ស៊ី​ន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ថា ៖« សម្រាប់​ខ្ញុំ ការ​ប្រើប្រាស់ Smart Phone ក្រៅពី​ជួយ​សម្រួល​ដល់​ការងារ​សព្វ​ថ្ងៃនេះ គឺ​ប្រើ​សម្រាប់​ស្រាវជ្រាវ​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង ។ តួយ៉ាង ដូច​រឿង​ប្រវត្តិសាស្ត្រ ខ្មែរ និង​ឱកាស​ការងារ ហើយ​ក្រៅពី​នេះ អាច​ទំនាក់ទំនង​ជាមួយ​បងប្អូន​នៅ​ក្រៅប្រទេស​ផង​ដែរ » ។

កញ្ញា​បន្ត​ថា ៖« បន្ទាប់​ពី​ប្រើ​ទូរស័ព្ទ Smart Phone មួយ​រយៈ​ចុង​ក្រោយ​នេះ វា​បាន​ផ្តល់​ផលប្រយោជន៍​ច្រើន​គួរសម ធ្វើ​ឱ្យ​យើង​ដឹង​ព័ត៌មាន​នៅ​ក្នុង​សង្គម និង​ក្រៅ​ស្រុក​បាន ។ យើង​អាច​មើល​ចម្រៀង រឿង​ថៃ ដែល​អាច​ជួយ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ​ឡើង​វិញ​នៅ​ពេល​ធុញ​ធ​ប់​ម្តងម្កាល ។ ខុស​ប្លែក​កាលពីមុន ខ្ញុំ​ប្រើ​ទូរស័ព្ទ​ធម្មតា​ៗ​អត់​ដឹង​ថា មានរឿង​អ្វី​កើតឡើង​នៅ​ក្នុងស្រុក​ទេ » ។

កញ្ញា​បញ្ជាក់​ថា ៖« ទូរស័ព្ទ Smart Phone គឺ​សំខាន់ ក្រោយ​ពី​បាន​ប្រើ​តាំងពី​ដំបូង​រហូត​មក​ដល់​ពេល​នេះ ធ្វើ​ឱ្យ​យើង​យល់​ដឹង ឬ​មាន​ភាព​ឆ្លាត​វៃ​ប្រហែល​៥០% បើ​ធៀប​នឹង​មុន​ពេល​មិន​ទាន់​ប្រើ » ។

លោក បូ សល់ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​ផ្សេង​ទៀត​បានឱ្យ​ដឹង​ថា ការ​ដែល​លោក​សម្រេចចិត្ត​ទិញ Smart Phone យក​មក​ប្រើ ដោយសារ​វា​មាន​ចំណុច​ល្អ​ច្រើន​យ៉ាងដូច​ជា មាន​កាមេរ៉ា ងាយស្រួល​ទាក់ទង​ជាមួយ​ក្រុមការងារ​បាន​រហ័ស តាម​រយៈ WhatsApp, Sky, Telegram, Line, Email, FaceBook និង​បណ្ដាញ​សង្គម​ផ្សេង​ៗ​ទៀត​នៅ​ពេលធ្វើការ​ងារ​ខាងក្រៅ​ការិយាល័យ ។ លោក​អាច​ស្តាប់​បទ​ចម្រៀង មើល​វី​ដេ​អូ និង​លេង​ហ្គេ​ម​នៅ​ពេល​មាន​អារម្មណ៍​មិនសូវ​ស្រស់ស្រាយ​ម្តងម្កាល ។ លើស​ពី​នេះ លោក​ក៏​អាច​រក​ផ្លូវ ឬ​ទីតាំង​តាម​ហ្គូ​ហ្គ​ល​ផង​ដែរ ។

លោក​បន្ត​ថា ៖« សម្រាប់​អ្នក​ប្រើប្រាស់ Smart Phone ថ្មី​ដូច​ខ្ញុំ​អីចឹង វា​ជួយ​ដល់​ការងារ​បាន​ប្រហែល​៧០% បើ​ធៀប​ទៅ​នឹង​ការ​ប្រើ​ទូរស័ព្ទ​ណូ​គា​អិន​ចុច​ពិល​ពី​មុន គឺ​ហត់ និង​ខ្ចី​ទូរស័ព្ទ​មិត្តភក្តិ​យក​មក​ដោះស្រាយ​ក្នុង​ការងារ​នៅ​ពេល​ជួប​បញ្ហា​ម្តង​ៗ » ។

អ្នកស្រី ហ៊ាន សូ​រ៉ា​ន់​ដា បុគ្គលិក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​មាន​ប្រសាសន៍​ថា ៖«​មូលហេតុ​ដែល​ខ្ញុំ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ព្រោះ​ការ​ទំនាក់ទំនង​មាន​ប្រសិទ្ធភាព​ជាង​មុន​, ផ្តល់​ប្រសិទ្ធភាព​ការងារ​, ចំណេះ​ទូលំទូលាយ​, ព័ត៌មាន​ទាន់​ហេតុការណ៍ និង​ទទួល​ការ​កម្សាន្ត » ។

អ្នកស្រី​បន្ត​ថា បន្ទាប់​ពី​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​មួយ​រយៈកាល​កន្លង​មកនេះ ធ្វើ​ឱ្យ​អ្នកស្រី​ទទួល​បាន​នូវ​ព័ត៌មាន​ទាន់​ហេតុការណ៍​ក្នុង​ប្រទេស គន្លឹះ​នៃ​ការ​អភិវឌ្ឍ​ខ្លួន លទ្ធផល​ប្រឡង​បាក់​ឌុ​ប រឿង​នយោបាយ ថ្លៃ​ទំនិញ ហើយ​ពិសេស​ជាង​នេះ វា​ប្រៀប​ដូច​ជា​ជំនួយការ មិត្តភក្តិ គ្រូ និង​កុំព្យូទ័រ ។ ទោះជា​យ៉ាងណា អ្នកស្រី​ថា អ្នក​ប្រើប្រាស់​ទូរស័ព្ទ Smart Phone មិន​ប្រាកដ​ថា​ឆ្លាត​ទាំងអស់​ទេ គឺ​ទាមទារ​ចំណាយពេល​សាកល្បង​វា​ឲ្យ​បាន​ច្រើន ឬ​ត្រូវការ​អ្នក​ដែល​ដឹង​ពី​បច្ចេកទេស​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ