ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​កាន់តែ​ទំនើប​កំពុង​សម្លា.ប់​មុខរបរ​តូចតាច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ធ្វើ​ឱ្យ​ការ​រកស៊ី​មុខរបរ​តូច​តាច​មួយ​ចំនួន​ត្រូវ​បាត់បង់​បន្តិច​ម្ដង​ៗ និង​មានមុខ​របរ​ខ្លះ​បាត់​ទាំងស្រុង ។ ទោះបី​យ៉ាង​ណា កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​ក៏​ផ្ដល់​ភាព​ងាយស្រួល និង​ផលប្រយោជន៍​ច្រើន​ដល់​អាជីវករ ពាណិជ្ជករ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​វិស័យ​បច្ចេកវិទ្យា​កាន់តែ​ទំនើប ធ្វើ​ឱ្យ​ការ​រកស៊ី​មុខរបរ​តូច​តាច​មួយ​ចំនួន​ត្រូវ​បាត់បង់​បន្តិច​ម្ដង​ៗ និង​មានមុខ​របរ​ខ្លះ​បាត់​ទាំងស្រុង ។ ទោះបី​យ៉ាង​ណា កា​រវិ​វត្ត​នៃ​បច្ចេកវិទ្យា​ក៏​ផ្ដល់​ភាព​ងាយស្រួល និង​ផលប្រយោជន៍​ច្រើន​ដល់​អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស​តូច​ធំ ទាំង​វិស័យ​រដ្ឋ និង​ឯកជន​ផង​ដែរ រហូត​អ្នកខ្លះ​យក​បច្ចេកវិទ្យា​ធ្វើ​ជាដើម​ទុន​រកស៊ី​ប្រចាំជីវិត ។

បើ​រំឭក​កាលពី​១០​ឆ្នាំ​មុន របរ​តូចតាច​នៅ​តាម​ដងផ្លូវ និង​តាម​ផ្ទះ ដូច​ជា​អ្នកលក់​ចាប់​ហ៊ួ​យ មាន​ច្រើន​ស្អេកស្កះ​នោះ គឺ​របរ​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​សាធារណៈ​ក្នុង​១​នាទី​៣០០ ឬ​៥០០​រៀល​ជាដើម ។ កាលនោះ របរ​នេះ​កាក់កប​ណាស់ ជា​ពិសេស នៅ​តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​មាន​កម្រិតជីវភាព​ក្រោម​មធ្យម​។ តួយ៉ាង នៅ​តំបន់​ជិត​រោងចក្រ​ឧស្សាហ​កម្ម ដែល​កម្មករ កម្មការិនី ត្រូវការ​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ប្អូន​នៅ​ស្រុក ហើយ​ទូរស័ព្ទ​ដៃ​ក៏​ថ្លៃ កម្រៃ​សេវា​ហៅ​ចេញ​ក៏​ថ្លៃ ដូចនេះ មាន​តែ ប្រើប្រាស់​សេវា​ទូរស័ព្ទ​សាធារណៈ​ទើប​អស់​តម្លៃ​តិច ប៉ុន្តែ​ពេល​នេះ​វិញ សេវា​ទូរស័ព្ទ​សាធារណៈ​បាត់​អស់ទាំង​ស្រុង​ទៅ​ហើយ​នៅ​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​នៅ​បណ្ដា​ខេត្ត ។

អ្នកស្រី ចំរើន ជា​អ្នក​ធ្លាប់​ផ្ដល់​សេវា​ទូរស័ព្ទ​សាធារណៈ​នៅ​ជិត​រោងចក្រ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា កាលពីមុន របរ​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​សាធារណៈ​នេះ​ទទួល​​បាន​ចំណូល​គួរសម​ដែរ​ក្នុង​១​ខែ​ៗ តែ​មក​ពេល​នេះ​ម្នាក់​ៗ​មាន​ទូរស័ព្ទ​ដៃ​គ្រប់​គ្នា យ៉ាង​ហោច​ណាស់ ក៏​មាន​អិន​ចុច​ពិល​១​ដែរ ។ ម្យ៉ាងទៀត កម្រៃ​ហៅ​ចេញ​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ក៏​កាន់តែ​ទាប ជា​ពិសេស គេ​បញ្ចូល​លុយ​តែ​១​ដុល្លារ អាច​ដូរ​បាន​រាប់រយ​ដុល្លារ​សម្រាប់​តេ ដូចនេះ រឿង​អី​ដែល​គេ​មក​ប្រើ​សេវា​សាធារណៈ​ទៀត​នោះ ។

លោក សុខ រ៉ែ​ន ជា​អ្នក​ចែកចាយ​ឌី​ស​ចម្រៀង​នៅ​ក្នុង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ពេល​នេះ ការ​ជួល​ឬ​ការ​ទិញ VCD មិនសូវ​មាន​ច្រើន​ដូច​មុន​ទេ ។ លោក​ថា ៖« កាលពីមុន មិន​ថា​នៅ​តាម​ខេត្ត ឬ​នៅ​ទីក្រុង​ទេ អ្នក​ជួល VCD រឿង​ភាគ ជា​ពិសេស រឿង​ភាគ​ថៃ សម្បូរ​អ្នក​ជួល​ណាស់ អស់ពី​ម្នាក់​យក​ទៅ​ម្នាក់ ពេល​ខ្លះ VCD មិន​ទាន់​បាន​មក​ដល់​ផ្ទះ​ផង មាន​គេ​យក​ពី​គ្នា​ទៅ​បាត់​ទៅ​ហើយ ប៉ុន្ដែ​សម្រាប់​ពេល​នេះ​វិញ គេ​មើល​តាម​យូ​ធូប ព្រោះ​តម្លៃ​អុ​ី​ន​ធើ​រ​ណេ​ត​តាម​ទូរស័ព្ទ​វា​អស់​តិច អីចឹង គេ​ក៏​ដោ​ន​ឡូត (​ទាញ​យក​) មក​ទុក​មើល​ក្នុង​ទូរស័ព្ទ​វិញ ឬ​ក៏​គេ​មើល​តាម​អីុ​ន​ធើ​រ​ណេ​ត​តែ​ម្ដង​ទៅ » ។

ទន្ទឹម​នឹង​មុខរបរ​តូច​ៗ​ជួប​បញ្ហា​បន្ទាប់​ពី​បច្ចេកវិទ្យា​រីក​ចម្រើន​ក្តី ក៏​ប៉ុន្តែ​បច្ចេកវិទ្យា​នេះ ក៏​បាន​ជួយ​មនុស្ស​បាន​ច្រើន និង​រក​ចំណូល​បាន​ច្រើន​ផង​ដែរ ដូច​ជា ស្មា​ត​ហ្វូ​ន និង​អីុ​ន​ធើ​រ​ណេ​ត​ជាដើម ។ តួយ៉ាង ក្រុមហ៊ុន​យក្ស Alibaba របស់​មហាសេដ្ឋី​ចិន លោក ជេ​ក ម៉ា ក៏​ល្បី​សុះសាយ​ដោយសារ​តែ​បច្ចេកវិទ្យា​នេះ​ដែរ​។ ទន្ទឹម​នឹង​នោះ មហាសេដ្ឋី​វ័យក្មេង​របស់​សហរដ្ឋអាមេរិក លោក Mark Zuckerberg ក៏​ល្បី និង​រក​ចំណូល​បាន​រាប់​ពាន់​លាន​ដុល្លារ​ពី​បច្ចេកវិទ្យា​នេះ​ដែរ ។ តែបើ​យើង​ក្រឡេក​មក​មើល​សង្គម​កម្ពុជា​វិញ ក៏​មាន​មនុស្ស​​មិន​តិច​ដែរ ដែល​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ជា​ពិសេស អីុ​ន​ធើ​រ​ណេ​ត និង​ស្មា​ត​ហ្វូ​ន ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការងារ និង​អាជីវកម្ម ។

កញ្ញា ប៉ា​ង ច​ន្ទ្រា បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​រាជធានី​ភ្នំពេញ និង​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ក៏​បានឱ្យ​ដឹង​ដែរ​ថា បច្ចេកវិទ្យា​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កញ្ញា​ក្នុង​ការងារ និង​អាជីវកម្ម ក្នុង​នោះ​ដែរ ការ​ទាក់ទង​របស់​កញ្ញា ទៅ​កាន់​មិត្តភក្តិ និង​ទំនាក់​ទំនង​ការងារ គឺ​ត្រូវ​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​ស្ទើរតែ​ទាំងស្រុង ។

កញ្ញា​និយាយ​ថា ៖« រាល់ថ្ងៃ ការងារ​នាង​ខ្ញុំ ត្រូវ​ពឹង​លើ​បច្ចេកវិទ្យា​៨០%​ទៅ​ហើយ ជា​ពិសេស រាល់​ការ​ទំនាក់ទំនង​ទៅ​កាន់​អតិថិជន និង​មិត្តភក្តិ ។ បើសិនជា​ថ្ងៃ​ណាមួយ​បច្ចេកវិទ្យា​មាន​បញ្ហា​នោះ វា​ពិតជា​ពិបាក​សម្រាប់​ការងារ​នាង​ខ្ញុំ​ហើយ » ។

លោក ជា ឡង់​ដា នាយក​ប្រតិបត្តិ​វែ​ប​សាយ BookMeBus ជា​វែ​ប​សាយ​លក់​សំបុត្រ​រថយន្ត បានឱ្យ​ដឹង​ថា ស្រប​ពេល​កំណើន​បច្ចេកវិទ្យា​កាន់តែ​ទំនើប មនុស្ស​ត្រូវការ​អ្វី​ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​ពួក​គេ ។ ការ​លក់​សំបុត្រ​រថយន្ត​តាម​អន​ឡាញ​នៅ​កម្ពុជា ថ្វី​ដ្បិតតែ​មិន​ទាន់​ទូលំទូលាយ តែ​យ៉ាង​ហោច ក៏​ជួយ​មនុស្ស​បាន​ច្រើន​ដែរ ជា​ពិសេស ជន​បរទេស​មក​ស្រុក​ខ្មែរ ។ ពួក​គេ​ពិបាក​ស្វែងរក​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ឬ​ពេល​ទៅ​ដល់​ស្ថានីយ​ដឹក​អ្នកដំណើរ​ហើយ បែរជា​ក្រុមហ៊ុន​នោះ​អស់​សំបុត្រ​លក់​ជូន​ពួក​គេ​ទៅ​វិញ ។

ដូចនេះ តម្រូវ​ឱ្យ​គាត់​ស្វែងរក​ក្រុមហ៊ុន​ផ្សេង និង​ត្រូវ​ចំណាយពេល​ច្រើន ។ លោក​ថា ៖« ដូច​យើង​ដឹង​ស្រាប់​ហើយ​ចរាចរណ៍​នៅ​ភ្នំពេញ វា​ស្ទះ​ខ្លាំង​ណាស់ ហើយ​ការ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយពេល​យូរ​ទម្រាំ​ទៅ​ដល់​គោលដៅ​មួយ​ៗ អីចឹង ការ​បង្កើត​ឱ្យ​មានការ​ទិញ​សំបុត្រ​រថយន្ត​តាម​អន​ឡាញ​នេះ វា​ពិតជា​ជួយ​បាន​ច្រើន​ណាស់​សម្រាប់​អ្នកដំណើរ​ទាំង​ក្នុង និង​ក្រៅប្រទេស » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ