ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាំកុងត្រូល​ចុះ​ពិនិត្យ​គុណភាព​បន្លែ​ផ្លែ​ឈើ និង​ទំនិញ​ខូចគុណភាព

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ សហ​ការណ៍​ជាមួយ​មន្ទីរពិសោធន៍​ចល័ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រុង​ព្រះ​វិហារ បាន​ចុះ​ត្រួតពិនិត្យ និង​ស្វែងរក​បន្លែ​ផ្លែ​ឈើ…

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ សហ​ការណ៍​ជាមួយ​មន្ទីរពិសោធន៍​ចល័ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រុង​ព្រះ​វិហារ បាន​ចុះ​ត្រួតពិនិត្យ និង​ស្វែងរក​បន្លែ​ផ្លែ​ឈើ និង​ទំនិញ​ខូចគុណភាព​ដែល​ដាក់​លក់​នៅ​ក្នុង​ផ្សារ​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ដើម្បី​ធានា និង​ការពារ​ដល់​សុវត្ថិភាព​អ្នក​ប្រើប្រាស់​។ ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ លោក ដួង មុន្នី ប្រធាន​សាខា​កាំកុងត្រូល ខេត្តព្រះវិហារ មាន​ប្រសាសន៍​ថា ដើម្បី​ថែរក្សា និង​ការពារ ទៅ​ដល់​សុវត្ថិភាព​អ្នក​បរិភោគ​ចំណីអាហារ មន្ត្រី​ជំនាញ សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ បាន​សហ​ការណ៍​គ្នា​ជាមួយ​មន្ទីរពិសោធន៍​ចល័ត និង​អាជ្ញាធរ មាន​សមត្ថកិច្ច​ក្រុង​ព្រះ​វិហារ បាន​ចុះ​ទៅ​ដល់ទី​តាំង​លក់ដូរ របស់​អាជីវករ​ផ្សារ​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ដើម្បី​ត្រួតពិនិត្យ​មើល​បន្លែ​ផ្លែ​ឈើ ត្រី សាច់ គុយទាវ ក្រែង​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី និង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ជា​ពិសេស​នោះ រដូវ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ប្រជាពលរដ្ឋ​ទូទៅ មាន​តម្រូវការ​ច្រើន​ក្នុង​ការ​ទិញ​ទំនិញ​ពី​ផ្សារ​យក​ទៅ​ប្រើប្រាស់​។

 

លោក​បន្ត​ទៀត​ថា ប្រសិនណាបើ​មន្ត្រី​ជំនាញ​ពិនិត្យ​រក​ឃើញ នូវ​ទំនិញ​ណា​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី និង​ហួស​កាលបរិច្ឆេទ មន្ត្រី​នឹង​ដកហូត​កម្ទេច​ចោល​តែ​ម្តង និង​ណែនាំ​ឲ្យ​អាជីវករ​បញ្ឈប់​លក់​នូវ​ទំនិញ មាន​ផ្ទុក​សារធាតុ​គីមី ឬ​ខូចគុណភាព​ហួស​កាលបរិច្ឆេទ​បន្ត​ទៀត​។ តែបើ​ក្នុង​ករណី​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ ឃើញ​អាជីវករ​ដដែល លក់ដូរ​ទំនិញ​បែប​នេះ​ទៀត នឹង​មាន​វិធានការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។ លោក ដួង មុន្នី បញ្ជាក់​ថា សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ តែងតែបាន​ចុះ​ត្រួតពិនិត្យ​យ៉ាងតិច​ណាស់ ២​ដង​ក្នុង​មួយ​ខែ ក្រៅពី​ផ្សារ​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ ក៏​នៅ​មានការ​ត្រួតពិនិត្យ​ជា​ហូរហែរ នៅ​តាម​បណ្តា​ហាង​លក់ទំនិញ ផ្សារ​នៅ​តាម​បណ្តា​ស្រុក​ជា​ប្រចាំ និង​បាន​អប់រំ​ណែនាំ​ដល់​អាជីវករ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​លក់ដូរ​ទំនិញ​នីមួយ​ៗ​ត្រូវ​គិតគូរ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​សុវត្ថិភាព​អ្នក​ប្រើប្រាស់​ជា​ចម្បង​។ អាជីវករ​លក់ដូរ នៅ​ក្នុង​ផ្សារ​កំពង់​ប្រណាក​ទាំងអស់​ក៏​បាន​សាទរ​ទៅ​នឹង​យុទ្ធនាការ​របស់​អាជ្ញាធរ ក៏​ដូច​ជា​មន្ត្រី​ជំនាញ​កាំកុងត្រូល ដែល​បាន​ចុះ​ពិនិត្យ​ស្វែងរក​សារធាតុ​គីមី​លើ​បន្លែ​ផ្លែ​ឈើ និង​ទំនិញ​ខូចគុណភាព​នៅ​ក្នុង​ផ្សារ​កំពង់​ប្រណាក​នេះ ព្រោះថា​បច្ចុប្បន្ន​នេះ ទំនិញ​ដែល​នាំ​ចូល​ពី​ក្រៅ​ខេត្ត ពួក​គាត់​មានការ​ព្រួយបារម្ភ​ខ្លាច​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

អាជីវករ​ដទៃ​ទៀត​សង្ឃឹមថា មន្ត្រី​ជំនាញ នឹង​បន្ត​ចុះ​ត្រួតពិនិត្យ​ញឹកញាប់ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ទំនុកចិត្ត និង​ការពារ​បាន​នូវ​សុវត្ថិភាព​អ្នក​បរិភោគ​ចំណីអាហារ ដែល​ទិញ​មកពីផ្សារ​យក​ទៅ​ចម្អិន​នៅ​តាម​ផ្ទះ​។ សូម​បញ្ជាក់​ថា ការ​ចុះ​ត្រួតពិនិត្យ​បន្លែ​ផ្លែ​ឈើ ទំនិញ​ហួស​កាលបរិច្ឆេទ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ចំនួន​៥៨​គំរូ មាន​ដូច​ជា​ត្រីងៀត សាច់ក្រក គុយទាវ បន្លែ ផ្លែ​ឈើ បាន​រក​ឃើញ បន្លែ​ប្រភេទ​ផ្កា​កា​ឆាយ មាន​ផ្ទុក​ជីគីមី ឬ​កាក​សំណល់​កសិកម្ម បន្តិចបន្តួច​ប៉ុណ្ណោះ​។ ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ ណែនាំ​ឲ្យ​អាជីវករ ប​ឈ្ឈប់​នាំ​ចូល​បន្លែ​ដែល​ប្រើប្រាស់​ជីគីមី​បែប​នេះ​ទៀត ដោយឡែក​ក្រៅពី​ប្រភេទ​បន្លែ​នេះ ពុំ​មាន​រក​ឃើញ​ទំនិញ​ណាមួយ​មាន​ផ្ទុក​គីមី ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នោះ​ទេ​៕
​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ