រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានឃាត់ខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់នៅក្នុងបន្ទប់លេខ៣០២ នៃផ្ទះសំណាក់អេសអិល ទីតាំងលេខ០១សេ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ មីនា ខណៈជននោះកំពុងថតរូបអាសអាភាសទៅលើកុមារីវ័យ១១ឆ្នាំម្នាក់ ។
តាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានឱ្យដឹងថា ដោយមានការសហការល្អពីម្ចាស់ផ្ទះសំណាក់យីហោអេសអិល ដែលមានទីតាំងលេខ១C ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ឱ្យសមត្ថកិច្ចដឹងថា មាននារីម្នាក់នាំកុមារីខ្មែរម្នាក់មកឱ្យបុរសជនជាតិអាមេរិកាំង ដែលស្នាក់នៅបន្ទប់លេខ៣០២ កាលពីម៉ោង៨ព្រឹកថ្ងៃទី១១ មីនា ក៏មានការសង្ស័យរាយការណ៍ទៅនគរបាលមូលដ្ឋានចុះមកពិនិត្យ ។ ក្រោយពីទទួលព័ត៌មាន អធិការនគរបាលខណ្ឌដូនពេញ បានសហការជាមួយព្រះរាជអាជ្ញាអមតុលាការរាជធានីភ្នំពេញ តំណាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ការិយាល័យនគរបាលជនបរទេស និងលោកអភិបាលខណ្ឌដូនពេញ ព្រមទាំងចៅសង្កាត់ផ្សារថ្មីទី៣ បានធ្វើការឆែកឆេរបន្ទប់សង្ស័យខាងលើ ហើយឃាត់ខ្លួនជនបរទេសរូបនេះ និងកុមារីរងគ្រោះព្រមទាំងឈានទៅឃាត់ខ្លួននារីម្នាក់ដែលនាំជនរងគ្រោះមកឱ្យបុរសជនជាតិអាមេរិកាំងនេះផងដែរ។
បុរជនជាតិអាមេរិកាំងដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ MORROW JAMES ALLAN អាយុ៤៦ឆ្នាំ កុមារីរងគ្រោះ ឈ្មោះ ស.ស.ឌ អាយុ១១ឆ្នាំ ទីលំនៅភូមិពាមថា ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល និងនារីពាក់ព័ន្ធម្នាក់ទៀតឈ្មោះចំរើន ចាន់ថន អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសម្តីកុមារីរងគ្រោះបាននិយាយថា នាងត្រូវបាននារីឈ្មោះចំរើន ចាន់ថន នាំមកឱ្យបុរសជនជាតិអាមេរិកនៅម៉ោង៨ព្រឹកនាថ្ងៃទី១១ មីនា នៅបន្ទប់លេខ៣០២ នៃផ្ទះសំណាក់អេសអិល ហើយត្រូវជននោះដោះខោអាវចេញថតរូបជាច្រើនប៉ុស្ត ។ កន្លងមកនាងក៏បានមកជួបជនជាតិអាមេរិកនេះចំនួន៣លើក ក្នុងមួយលើកពេលថតចប់បានលុយ៣០ដុល្លារ ។ មន្ត្រីនគរបាលនិយាយបញ្ជាក់ថា សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនដែលពាក់ព័ន្ធនឹងបទល្មើសអនាចារលើកុមារី និងឃាត់ខ្លួនជនជាតិអាមេរិកនោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរ និងឈានរកវត្ថុតាងបន្តទៀត ៕
ចែករំលែកព័តមាននេះ