ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ម៉ាក​វេវ​សាក​កម្លាំង​គ្នា​ជា​មួយ​ហុង​ដា​ស្លាប់​​ពីរ​នាក់​របួស​ធ្ងន់​ពីរ​នាក់

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​យុវ​ជន​ចំនួន​២​នាក់ បាន​ស្លាប់​ភ្លាមៗ​​ក្នុង​ថ្លុក​ឈាម​នៅ​​កន្លែង​កើត​ហេតុ​គួរ​​ឱ្យ​​រន្ធត់ ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​រវាង​ម៉ូតូ​ និង​ម៉ូតូ​ជិះ​បុក​គ្នា​យ៉ាង​ពេញ​ទំហឹង​លើ​ផ្លូវ​ជាតិ​លេខ​៦។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៦​និង​៥០​នាទី​ល្ងាច ថ្ងៃ​ទី​២១ មីនា លើ​ផ្លូវ​ជាតិ​លេខ​៦ ចន្លោះ​​បង្គោល​ភ្លើង​លេខ​០២៩៨-០២៩៩ ​ស្ថិត​ក្នុង​ភូមិ​ភ្នំ​ជញ្ជាំង ​ឃុំ​ជប់​វ៉ារី ស្រុក​ព្រះ​នេត្រ​ព្រះ ។

​តាម​ប្រភព​ពី​លោក​អនុ​សេនីយ៍​ឯក កែវ ប៊ុន​យឿន អធិ​ការ​នគរ​បាល​ស្រុក​ព្រះ​នេត្រ​ព្រះ បាន​ឱ្យ​ដឹង​ថា ​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​គួរ​ឱ្យ​រន្ធត់​​នេះ ម្នាក់​ឈ្មោះ​តិះ តូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ នៅ​ភូមិ​ភ្នំ​ជញ្ជាំង ​ឃុំ​ជប់​វ៉ារី ស្រុក​ព្រះ​នេត្រ​ព្រះ បើក​បរ​ម៉ូតូ​ម៉ាក​ហុ​​ង​ដា ធុន C100 ពណ៌​ស្លែ ​ស៊េរី​២០០១ ជិះ​ម្នាក់​ឯង ។ ម្នាក់​ទៀត​ឈ្មោះ​​ផ្លែ ជីវ័ន្ត ​ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ នៅ​ភូមិ​ស្រេះ​ខាង​កើត ឃុំ​​ព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ បើក​បរ​ម៉ូតូ​ម៉ាក​ហុង​ដា​វ៉េវ ធុន C110 ពណ៌​ខ្មៅលាយ​ក្រហម ស៊េរី​២០០២ ​ឌុប​គ្នា​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ​ច្រេះ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​និង​ម្នាក់​​ទៀត​ឈ្មោះ​​ជុំ កូលាប ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំង​ពីរ​នេះ របួស​ធ្ងន់​នៅ​ភូមិ​ជា​មួយ​អ្នក​បើក​បរ​ម៉ូតូ ។

​ប្រភព​ដដែល​​បាន​បន្ត​​ថា តាម​ការ​ឱ្យ​ដឹង​ពី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​សមត្ថ​កិច្ច​ថា មុន​ពេល​កើត​ហេតុ​ម៉ូតូ​ជិះ​ម្នាក់​ឯង​បើក​បរ​ពី​លិច​ទៅ​កើត ហើយ​ម៉ូតូ​ដែល​ឌុប​គ្នា​៣​នាក់​បើក​​​បញ្ច្រាស​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ​លុះ​​ដល់​កន្លែង​កើត​ហេតុ​​ម៉ូតូ​ដែល​ជិះ​ម្នាក់​ឯង​បាន​បើក​​គេច​ម៉ូតូ​ដែល​ខូច​​មួយ​ទៀត​នៅ​​ខាង​​ស្តាំ​ដៃ​ ​ពេល​នោះ​ម៉ូតូ​ដែល​​ជិះ​គ្នា​៣​នាក់ ​ក៏​បើក​គេច​អេ​​ស្កា​វាទ័រ​ខូច​នៅ​ខាង​ស្តាំ​ដៃ​ដូច​គ្នា បណ្តាល​ឱ្យ​​ម៉ូតូ​ទាំង​ពីរ​​គ្រឿង​នោះ​​បុក​គ្នា​​យ៉ាង​ពេញ​​​ទំហឹង​នៅ​លើ​ទ្រូង​​ផ្លូវ​ស្លាប់​អ្នក​បើក​បរ​ម៉ូតូទាំង​ពីរនាក់ ​ចំណែក​អ្នក​ជិះ​ពី​ក្រោយ​២​នាក់​ទៀត​រង​របួស​ធ្ងន់។​

បើ​តាម​សាច់​​ញាតិ​ខាង​អ្នក​បើក​ម៉ូតូ​ជិះ​ឌុប​គ្នា​៣​នាក់​​និយាយ​ថា​ ពួក​គេ​មាន​បំណង​ទៅ​លេង​បុណ្យ​បញ្ចុះ​សីមា​នៅ​​វត្ត​គិរី​ក្ខន្ធ​បទ ហៅ​វត្ត​កក់ ហើយ​ក៏​ជួប​នូវ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​តែ​ម្តង ។ លោក​អនុ​សេនីយ៍​ឯក កែវ ប៊ុន​​យឿន បាន​បញ្ជាក់​​​​​ថា សព​ជន​រង​គ្រោះ​ទាំង​២​នាក់​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ឯ​អ្នក​រង​របួស​ធ្ងន់​ទាំង​ពីរ​នាក់​ត្រូវ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​ផង​ដែរ ៕