ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់​៧​គ្រាប់ប្លន់លុយ​ពីជនជាតិ​ចិន​ចំនួន៤​ពាន់ដុល្លារ តាមប្រភពព័ត៌មានថា​អ្នករងគ្រោះ​ចេញពីបនល្បែង

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ជន​ជាតិ​ចិន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​អំពើ​បាញ់​ប្រហារ​ប្លន់​យក​កាបូប​ប្រាក់​ពី​សំណាក់​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម​បាញ់​ត្រូវ​ចំនួន​៣​គ្រាប់។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​តាម​​បណ្តោយ​ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ឆ្នាំ​២០១១។

បុរស​រង​គ្រោះ​ក្នុង​អំពើ​បាញ់​ប្រហារ​ខាង​លើ​​ឈ្មោះ​យោវ យ៉ឺន​យ៉ាង អាយុ​៣៤​ឆ្នាំ ជា​ភ្ញៀវ​​ទេស​ចរ ជួល​ផ្ទះ​ស្នាក់​នៅ​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា។ មុន​ពេល​កើត​ហេតុ​ឈ្មោះ​យោវ យ៉ឺន​យ៉ាង បាន​ជិះ​ម៉ូតូ​កង់បី​មួយ​គ្រឿង​ចេញ​ពី​លេង​ល្បែង​ជា​មួយ​នារី​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ជា​មិត្ត​ភក្តិ។ លុះ​ធ្វើ​ដំណើរ​ទៅ​ដល់​មុខ​ក្លឹប​មេហ្គា ជន​ជាតិ​ចិន​ទាំង​២​ក៏​បាន​ឱ្យ​ម៉ូតូ​កង់បី​ឈប់​ ហើយ ចុះ​ពី​លើ​ម៉ូតូ​បំណង​ចូល​ច្រៀង​ខារ៉ា​អូខេ នៅ​ក្នុង​ក្លឹប​មេហ្គា ខណៈ​ពេល​នោះ​ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ​មួយ​គ្រឿង មក​ឈប់​ទន្ទឹម​ ហើយ​ដក​កាំភ្លើង​ខ្លី​ភ្ជង់​ប្លន់​យក​កាបូប​ប្រាក់​ពី​ឈ្មោះ​យូ លី ជា​ហេតុ​បណ្តាល​ឱ្យ​ឈ្មោះ​យោវ យ៉ឺន​យ៉ាង ឃើញ​ក៏​ស្ទុះ​ទៅ​ជួយ ហើយ​ត្រូវ​ក្រុម​ចោរ​បាញ់​រះ​ចំនួន​៧​គ្រាប់​បណ្តាល​ឱ្យ​របួស​ឈ្មោះ​យោវ យ៉ឺន​យ៉ាវ ចំនួន​៣​គ្រាប់​ចំជើង​ទាំង​សង​ខាង។ បច្ចុ​ប្បន្ន​កំពុង​សំរាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត។

តាម​ប្រភព​ព័ត៌​មាន​ពី​សមត្ថ​កិច្ច​​មូល​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា ក្នុង​អំពើ​បាញ់​ប្រហារ​ខាង​លើ​នេះ​ក្រុម​ចោរ​ប្លន់​​យក​បាន​ប្រាក់​ពី​ឈ្មោះ​យូ លី​ ចំនួន​៤.០០០​​ដុល្លារ ដែល​ម្ចាស់​ប្រាក់​និយាយ​ថា ទើប​តែ​ឈ្នះ​ល្បែង​ពី​កាស៊ីណូ​មិន​ទាន់​បាន​ចាយ​ផង។ ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ករណី​នេះ​ហើយ ព្រោះ​វា​ទាក់​ទិន​ដល់​អ្នក​ទេស​ចរ៕