ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ប្រទាំង​ប្រទើស​ជីក​កំណប់​នៅ​ក្រុង​ប៉ៃ​លិន​ស្ងប់​បន្តិច​ អាជ្ញា​ធរ​មិន​ទាន់​សំរេច​យ៉ាង​ណា​នៅ​ឡើយ​ទេ

13 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន៖​សកម្ម​ភាព​ប៉ុន​ប៉ង​ជីក​កំណប់​មាស​ពី​សំណាក់​លោក​គង់​ ឌួង ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត ដោយ​មាន​ប៉េអឹម ប៉ូលិស​ ទៅ​ជួយ​ជ្រោម​ជ្រែង​ផង​នោះ​ត្រូវ​បាន​ផ្អាក​សកម្ម​ភាព​ និង​ដក​យក​គ្រឿង​ចក្រ​អេស្កាវ៉ាទ័រ ចេញ​ពី​ក្នុង​បរិវេណ​វត្ត​រតន​សោភ័ណ ​ហៅ​វត្ត​កោង​កាង​វិញ​ហើយ​ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ ថ្ងៃ​ទី​៨ សីហា​ ឆ្នាំ​២០១០ បន្ទាប់​ពី​ព្រះ​សង្ឃ​ និង​ប្រជា​ពលរដ្ឋ​ប្រមាណ​៥០០​នាក់-អង្គ​ក្រាញ​ននៀល​មិន​អោយ​ជីក ហើយ​មក​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​​ដដែល​នោះ លោក​គង់​​ ឌួង បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​អំពី​បំណង​ជុំ​វិញ​ការ​ជីក​កំណប់​នោះ។

ខេត្ត​ប៉ៃ​លិន៖​សកម្ម​ភាព​ប៉ុន​ប៉ង​ជីក​កំណប់​មាស​ពី​សំណាក់​លោក​គង់​ ឌួង ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត ដោយ​មាន​ប៉េអឹម ប៉ូលិស​ ទៅ​ជួយ​ជ្រោម​ជ្រែង​ផង​នោះ​ត្រូវ​បាន​ផ្អាក​សកម្ម​ភាព​ និង​ដក​យក​គ្រឿង​ចក្រ​អេស្កាវ៉ាទ័រ ចេញ​ពី​ក្នុង​បរិវេណ​វត្ត​រតន​សោភ័ណ ​ហៅ​វត្ត​កោង​កាង​វិញ​ហើយ​ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ ថ្ងៃ​ទី​៨ សីហា​ ឆ្នាំ​២០១០ បន្ទាប់​ពី​ព្រះ​សង្ឃ​ និង​ប្រជា​ពលរដ្ឋ​ប្រមាណ​៥០០​នាក់-អង្គ​ក្រាញ​ននៀល​មិន​អោយ​ជីក ហើយ​មក​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​​ដដែល​នោះ លោក​គង់​​ ឌួង បាន​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​អំពី​បំណង​ជុំ​វិញ​ការ​ជីក​កំណប់​នោះ។

ការ​ដក​គ្រឿង​ចក្រ​អេស្កា​វ៉ាទ័រ​ចេញ​នេះ​ត្រូវ​បាន​គេ​សន្និ​ដ្ឋាន​ថា ជា​មធ្យោ​បាយ​របស់​លោក​គង់​ ឌួង ធ្វើ​អោយ​ប្រជា​ពល​រដ្ឋ​ និង​ព្រះ​សង្ឃ​ស្ងប់​ចិត្ត​ប៉ុណ្ណោះ ហើយ​អាច​ថា​ជា​ការ​ដក​ថយ​បន្តិច​សិន​ ដើម្បី​រិះ​រក​មធ្យោ​បាយ​ចរចា​ជាមួយ​ព្រះ​អង្គ និង​ប្រជា​ពលរដ្ឋ។ លោក​អ៊ី ឈាន អភិ​បាល​ខេត្ត​ប៉ៃ​លិន បាន​មាន​ប្រសាសន៍​ថា​ លោក​មិនជំទាស់​នឹង​ការ​ជីក​កំណប់​នោះ​ទេ ប៉ុន្តែ​ត្រូវ​មាន​លក្ខណៈ​ច្បាប់​ត្រឹម​ត្រូវ​ទើប​អាច​ទៅ​រួច។ លោក​គង់​ ឌួង​ ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​ពួក​គាត់​សុខ​ចិត្ត​ដក​ថយសិន ហើយ​ប្រសិន​បើ​មាន​បាត់​កំណប់​ ឬ​មាន​អ្នក​ជីក​នោះ​ គឺ​ព្រះ​សង្ឃ​ក្នុង​វត្ត​កោង​កាង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​កំណប់​នោះ។

ចំណែក​ព្រះ​សង្ឃ​វិញ​បាន​បញ្ជាក់​ថា​ មិន​មែន​​ថា​មិន​អោយ​​ជីក​ដាច់​អហង្ការ​នោះ​ទេ នេះ​ជា​សកម្ម​ភាព​មក​ជីក​កំណប់​ទាំង​ទទឹង​ទទែង​គ្មាន​ច្បាប់​អនុ​ញ្ញាត​ ដូច្នេះ​ពួក​អាត្មា​ត្រូវ​តែ​រារាំង តែ​ប្រសិន​បើ​គេ​មាន​ច្បាប់​អនុ​ញ្ញាត​ពី​អាជ្ញា​ធរ​ ឬថ្នាក់​លើ​ត្រឹម​ត្រូវ​នោះ​ពួក​អាត្មា​អនុ​ញ្ញាត​ភ្លាម ។សូម​បញ្ជាក់​ថា​ មុន​នេះ​ប្រជា​ពលរដ្ឋ​ និង​ព្រះ​សង្ឃ​ប្រមាណ​៥០០​នាក់ បានរំជើប​រំជួល​យ៉ាង​ខ្លាំង​ដោយ​មាន​ទូង​ស្គរ ប្រកូក​ប្រកាស​ហៅ​ប្រជា​ពល​រដ្ឋ​ក្នុង​ក្រុង​ប៉ៃលិនឱ្យ​មក​ជួប​ជុំ​គ្នា​ឱ្យ​កាន់​តែ​ច្រើន​ថែមទៀត និង​មាន​ប្រជា​ពលរដ្ឋ​ខ្លះ​ដែល​មក​ជួប​ជុំ​គ្នា​ត្រៀប​ត្រា​មុខ​វត្ត និង​ក្នុង​វត្ត​​រួច​ស្រេច​ទៅ​ហើយ​នោះ បាន​ស្រែក​បន្លឺ​​សម្លេង​​ខ្លាំងៗ​​តាម​ឧគ្ឃោសន​ស័ព្ទ​ប្រឆាំង​មិន​ឱ្យ​គេ​ជីក​កំណប់​មាស​នៅ​ទីនោះ ។

ភាគី​អ្នក​ជីក​កំណប់​ដឹកនាំ​ដោយ​លោក​គង់ ឌួង ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្តប៉ៃ​លិន ដោយ​មាន​សមត្ថ​កិច្ច​ ប៉ូលិស ប៉េអឹម អម​ដំណើរ​ទៅជា​មួយ​ផង ដើម្បី​ការ​ពារ​សកម្ម​ភាព​ជី​ក​កំណប់​ក្រែង​មាន​បាតុភាព​ប្រទូស្ត​រ៉ាយ​ណា​មួយ​កើត​ឡើង ប៉ុន្តែ​ទី​បំផុត​ការ​ប្រឆាំង​បានកើត​ឡើង​មែន គឺ​ព្រះ​សង្ឃបាន​ឃាឃាំង​មិនឱ្យជីកជា​ដាច់​ខាត ហើយ​បាន​ទូង​ស្គរ​ប្រមូល​ប្រជា​ពលរដ្ឋ​ និង​ព្រះ​សង្ឃ មក​ជួប​ជុំ​គ្នា​កាន់តែ​ច្រើន​ទៅៗ ដោយ​មាន​ការ​ស្រែក​ចំអក និង​ស្រែក​ញ្ជ្រៀវ​ប្រឆាំង​នឹង​ការ​ជីក ។

ចំណែក​សមត្ថ​កិច្ច​ចំរុះ​មានប៉ូលិស-ប៉េអឹម​ដំបូង​ឡើយ​ថា ទៅ​ការ​ពារ​អ្នក​ជីក​កំណប់ ប៉ុន្តែ​ដោយ​ប្រជា​ពល​រដ្ឋ និង​ព្រះ​សង្ឃ​ជ្រួល​ច្របល់​ប្រឆាំង​ខ្លាំង​ក្លា​បែបនេះ ក៏​ឈរ​ទៅ​ចំណុច​កណ្តាល​វិញ​ ទុក​ឱកាស​ឱ្យ​ភាគី​អ្នក​ជីក​កំណប់​គឺលោក​គង់​ ឌួង ​និង​ព្រះ​សង្ឃ​ចរចាគ្នា​ឱ្យ​ត្រូវរ៉ូវ​សិន ។ ការជ្រួល​ច្របល់​ជីក​កំណប់នេះ​បាន​កើត​ឡើង​នៅ​ក្នុងវត្ត​រតនសោ​ភ័ណ ហៅ​វត្ត​កោង​កាង ស្ថិតក្នុង​ក្រុង​ប៉ៃ​លិន​ កាល​ពីវេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ទី៧ សីហា ២០១០ ។

ព្រះ​តេជ​គុណ​នន សុភិន្ទ្រ គ្រូ​សូត្រ​ឆ្វេង​ដែល​គង់​នៅ​វត្ត​កោង​កាង​នេះ​បាន​មាន​សង្ឃ​ដីកាថា ភាគី​អ្នកជីកកំណប់​ដែល​មានក្រុម​សមត្ថ​កិច្ច​ចំរុះ​ជួយ​ការពារ​ផង​នោះ​បាន​ប្រើប្រាស់​គ្រឿង​ចក្រ​ទៅ​គាស់​កកាយ​រក​កំណប់​នៅ​ក្នុង​វត្ត​ទាំង​កណ្តាលថ្ងៃ​ ។ ព្រះអង្គ​បាន​ប្រាប់ថា លោក​គង់ ឌួង ប្រធានមន្ទីរ​ព័ត៌​មាន​ខេត្ត​ប៉ៃ​លិន ជា​អ្នក​ដឹកនាំ​កំលាំង​ចំរុះ​ និង​បញ្ជា​ឱ្យ​អេស្កាវ៉ាទ័រជីកកាយ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​ព្រះ​អង្គ​ដោយមានការ​ទូងស្គរ និង​ចាក់​មេក្រូ​ប្រកាស​អាសន្ន​សុំ​ជំនួយ​ពី​ពុទ្ធ​បរិស័ទចំណុះ​ជើង​វត្ត និង​ពុទ្ធ​បរិស័ទ ក្នុង​ក្រុង​ប៉ៃ​លិន​ទាំង​អស់​មក​ជួយទប់ទល់​មិនឱ្យ​ជីក​កំំណប់ ។

ព្រះអង្គបញ្ជាក់​ថា ព្រះ​សង្ឃ​ជាង១០០​អង្គ​ដែល​កេណ្ឌ​ពី​បណ្តា​វ្ត​នានា​ក្នុង​ខេត្ត​ប៉ៃ​លិន និង​ប្រជា​ពលរដ្ឋ​ប្រមាណជាង​៣០០នាក់ បាន​មក​ជួយ​ទប់​ស្កាត់ ។ បង្កឱ្យ​ភាគី​អ្នក​ជីក​កំណប់​ធ្វើ​មិន​បាន​សំរេច​នោះ​ទេ ។ កោះ​សន្តិ​ភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក​គង់​​ ឌួង ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​ជុំវិញ​ហេតុកាណ៍នេះ ប៉ុន្តែ​គ្មាន​អ្នក​លើក​ទូរស័ព្ទ​ទេ កាល​ពីព្រឹកថ្ងៃទី​៨ សីហា ហើយ​ក្រុម​សមត្ថកិច្ច​ចំរុះ​ និង​ភាគី​អ្នកជីក​កំណប់​នៅ​តែ​ព្យា​យាម​ប្រើ​គ្រឿងចក្រ​ចូលទៅ​ជិត​កន្លែង​ដែល​គេអះអាងថា មានកំណប់ ។​ ព័ត៌​មានលំអិតនឹងផ្សាយជូននៅ​ពេល​ក្រោយ​និង​នៅ​លើ​ទំព័រកាសែត​កោះ​សន្តិ​ភាព ៕