ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​​ស្លាប់​ពេល​​ជិះ​កង់​​កាត់​ភ្លៀង​​រអិល​​ធ្លាក់​ចូល​ប្រឡាយ​លង់​ទឹក

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​បាន​ស្លាប់​ ដោយ​​សារ​លង់​ទឹក​​ប្រឡាយ ខណៈ​នាង​​​ជិះ​កង់​ជា​មួយ​បង​ស្រី​​អាយុ​ជាង​១០​ឆ្នាំ ចេញ​ពី​រៀន​ត្រឡប់​​ទៅ​ផ្ទះ ​ក្រោម​តំណក់ទឹក​​​ភ្លៀង ​ស្រោច​ស្រព​លើ​ដង​ផ្លូវ​​បណ្តាល​ឱ្យ​​​ដីជ្រាយ​ពពុល​រអិល​​ភ្លីតចុះ ភ្លីត​ឡើង ​ធ្វើ​ឱ្យ​កង់​​ដួល​​​ខ្ទាត​នាង​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​​ទឹក​តែ​ម្តង ។ ​ហេតុ​ការណ៍​នេះ​​​កើតឡើង​​កាល​ពីវេលា​ម៉ោង​​៥​ល្ងាច ថ្ងៃ​ទី​២៣ មីនា ​២០១១ ​នៅ​​ភូមិ​ព្រៃ​សណ្តែក សង្កាត់​​ចោម​ចៅ ខណ្ឌ​ដង្កោ ។ ​ក្មេង​ស្រី​រង​គ្រោះ​​ឈ្មោះ​យ៉ន ​ស្រីពេជ្រ ​អាយុ​៨​ឆ្នាំ ជា​សិស្ស​​ថ្នាក់​ទី​១ រៀន​នៅ​សាលា​វិហារ​ព្រះ​យេស៊ូ ភូមិ​ក្រាំង​ដូន​ទៃ ឪពុក​ឈ្មោះ​​ទេព យន់ អាយុ​៤៥​ឆ្នាំ ម្តាយ​ឈ្មោះ​សេក គន្ធា ​អាយុ​៤៣​ឆ្នាំ។ នាង​​មាន​បង​ប្អូន​៦​នាក់​ ​ក្នុង​នោះ​​នាង​ជា​កូន​ទី​៦ មាន​ទី​លំនៅ​​ក្នុង​​ភូមិ​ជ្រៃ​កោង សង្កាត់​​ចោម​ចៅ ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌​មាន​​ឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ និង​បង​ស្រី​របស់​នាង​​បាន​ជិះ​កង់​ឌុប​គ្នា​​ធ្វើ​ដំណើរ​​ចេញ​ពី​រៀន​នៅ​វិហារ​ព្រះ​យេ​ស៊ូ ដែល​មាន​ទី​តាំង​ស្ថិត​​នៅ​ក្នុង​ភូមិ​ក្រាំង​ដូន​ទៃ ។ បង​ស្រី​ជា​អ្នក​ឌុប​ ឯ​រូប​នាង​​ជិះ​ពី​ក្រោយលើ​ផ្លូវ​​លំ ទើប​តែ​​ធ្វើថ្មី​ ខណៈ​ពេល​មេឃ​​​ធ្លាក់​ភ្លៀង​​ធ្វើ​ឱ្យ​ផ្លូវ​រអិល​ ទើប​ដួល​​កង់​ជួប​គ្រោះ​ថ្នាក់​​បែប​នោះ។​ ក្នុង​ខណៈ​នោះ​មាន​​ក្មេង​​២​ទៅ​៣​នាក់​ទៀត ដែល​ធ្វើ​ដំណើរ​​ជា​មួយ​គ្នា​បាន​ចុះ​ទៅ​ជួយ​​ក្មេង​ស្រី​រង​គ្រោះ​តែ​ជួយ​មិន​បាន​ ។ រីឯ​​បង​ស្រី​​​បាន​រត់​ទៅ​ហៅ​អ្នក​ស្រុក​ឱ្យ​ជួយ​ប្អូន​​របស់​ខ្លួន​ ហើយ​​ជួប​បុរស​ម្នាក់​​ក៏​ពឹង​ឱ្យ​​ជួយ​​ ប៉ុន្តែ​បុរស​នោះ​កំសាក​ខ្លាំង​ណាស់​មិន​ហ៊ាន​​ចុះជួយ​​ទេ បែរ​ជា​រត់​ទៅ​ហៅ​អ្នក​ភូមិ​ឱ្យ​ជួយ​វិញ ។ ​ទំរាំ​តែ​អ្នក​ស្រុក​រត់​ទៅ​ដល់​ ក្មេង​ស្រី​រង​គ្រោះ​បាន​លិច​ទៅ​ក្នុង​ទឹក​​បាត់​ទៅ​​ហើយ ដែល​​ពី​ដំបូង​នាង​នៅ​ប្រវេ​ប្រវា​​​នៅ​ឡើយ ។ អ្នក​ស្រុក​បាន​នាំ​គ្នា​​ចុះ​​រាវ​រក​ ហើយ​​​ប្រទះ​ឃើញ​​ក្មេង​ស្រី​រូប​នោះ​ស្ថិត​នៅ​បាត​ប្រឡាយ​​​​ស្លាប់​បាត់​​គួរ​ឱ្យ​​​​សោកស្តាយ​បំផុត ៕