ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​កា​ដា​ហ្វី​ត្រៀម​ប្រើ​កណ្តាប់​ដៃ​ដែក​ដាក់​ពង្រាយ​កង​ទ័ព​នៅ​ព្រំ​ដែន​ខាង​លិច​លី​ប៊ី

15 ឆ្នាំ មុន

មេ​ដឹក​នាំ​លី​ប៊ី​ លោក​មូ​អាម៉ា កា​ដា​ហ្វី កាល​ពី​ថ្ងៃ​ទី​១ មីនា បាន​ដាក់​ពង្រាយ​កង​ទ័ព​នៅ​តាម​ព្រំ​ដែន​ខាង​លិច​របស់​ប្រទេស​ដោយ​បន្ត​កណ្តាប់​ដៃ​ដែក​ជាមួយ​សហ​គមន៍​​អន្តរ​ជាតិ​ដែល​គំរាម​កំហែង​លោក​ ក៏​ប៉ុន្តែ​នៅ​រា​រែក​លើ​លទ្ធ​ភាព​នៃ​ការ​ប្រើ​កំលាំង​យោធា​មួយ​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ស្រី​ហ៊ីល​ឡារី​ គ្លីន​តុន បាន​ព្យា​ករណ៍​ថា ការ​បះ​បោរ​​នៅ​លី​ប៊ី​នឹង​អាច​ទទួល​បាន​លទ្ធ​ិ​ប្រជា​ធិបតេយ្យ​ដោយ​សន្តិ​វិធី​មួយ ឬ​សង្គ្រាម​សីុវិល​អូស​បន្លាយ​ពេល​យូរ​មួយ​។
លោក​កា​ដា​ហ្វី​ដែល​កាន់​អំណាច​ចាប់​តាំង​ពី​៤១​ឆ្នាំ​មក​ហើយ​​ហាក់​ដូច​ជា​ពុំ​ព្រម​ចុះ​ញ៉​មចំពោះ​​រាល់​វិធាន​ការ​របស់​ពួក​ប្រឆាំង​ និង​របស់​សហ​គមន៍​អន្តរ​ជាតិ​។ កូន​ប្រុស​របស់​លោក​ដែល​ក៏​ជា​អ្នក​នាំ​ពាក្យ​លោក​សៃ​អីុ​ហ្វ អាល់​អីុស្លាម​ អះ​អាង​ជា​ថ្មី​ថា វរ​សេនីយ៍​ឯក​អាយុ​៦៨​ឆ្នាំរូប​នេះ​នឹង​ពុំ​ភៀស​ខ្លួន​ចេញ ឬ​លា​លែង​ចេញ​ពី​តំណែង​ឡើយ​។ តាម​ទូរ​ទស្សន៍​អង់​គ្លេស​ SKY កូន​ប្រុស​របស់​លោក​កា​ដា​ហ្វី​រូប​នេះ​និយាយ​ថា ការ​ប្រើ​កំលាំង​ប្រឆាំង​លី​ប៊ី​ពុំ​អាច​ទទួល​យក​បាន​ឡើយ​ពី​ព្រោះ​ពុំ​មាន​ហេតុ​ផល​ណា​មួយ​ទេ  ក៏​ប៉ុន្តែ​បើ​គេ​ចង់​ប្រើ​កំលាំង​យើង​ត្រៀម​ទប់​ទល់​យើង​ពុំ​ខ្លាច​ឡើយ​។
១២​ម៉ោង​ក្រោយ​ការ​ប្រកាស​របស់​មន្ទីរ​ប៉ង់​តា​ហ្គោន​ពី​ការ​ដាក់​​ពង្រាយ​កង​ទ័ព​អាមេរិក​ក្បែរ​ប្រទេស​លី​ប៊ី​ កង​ទ័ព​លី​ប៊ី​បាន​បង្ហាញ​ខ្លួន​នៅ​ដឺ​​ហ៊ីបា​ ជា​ប៉ុស្តិ៍​ព្រំ​ដែន​ជាមួយ​ទុយ​នី​សីុ​។ ម្យ៉ាង​ទៀត​​កង​ទ័ព​លី​ប៊ី​បាន​បន្ថែម​កំលាំង​នៅ​ក្រុង​ណា​លូត​ចម្ងាយ​​៦០​គីឡូ​ម៉ែត្រ​ពី​ទី​ក្រុង​ទ្រី​ប៉ូលី​ដើម្បី​កុំ​ឱ្យ​ទី​ក្រុង​នោះ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​ពួក​បះ​បោរ​ដែល​លើក​គ្នា​មក​កាន់​ភាគ​ខាង​លិច​ប្រទេស​ បន្ទាប់​ពី​ដណ្តើម​ត្រួត​ត្រា​ភាគ​ខាង​កើត​ប្រទេស​មក​។
ពួក​អ្នក​ឯក​ទេស​ខាង​លី​ប៊ី​យល់​ថា លោក​កា​ដាហ្វី​ពុំ​ប៉ុន​ប៉ង​ធ្វើ​ការ​វាយ​លុក​ខាង​យោធា​នា​ទឹក​ចុង​ក្រោយ​ឡើយ​ ដោយ​ចាត់​ទុក​ការ​គំរាម​កំហែង​របស់​លោក​ថា គ្រាន់​ជា​ល្បិច​កល​នយោ​បាយ​មួយ​ប៉ុណ្ណោះ​។
រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង​ថ្មី លោក​ ALAIN JUPPÉ អះ​អាង​យ៉ាង​ច្បាស់​ថា នឹង​ពុំ​មាន​អន្តរា​គមន៍​យោធា​ណា​មួយ​ចូល​លី​ប៊ី​ដោយ​គ្មាន​អាណត្តិ​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អ.ស.ប​ឡើយ៕