មជ្ឈមណ្ឌលត្រួតពិនិត្យខ្យល់ព្យុះអាមេរិកNHC មានមូលដ្ឋាននៅទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា គូសបញ្ជាក់កាលពីថ្ងៃទី៣០ សីហា ថាព្យុះសង្ឃរាថ្មីឈ្មោះKIRK ជាព្យុះទី៥ប្រចាំរដូវនៅ តំបន់អាមេរិក និងអាមេរិកឡាទីនបានកកើតនៅមហាសមុទ្រអត្លង់ទិក ។
យោងតាមពួកអ្នកជំនាញការអាមេរិកថាព្យុះKIRK ពេលនេះស្ថិតនៅចម្ងាយ១.៨៦៤គីឡូម៉ែត្រពីឆ្នេរសមុទ្ររដ្ឋផ្លរីដាគឺនៅចន្លោះអាមេរិកខាងជើង និងអាហ្រ្វិកខាងលិចបានបោកបក់ឆ្ពោះទៅទិសខាងជើងជាមួយកម្លាំងខ្យល់ដល់ទៅ១២០គីឡូម៉ែត្រក្នុង១ម៉ោង។
NHC បញ្ជាក់ថាព្យុះKIRKនឹងពង្រឹងកម្លាំងរយៈពេល៤៨ម៉ោងខាងមុខនេះ ក៏ប៉ុន្តែវាពុំគំរាមកំហែងដល់ដែនដីឡើយ រួចមកទល់ពេលនេះក៏ពុំទាន់មានការប្រកាសអាសន្នណាមួយដែរ ។កាលពីថ្ងៃទី២៩ សីហា ព្យISAAC ដែលវាយប្រហារក្នុងតំបន់ឈូងសមុទ្រម៉ិចស៊ិកពិសេសលើរដ្ឋល្វីហ្សាណា ភាគខាងត្បូងសហរដ្ឋអាមេរិក បានក្លាយទៅជាព្យុះត្រូពីកាល់ ក្រោយពីបាត់បង់កម្លាំងមក ។
ព្យុះនេះកាលពីថ្ងៃទី៣០ សីហា វេលាថ្ងៃត្រង់នៅសល់ល្បឿនត្រឹម៦៥គីឡូម៉ែត្រក្នុង១ម៉ោង ក្រោយពីបោកបក់ក្នុងល្បឿនខ្យល់១៣០គីឡូម៉ែត្រ ក្នុង១ម៉ោង កាលពីថ្ងៃទី២៨ សីហា មក តែគ្រោះថ្នាក់សំខាន់របស់វាគឺភ្លៀងធ្លាក់ខ្លាំងគំរាមកំហែងដល់ទំនប់ទាំងឡាយការ ពារក្រុងញូវអ័រលីន រដ្ឋល្វីហ្សាណា ។ ទឹកជំនន់បានជន់លិចតំបន់ជាច្រើនក្នុងរដ្ឋនេះ ៕
ចែករំលែកព័តមាននេះ