ខេត្តកំពង់ចាម ៖ រថយន្តម៉ាកឡិចស៊ីស១គ្រឿងពណ៌សំបកឪឡឹក ស៊េរី១៩៩៦ បានពន្លះជាមួយនឹងម៉ូតូម៉ាកឌ្រីមសេ១២៥ ស៊េរី២០១០ លាន់ដូចរន្ទះនៅត្រង់គល់ស្ពានគីហ៊្សុណាត្រើយខាងកើត ស្ថិតនៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែលជា៧យប់ថ្ងៃទី៣០ សីហា ២០១២ ដោយម៉ូតូត្រូវបានកៀបជាប់នៅក្រោមរថយន្តតែសំណាងម្ចាស់ម៉ូតូមិនមានគ្រោះថ្នាក់ដល់អាយុជីវិត គ្រាន់តែរងរបួសធ្ងន់ ។
តាមលោកសូ សារ៉ាត់ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា អ្នកជិះម៉ូតូឈ្មោះយ៉ាន យាន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឈើទាលស្រុត ឃុំរំចេក ស្រុកកំពង់សៀម ត្រូវបានរថយន្តបុកផ្លោងខ្ទាតចេញពីម៉ូតូមកកណ្តាលថ្នល់ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ ។ មុនពេលកើតហេតុម៉ូតូបានបើកចេញមកពីទិសខាងកើតឆ្ពោះទៅទិសខាងលិច រួមជាមួយនឹងម៉ូតូ១គ្រឿងទៀតត្រូវជាមិត្តភក្តិ ស្របពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបើកវ៉ាម៉ូតូ១គ្រឿង ដោយគ្រាន់តែវ៉ាបានបន្តិចក៏ត្រូវបានរថយន្តឡិចស៊ីស១គ្រឿងបើកបញ្ច្រាសទិសគ្នាមកដល់បុកលាន់ដូចរន្ទះត្រង់ផ្លូវចុះចំណោតជាហេតុបណ្តាលឱ្យម៉ូតូកៀបជាប់នៅពីក្រោមរថយន្តអូសបែកផ្កាភ្លើង ចំណែកម្ចាស់ម៉ូតូវិញ បានផ្លោងខ្ទាតចេញពីម៉ូតូប្រហែល៣ម៉ែត្រ រងរបួសធ្ងន់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ