កិច្ចប្រជុំមួយរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង១៥ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ស្តីពីវិបត្តិមនុស្សធម៌នៅស៊ីរីបានបញ្ចប់កាលពីព្រឹកថ្ងៃទី៣១ សីហា ដោយគ្មានដំណោះស្រាយណាមួយ ឬសេចក្តីប្រកាសឡើយ ខណៈដែលពួកមហាអំណាចលោកខាងលិចបានគំរាមជាថ្មី ចំពោះប្រធានាធិបតីស៊ីរីលោកបាចាអាល់អាសាដពីអន្តរាគមន៍យោធាមួយ ។
ការអនុម័តដំណោះស្រាយមួយក្នុងន័យនេះដោយក្រុមប្រឹក្សាសន្តិសុខអ.ស.បហាក់ដូចជាពុំអាចទៅរួចមកពីការរាំងខ្ទប់របស់រុស្ស៊ីនិងចិន ។ ក៏ប៉ុន្តែប្រទេសជាច្រើនអាចធ្វើអន្តរាគមន៍ក្រៅការអនុញ្ញាតរបស់អ.ស.ប ដូចក្នុងករណីនៅកូសូវ៉ូកាលពីឆ្នាំ១៩៩៩ ។
ក្នុងកិច្ចប្រជុំនេះស្តីពីសភាពការណ៍មនុស្សធម៌នៅស៊ីរីគេបានគូសបញ្ជាក់ថា មនុស្សជាង២,៥លាននាក់ត្រូវការជំនួយមនុស្សធម៌នៅស៊ីរីខណៈដែលចំនួនមនុស្សដែលភៀសខ្លួនចេញពីប្រទេសនេះមកកាន់ប្រទេសជិតខាង មានលើសពី២២០.០០០នាក់រួចហើយ។
អគ្គលេខាធិការរងអ.ស.ប លោកហ្សានអេលីយ៉ាសុន គូសបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ថាមនុស្សជាង២,៥លាននាក់ ក្នុងនោះមានជនភៀសខ្លួនមកពីប៉ាឡេស្លីន និងអីុរ៉ាក់ផង បច្ចុប្បន្នត្រូវការជំនួយ នឹងកិច្ចការពារនៅក្នុងប្រទេសស៊ីរី ។ មនុស្សទាំងនោះដែលរងគ្រោះដោយសារការប៉ះទង្គិចគ្នាត្រូវការជាពិសេសនូវទឹកស្អាត ស្បៀង ភួយ និងសេវាកម្មពេទ្យ ៕
ចែករំលែកព័តមាននេះ