ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល សុផាត និង ​សៅ ប៊ុន​នឿន តើ​នរណា​​ជា​ម្ចាស់​ ជើង​ឯក​ខ្សែ​ក្រវាត់​ K-cement ទម្ងន់​65​គីឡូ​ក្រាម​ ?

13 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖​​ ​ការ​ប្រកួត​​ប្រដាល់​​ក្បាច់​ខ្មែរ​បុរាណ​​ដណ្តើម​​ជើង​ឯក​ខ្សែ​ក្រវាត់​​​ K-cement ប្រភេទ​ទម្ងន់​​៦៥​​គីឡូ​ក្រាម​​​នៅ​លើ​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន​​៍​ប៉ុស្តិ៍​លេខ​​៥ នា​ថ្ងៃ​​អាទិត្យ​​ទី​២ កញ្ញា​ ​នេះ ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ហើយ ។ កីឡា​ករ​ផល សុផាត មក​ពីក្លិប​កង​រាជ​អាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ ​ត្រូវ​ជួប​​ប្រកួត​​ជា​មួយ​កីឡា​​ករ​សៅ ប៊ុន​នឿន មក​ពី​សមា​គម​កីឡា​ប្រដាល់​​ក្រសួង​មហា​ផ្ទៃ​​ ដើម្បី​​ដណ្តើម​​តំណែង​​ជា​ម្ចាស់​​ខ្សែ​ក្រវាត់ រី​ឯ​​ឡុង សុវណ្ណ​ពៅ មក​ពី​ក្លិប​​សាល​វ័ន្ត​កីឡា ជួប​​ជា​មួយ​យឹម ឌៀប មក​ពី​សមា​គម​កីឡា​ប្រដាល់​​ក្រសួង​ការ​ពា​រ​ជាតិ​​ យក​តំណែង​​លេខ​៣ ។

ផល​ សុផាត និង​សៅ ប៊ុន​នឿន សុទ្ធ​តែ​ជា​កំពូល​​អ្នក​ប្រដាល់​​ដែល​មាន​ល្បិច​​ប្រយុទ្ធ​​នៅ​​លើ​សង្វៀន​​ល្អ​​ដូច​​គ្នា​​ ។ ផល សុផាត ល្អ​ទាំង​ស្នៀត​​កែង និង​ជង្គង់​ ហើយ​រាល​់​​ការ​វាយ​​ចេញ គឺ​​ចំទិស​​ដៅ​ល្អ​ខ្លាំង​ណាស់ និង​​មាន​កម្លាំង​ខ្លាំង​​ទៀត​ផង ។ រី​ឯប៊ុននឿន មាន​​ស្នៀត​​កណ្តាប់​ដៃ​​​ល្អ​ អាច​វាយ​ចេញ​បាន​​រហ័ស​ ហើយ​​មាន​ទម្ងន​់​ធ្ងន់​ទៀត​​ផង​។ ចរិត​​របស់​ប៊ុន​នឿនឆាប់​ច្រឡោត​​មិន​សូវ​ចេះ​សំចៃ​​កម្លាំង​​​ប៉ុន្មាន​​ឡើយ ហើយ​​បើ​ដឹង​ថា​​ចាញ់​ដៃ​គូ​​ប្រកួត​ គេ​នឹង​វាយ​សម្រុក​​មិន​ដក​ថយ​ឡើយ ។  ទោះ​បី​ជា​យ៉ាង​ណា រវាង​គូ​នេះ​​គេ​មិន​ហា៊ន​​វាយ​​តម្លៃ​​ទុក​មុន​ថា​ នរណា​​ខ្លាំង​ជាង​នរណា​​ឡើយ មាន​តែ​​រង់​ចាំ​​មើល​ប៉ុណ្ណោះ ។

ឡុង សុវណ្ណពៅ និង​យឹម ឌៀប ជួប​គ្នា​លើក​នេះ គឺ​​ស្វែង​រក​តំណែង​លេខ​៣​​​ ។ សុវណ្ណ​ពៅ ក៏​ជា​កំពូល​​អ្នក​ប្រើ​​ស្នៀត​ជើង​យ៉ាង​ស្ទាត់​ជំនាញ​​ម្នាក់ដែរ ព្រោះ​​គេ​អាង​កម្ពស់​​ខ្ពស់​​អាច​​វាយ​ចេញ​ជា​​ប្រយោល​​ក៏​បាន​ចូល​​កៀក​ក៏​បា​​ន ប៉ុន្តែ​ចិត្ត​របស់​​គេ​​រាង​តូច​​បន្តិច​​ហើយ ។ ឯ​យឹម ឌៀប វិញ គ្រប់​គ្នា​​​តែង​​កោត​ក្រែង​​ស្នៀត​កណ្តាប់​ដៃ​ឆ្វេង​របស់​​គេ​​ដែល​វាយ​ចេញ​ចំ​គោល​ដៅ​បាន​ល្អ និង​​មាន​ទម្ងន់​ធ្ងន់​​ទៀត​ផង ។ ប៉ុន្តែ​​​យឹម ឌៀប ភាគ​ច្រើន​​ចូលចិត្ត​​មើល​​ងាយ​​គូ​ប្រកួត​ និង​មិន​សូវ​​ជា​មាន​ការ​ប្រុង​ប្រយ័ត្ន​​ទៀត​​ផង ។ និយាយ​​រួម​គូ​នេះ​​មាន​ល្បិច​ប្រយុទ្ធ​​នៅ​លើ​សង្វៀន​​មិន​លើស​មិន​ខ្វះ​​គ្នា​ប៉ុន្មាន​​ឡើយ ដូច្នេះ​​ចាំមើល​​តំណែង​​លេខ​៣​​ធ្លាក់​ទៅ​លើ​អ្នក​ណា ?

រី​ឯ​គូ​ប្រកួត​មិត្ត​​ភាព​វិញ ឡុង សុវណ្ណឌឿន មក​ពី​ក្លិប​សាល​វ័ន្ត​​កីឡា ជួប​ប្រកួត​ជា​មួយ​​ពេជ្រ សម្បត្តិ មក​ពី​សមា​គម​​កីឡា​ប្រដាល់​ក្រសួង​​ការ​ពារ​ជាតិ​ ។ ស៊ិន សារ៉េត ​មក​ពី​ក្លិប​​កង​​ពល​តូច​​ឆត្រ​យោង​៩១១ ជួប​ប្រកួត​​​ជា​មួយ​កីឡា​ករ​ចាន់ សំអាត មក​ពី​ក្លិប​កង​ពល​ធំ​អន្តរា​គមន៍​​លេខ​៣​ព្រះ​វិហារ ៕​