នាងម៉ារីយ៉ា សារ៉ាប៉ូវ៉ា កីឡាការិនីវាយកូនបាល់ដ៏ស្រស់ស្អាតជនជាតិរុស្ស៊ី បានបញ្ជាក់ប្រាប់អ្នកគាំទ្ររបស់ខ្លួនថា ខ្លួនគ្មានផ្ទៃពោះ បន្ទាប់ពីមានអាការក្អួតចង្អោរនាពេលកន្លងមក។ ម៉ារីយ៉ា សារ៉ាប៉ូវ៉ា បានឆ្លងចូលជុំទី២ នៃការប្រកួតមួយទល់មួយក្នុងកម្មវិធីយូអេស អូផេន ២០១២ (US Open 2012) កាលពីថ្ងៃទី២៨ សីហា កន្លងមក បន្ទាប់ពីយកឈ្នះកីឡាការិនី មេលីនដា ស៊ីង មកពីហុងគ្រី ចំនួន២សិត ៦-២ និង៦-២ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលមុននេះនាងបានដកខ្លួនពីការប្រកួតក្នុងកម្មវិធីម៉ុងត្រេអាល់ និងស៊ីនស៊ីនណេទី ដោយសារមានបញ្ហារកក្អួតចង្អោរ ធ្វើឱ្យម្ចាស់មេដាយមាសអូឡាំពិកហ្គេមរូបនេះមានអាការឈឺក្បាលវិលមុខ ។ នៅក្នុងជុំបន្ត កីឡាការិនីវាយកូនបាល់អាយុ២៥ឆ្នាំ រូបនេះនឹងជួបជាមួយកីឡាការិនី ល័រដេស ដូមីហ្គេស លីណូ មកពីអេស្ប៉ាញ ។ នាងបានបញ្ជាក់ប្រកបដោយភាពត្រេកអរក្រោយពីចូលត្រួតពិនិត្យអាការជំងឺរបស់ខ្លួនថា «វាជារឿងចម្លែកដែលគ្រូពេទ្យបញ្ជាក់ថា ខ្ញុំមានសុខភាពល្អ និងគ្មានគភ៌» ។
ក្រៅពីនេះនាងក៏បានបង្ហើបឱ្យដឹងទៀតថា ខ្លួនបានប្រគល់រថយន្ត Audi ដ៏ស្រស់ស្អាត ជារង្វាន់លើកទឹកចិត្តពីប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ីសម្រាប់កីឡាករ-កីឡាការិនីដែលទទួលបានមេដាយមាស ក្នុងការប្រកួតអូឡាំពិកហ្គេម២០១២ ដល់ឪពុករបស់ខ្លួនរួចរាល់ហើយ។ ចំណែកពាក្យចចាមអារ៉ាមទាក់ទងនឹងការរៀបការរបស់នាងសារ៉ាប៉ូវ៉ា ជាមួយគូស្នេហ៍អតីតកីឡាករបាល់បោះ NBA នៅទីក្រុងអីុស្តង់ប៊ុល ប្រទេសតួកគី នៅក្នុងខែវិច្ឆិកាខាងមុខនេះ នាងបានបញ្ជាក់ថា «ខ្ញុំគ្មានគម្រោងរៀបការនៅក្នុងខែវិច្ឆិកាទេ ខ្ញុំពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមនុស្សគ្រប់រូបជឿលើរឿងនេះ» ៕
ចែករំលែកព័តមាននេះ