ប្រទេសចិន និងអាល្លឺម៉ង់បានចុះហត្ថលេខាកាលពីថ្ងៃទី៣០ សីហា លើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ក្នុងនោះមានកិច្ចព្រមព្រៀងមួយ ដើម្បីទិញយន្តហោះ AIRBUS ចំនួន៥០គ្រឿង ។នាយករដ្ឋមន្ត្រីចិនលោកវេន ជាបាវ និងអធិការបតីអាល្លឺម៉ង់លោកស្រីអេនហ្សឺឡាម័រ កែលបានចូលរួមក្នុងពិធីចុះហត្ថលេខាក្រោយពីមេដឹកនាំទាំង២ធ្វើការពិគ្រោះពិភាក្សាអន្តររដ្ឋាភិបាលចិន-អាល្លឺម៉ង់លើកទី២មក។
ក្រុមហ៊ុន AIRBUS និងក្រុមហ៊ុនចិន ICBC LEASING បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះនេះដែលមានតម្លៃដល់៣,៥ពាន់លានដុល្លារ ហើយផ្តោតលើការទិញយន្តហោះ AIRBUS ធុន A320 ចំនួន៥០គ្រឿង ។ប្រទេសទាំង២ ក៏ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួនជាង១០ទៀត ជាពិសេសកិច្ចព្រមព្រៀងមួយស្តីពីការដំឡើងយន្តហោះ AIRBUS នៅប្រទេសចិន។ ឯកសារទាំងនោះទាក់ទិនដល់ផ្នែកយន្តហោះ រថយន្ត គមនាគមន៍ ថាមពល បរិស្ថាន សុខាភិបាល និងកិច្ច សហប្រតិបត្តិការខាងសមុទ្រ ។
លោកស្រីអធិការបតីអាល្លឺម៉ង់បានមកដល់ក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី៣០ សីហា ដែលចាប់ផ្តើមទស្សនកិច្ចជាផ្លូវការរយៈពេល២ថ្ងៃ មួយនៅចិនតាមការអញ្ជើញរបស់លោកវេនជាបាវ៕
ចែករំលែកព័តមាននេះ