ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ ស្រី​នាង​​មិនផ្សះផ្សា​ស្នេហ៍​ តែ​ផ្សារ​​ជីវិត​​​នឹង​សិល្បៈ​​ស្តារ​កេរ្តិ៍​ឈ្មោះ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ភាព​​ប្រេះឆា​​នៃ​ចំណង​អាពាហ៍​​ពិពាហ៍​​រវាង​​តារា​ចម្រៀង​​ សុខ​ ស្រី​នាង​ ​និង​​លោក ស៊ី សុវត្ថិ បានអូស​បន្លាយ​រយៈ​ពេល​យូរ​​មកហើយ ​​ដោយ​មិនមាន​សញ្ញាណា​មួយ​​បង្ហាញ​​ថា ​​នឹង​វិល​ទៅកាន់​សភាព​ដើម​វិញឡើយ​ ។ ថ្មីៗនេះ​មាន​ការ​លើក​ឡើង​ថា ចំណង​អាពាហ៍​ពិពាហ៍​​របស់​អ្នក​ទាំង​​២អាច​នឹង​វិល​ទៅ​កាន់ស​ភាព​ដើមវិញ​ បន្ទាប់​ពីមានការ​សម្រុះ​សម្រួល​ជាបន្ត​បន្ទាប់​​​ពីឪពុក​ម្តាយ​​​ក្មេក​របស់​ សុខ ស្រីនាង​ ប៉ុន្តែ​​ពេលសួរ​រឿង​នេះតារា​ចម្រៀង​​រាង​ខ្ពស់​​ស្រឡះ​​ សុខ ស្រី​នាង​ អះអាង​ថា ​ចំណង​ស្នេហ៍​​ប្តី​ប្រពន្ធ​​របស់​នាង​មិនអាច​វិល​ទៅរក​សភាព​ដូច​ដើម​ឡើយ ពោល​គឺនាង​​​នឹង​មិនបកក្រោយ​ចំពោះ​រឿង​នេះ​ទេ ។

បញ្ហា​ដែល​នាង​ត្រូវ​គិត​នា​ពេល​នេះ​ គឺ​ធ្វើយ៉ាងណា​​ខិតខំ​ពង្រឹង​​សិល្បៈ​ជា​ថ្មី​ទាន់​ឱកាស​ហុច​ឱ្យ​ ។ ចំណង​ស្នេហ៍​ជាង​​៣ឆ្នាំ​របស់​តារា​ចម្រៀង​​ទាំង​​២​ដួង​នេះ​បានឈានដល់​​ផ្លូវ​បំបែក​​​​ កាល​ពី​អំឡុង​ខែកក្កដា ដោយអ្នកទាំង​២​បាន​សម្រេច​​ចិត្ត​ដើរ​តាម​ផ្លូវ​រៀង​ខ្លួន​ និង​មិនអាច​ត្រឡប់​​ផ្សះផ្សា​​​នឹង​គ្នា​វិញ​​ឡើយ បើទោះ​​បីជា​មានការ​ជួយ​អន្តរាគមន៍​​ពីឪពុក​ម្តាយ​ក្មេក​​របស់​ សុខ​ ស្រីនាង​ ក៏​ដោយ ។ សុខ​​ ស្រី​នាង​​ នៅតែ​ប្រកាន់​​ភាព​រឹង​រូស​​របស់​​នាង​ដោយ​បដិសេធ​ការ​ជា​នាគ្នា​វិញ​​ពីស្វាមី​ លោក​ ស៊ី សុវត្ថិ​ បើទោះ​បី​ជាពេល​នេះ​នាង​នៅ​តែ​​​មាន​​ទំនាក់​ទំនង​​​ជាមួយ​ឪពុក​ម្តាយ​ក្មេក​របស់​​នាង​ជា​ធម្មតា​ក៏​ដោយ ។

សុខ​​ ស្រី​នាង​ អះអាង​​​ចំពោះ​ចំណង​ស្នេហ៍​​របស់​នាង​​ក្នុង​ពិធី​ក្រុង​ពលី​ថត​រឿង​ថ្មី​​របស​់​ផលិត​កម្ម​​សាន់​ដេ​ដែលនាង​សម្តែង​ជា​តួឯក​​​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ថា សម្ព័ន្ធ​ស្នេហ៍​របស់នាង​មិន​អាច​​វិល​ទៅរក​សភាព​ដើម​ឡើយ ហើយនាង​ក៏​គ្មាន​​គំនិត​ណាមួយ​ដើម្បី​​បក​ក្រោយ​ក្នុង​រឿង​​​នេះ​ទេ  គឺនាង​​​គិត​តែ​ខិត​ខំ​សាង​កេរ្តិ៍​ឈ្មោះ​ក្នុង​​ពិភព​​សិល្បៈ​ឡើង​វិញ បន្ទាប់​ពី​ទទួល​បានឱកាស​ថ្មី​​នេះ​ ។​តារា​ចម្រៀង​រូប​នេះ​បញ្ជាក់ថា បើទោះ​បីជា​នាង​​មិនអាចជានា​ជាមួយ​​ស្វាមី​វិញ​ក៏ដោយ​ តែ​ចំពោះ​ឪពុកម្តាយ​​ក្មេក​គឺ​នៅតែ​ប្រាស្រ័យ​ទាក់​ទងគ្នា​​ដដែល ដោយនាង​​នៅតែ​ស្រ​លាញ់​​រាប់​អាន​​​ពួកគាត់​ដូចមុន ។ សុខ ស្រី​នាង​​ ពោល​ដោយខ្លី​ថា«​នាង​ខ្ញុំ​​មិន​ចង់​រំលឹក​​រឿង​​ចាស់​ឡើយ ក្នុងកាល​ៈ​ទេសៈ​ដែល​នាង​​ខ្ញុំ​កំពុង​​តែ​ឈាន​ជើង​ចូល​​ក្នុង​វិស័យ​​ចម្រៀង​​ជា​ថ្មី​នេះ ។ បច្ចុប្បន្ន​​​នាង​ខ្ញុំ​​​ចង់​និយាយ​អ្វី​​ដែល​ថ្មី​នៅក្នុងវិស័យ​សិល្បៈ​​ដែល​នាង​ខ្ញុំ​កំពុង​​តែដើរ​​នេះ​ហើយ​នាង​​ខ្ញុំ​​ចង់រស់នៅ​ជា​មនុស្ស​​ថ្មី​ដោយ​មិនចង់​រំលឹក​​រឿង​ចាស់​» ។

យុវវ័យ​ដែល​និយម​ស្តាប់​​បទ​ចម្រៀង​​ប្រហែល​ជានៅ​មិន​ទាន់​ភ្លេច​ទេ​ពីតារា​ចម្រៀង​រាង​ខ្ពស់​ស្រឡះ​មួយ​ដួង​នេះ​ដែល​ធ្លាប់​​​កសាង​​កេរ្តិ៍​ឈ្មោះ​ដ៏​ស្រស់​បំព្រង​​នៅក្នុងចន្លោះ​​ឆ្នាំ​២០០៦​ដល់​២០០៨​ ក្នុង​ផលិត​កម្ម​KH Promotion ។ បន្ទាប់​មកកេរ្តិ៍​​ឈ្មោះរបស់​​ សុខ​ ស្រី​នាង​ បានបាត់​ស្រមោល​​មួយ​រយៈ​​ធំ​បន្ទាប់​ពីនាង​​សម្រេច​ចិត្ត​ក្រាប​​ផ្ទឹម​ទទួល​យក​ផ្កាស្លា​​ពីតារា​ចម្រៀង​​រួម​ផលិត​កម្ម​គឺលោកស៊ី សុវត្ថិ ។ ការ​រួម​​រស់​​​​ជាជីវិត​ប្តី​ប្រពន្ធ​​របស់​តារាចម្រៀង​​​មួយ​គូ​​នេះ​បានត្រឹមតែ​​ជាង​​២ឆ្នាំ​ប៉ុណ្ណោះក៏​ឈាន​ដល់​ភាព​ប្រេះ​ឆា ដោយ​មិនបាន​​បន្សល់​ទុកកូន​​ជា​ចំណង​ដៃ​ឡើយ ។

មូលហេតុ​នៃការ​បាក់បែក​នោះ​បាន​ជម្រុញ​ចិត្ត​ឱ្យ​ សុខ​ ស្រីនាង​ បណ្តែត​ខ្លួន​ចូលក្នុង​ពិភព​សិល្បៈ​ជា​ថ្មីវិញ​​​ និងបាន​​ចាប់​យក​អាជីព​​​នេះ​បន្ត​ទៀត​ ។ ការ​វិល​​មកជាថ្មី​​របស់​សុខ ស្រី​នាង​ នា​ពេល​នេះ​ត្រូវ​គេ​មើល​​ឃើញ​ថា នាង​នឹង​អាច​​ចាប់​ឈោង​​ភាព​ល្បី​ល្បាញ​​​ឡើង​វិញ​ ខណៈ​​នាង​ជ្រក​ក្នុង​ទ្រនំសាន់ដេ ​ព្រមទាំង​បាន​​ក្រសោប​តំណែង​​​ជាតួឯក​​ជាលើកដំបូង​​ក្នុងឆាក​ជីវិត​​នៃ​អាជីព​​សិល្បៈ​​​របស់នាង ។

​នៅពេលសួរ​នាំ​ពីរឿង​​ស្នេហា​​​ថ្មី ​តារាចម្រៀង​​មេម៉ាយ​ក្មេង​ខ្ចី​រូបនេះ​​​អះអាង​ថា នាង​នៅមិន​ទាន់​​បើកចិត្ត​ទទួល​យកសេ្នហា​​ថ្មីឡើយ ព្រោះ​នាង​កំពុង​​តែរៀប​ជើង​​ព្រួល​ធ្វើយ៉ាងណា​​​ក្រសោប​​កេរ្តិ៍​​ឈ្មោះមកវិញ ចំណែក​រឿង​​ផ្សេង​នាង​​​បានកប់​ទុក​ចោល​មិនសើរើ​មក​វិញ​ឡើយ​ ព្រោះ​រឿង​​រ៉ាវ​​ទាំង​ឡាយ​​ដែលបានកើត​​មាន​ចំពោះ​​នាង​នា​ពេល​​កន្លងមក​នោះបានធ្វើឱ្យ​​នាង​យំស្ទើរ​តែ​​ខ្សោះ​ទឹក​ភ្នែក​​​ហើយ​នោះ ៕