រាជធានីភ្នំពេញ ៖ កីឡាករឯម លីថូ ដែលជាជើងខ្លាំងនៅក្នុងពិភពសង្វៀនប្រដាល់នឹងធ្វើការប្រកួតសាកកម្លាំងគ្នាជាមួយកីឡាករទី ពន្លែត មកពីក្លិបសឹករងខេត្តសៀមរាប នាថ្ងៃអាទិត្យទី២ កញ្ញា នៅលើសង្វៀនប្រដាល់កោះពេជ្ររបស់ស្ថានីយទូរទស្សន៍បាយ័នព័ត៌មាន ។ ការប៉ះគ្នារវាងជើងខ្លាំងពីររូបនេះមិនដឹងថា នឹងរញ្ជួយសង្វៀនកម្រិតណាឡើយ ដោយសារតែកីឡាករពីររូបនេះមិនដែលមានប្រវត្តិជួបគ្នាម្តងណាទេ ដែលធ្វើឱ្យអ្នកទស្សនាមានការពិបាកសន្និដ្ឋាន ។
កីឡាករឯម លីថូ បានអះអាងប្រាប់កោះសន្តិភាពថា ចំពោះការផ្គូផ្គងរូបគេឱ្យមកប៉ះទី ពន្លែត នេះរូបគេមិនដែលចេះញញើតទេ ថ្វីដ្បិតតែមិនធ្លាប់ដែលបានជួបគ្នាពីមុនមកក៏ដោយ និងបានត្រៀមជាស្រេចមិនឱ្យមហាជនខកចិត្តឡើយ។ ម្ចាស់ខ្សែក្រវាត់ខារ៉ាបាវដែលបានទទួលកាលពីដើមឆ្នាំនេះនៅសង្វៀន CTN បាននិយាយក្នុងសម្តីម៉ឺងម៉ាត់ទៀតថា «ទោះជាយើងមិនទាន់បានដឹងថាភាគីម្ខាងទៀតខ្លាំងប៉ុនណា តែសម្រាប់ខ្ញុំមិនបណ្តោយឱ្យគេស៊ីផុយបានទេ ព្រោះរាល់ថ្ងៃការហ្វឹកហាត់របស់ខ្ញុំគឺខិតខំខ្លាំងណាស់ ។ ថ្វីដ្បិតយើងខ្លាំងតែគេក៏ខ្លាំងដែរ ដូច្នេះមានតែការហ្វឹកហាត់ទេដែលអាចជាការប្រសើរក្នុងការការពារខ្លួនយកជ័យជម្នះបាន» ។
ដោយឡែក លោកឯម ច័ន្ទសុផល គ្រូបង្វឹកប្រចាំក្លិបគ្រុឌមានជ័យថ្លែងថា «ខ្ញុំមិនដែលចង់ឱ្យសិស្សគុនរបស់ខ្ញុំទៅអួតសម្ញែងថា យើងជាអ្នកខ្លាំងដាច់ខាត។ បើយើងក្អេងក្អាងពេកក៏មិនល្អដែរ ព្រោះជាកីឡាករមិនមែនជាអាទិទេពដឹងមុនទេ អ្វីៗកុំសង្ឃឹមមុនព្រោះមើលមិនដឹងថាមានអ្វីកើតឡើងពេលប្រកួតជាក់ស្តែង» ។ លោកបន្តថា អ្នកប្រដាល់គេមិនដែលធ្វេសប្រហែសឡើយ ឱ្យតែជិតប្រកួតគេបង្វឹកសិស្សគេណាស់មិនថាតែយើង ឬគេឡើយ វិធីល្អមានតែការហាត់រៀនឱ្យដិតដល់ប៉ុណ្ណោះ ។ ទោះជាយ៉ាងណា ប្រិយមិត្តនឹងរង់ចាំតាមដានគូពិសេសនេះដោយសង្ឃឹមថាពួកគេនឹងធ្វើបានល្អសម្រាប់ក្បាច់ពិសេសដើម្បីបង្កើនភាពទាក់ទាញជាងនេះ ។
ចំពោះកីឡាករទី ពន្លែត ដែលបានបង្ហាញក្បាច់ប្រដាល់ឱ្យមហាជនដឹងកាលពីពេលកន្លងទៅត្រូវបានមជ្ឈដ្ឋាននានានិយាយថា ពន្លែត ពូកែខាងកម្លាំង តែភាពខ្លាំងរបស់គេបានតែពីដំបូង ។ កីឡាកររូបនេះចូលចិត្តវាយសន្ធាប់ពីដំបូងដោយវាយយកៗ លុះដល់ចូលទឹកបន្តបន្ទាប់គឺពិបាក បែរជាវាយយឺតរហូតដល់ចុងបញ្ចប់កាន់តែយ៉ាប់តែម្តង ។ ទោះជាយ៉ាងណាកីឡាករតែងតែប្រែប្រួលមើលមិនដឹងឡើយ ព្រោះបើមានចំណុចណាខ្វះចន្លោះពួកគេកែប្រែស្រួលមិនស្រួល ទី ពន្លែត អាចនឹងមានស្នៀតពិសេសបញ្ចេញឱ្យអ្នកទស្សនាភ្ញាក់ផ្អើលផងក៏មិនដឹង ។
ដោយឡែក សម្រាប់គូប្រកួតជាលក្ខណៈមិត្តភាពវិញ កីឡាករពេជ្រ ម្ទេសខ្មាំង មកពីក្លិបអរុណរះកីឡា ប្រកួតជាមួយកីឡាករសាញ់ ណាគីន មកពីក្លិបភូមិគាបបន្ទាយមានជ័យ ។ កីឡាករជុន សាវុញ មកពីក្លិបអូដឹមកីឡា ប្រកួតជាមួយកីឡាករចាន់ មុន្នី មកពីក្លិបនិរោធមានជ័យ និងគូចុងក្រោយកីឡាករកែវ វិរៈ មកពីក្លិបគជសារកីឡា ប៉ះជាមួយកីឡាករផន ប៊ុនម៉ៅ មកពីក្លិបក្រសួងការពារជាតិ ៕
ចែករំលែកព័តមាននេះ