រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៣០ សីហា សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនជនដែលតុលាការត្រូវចោទពីបទប្លន់ម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកឆាយ គង់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ។
ជនជាប់ចោទដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះស៊ុន គីរី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះលេខ១៥BE1 ផ្លូវលេខ១២៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។ ក្រោយពីឃាត់ខ្លួនជនត្រូវចោទ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមអំណាចដីកាបង្គាប់ឱ្យចាប់ខ្លួន ឬឃុំខ្លួនលើសាលក្រមកំបាំងមុខដែលមានស្រាប់ ។
ដីកានោះបានបញ្ជាក់ថា ឈ្មោះស៊ុន គីរី និងបក្សពួក២នាក់ទៀតមានឈ្មោះមាស សុខុម ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះហម រ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ បានប្រព្រឹត្តអំពើប្លន់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា កាលពីថ្ងៃទី៣០ មីនា ២០០៩ ។ បន្ទាប់ពីបានធ្វើសកម្មភាពរួចសមត្ថកិច្ចក៏ឃាត់បានគូកន២នាក់ គឺមាស សុខុម និងហម រ៉ាឌី នាំទៅដាក់ពន្ធនាគារ និងបានបើកសវនាការផ្តន្ទាទោសចំពោះមុខពួកគេទាំង២នាក់ ដោយដាក់គុកម្នាក់៦ឆ្នាំ ហើយសាលក្រមនោះក៏បានប្រកាសកំបាំងមុខលើឈ្មោះស៊ុន គីរី នេះដាក់ពន្ធនាគាររយៈពេល៦ឆ្នាំដែរ គិតពីថ្ងៃចាប់ខ្លួន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ