ខេត្តសៀមរាប ៖ អគារសិក្សា១ខ្នង ទទឹង៧ម៉ែត្រគុណ២៨ម៉ែត្រ មានចំនួន៤បន្ទប់ ប្រក់ដំបូលក្បឿងស៊ីផេក រួមនឹងសមិទ្ធផលផ្សេងៗទៀត របស់ជប៉ុនចំណាយអស់ចំនួន៧ម៉ឺនដុល្លារ នៅក្នុងសាលាបឋមសិក្សាថាមា៉ហ្កាវ៉ាគោលថ្មី ស្ថិតក្នុងភូមិគោលថ្មី ឃុំពពេល ស្រុកសូត្រនិគម ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី២៩ សីហា ២០១២ ក្រោមអធិបតីភាពលោកស៊ាង ប៊ុនលាង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងអមដំណើរដោយសប្បុរសជនជប៉ុនជាច្រើនរូបផងដែរ ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋលោកស៊ាង ប៊ុនលាង បានគូសបញ្ជាក់ថា លោកសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកហ៊ន់ ស៊ាងហុង និងលោកស្រី ហេង ច័ន្ទបុប្ផា ប្រធានអង្គការ T.D.O ព្រមទាំងសហការីទាំងអស់ដែលបានជួយកសាងសមិទ្ធផលជាច្រើនជូនដល់ប្រជាពលរដ្ឋមានជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ។
លោកស៊ាង ប៊ុនលាង បន្តឱ្យដឹងទៀតថា ដោយភាពឈ្លាសវៃរបស់ប្រធានអង្គការនេះបានទំនាក់ទំនងនាំសប្បុរសជនមកពីក្រៅប្រទេសមានដូចជា៖ ប្រទេសជប៉ុន ប្រទេសស្វ៊ីសដិន អង្គការអាសាប់ អង្គការមេកដឺហេវិន និងអង្គការដៃគូមួយចំនួនទៀតដើម្បីជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធរួមមានអគារសិក្សា មន្ទីរពេទ្យ ផ្លូវលំ ផ្លូវថ្នល់ តារាងបាល់ទាត់ អណ្តូងទឹក និងសមិទ្ធផលជាច្រើនកន្លងមក ក្នុងនោះមាននៅខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់សោម ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ជាក់ស្តែងនៅខេត្តសៀមរាប អង្គការអាសាប់ ក៏បានជួយកសាងអគារសិក្សា ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទីនេះជាច្រើនកន្លែងផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ