រាជធានីភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា ដណ្តើមបានពានជើងឯកក្របខណ្ឌបាល់ទាត់ប៉ូលិសអាស៊ានឆ្នាំ២០១២ បន្ទាប់ពីប្រកួតឈ្នះក្រុមបាល់ទាត់ម្ចាស់ផ្ទះវៀតណាម ក្នុងលទ្ធផល ១-១ នៅវគ្គប្រកួតផ្តាច់ព្រ័ត្រដែលទើបតែបញ្ចប់កាលពីថ្ងៃទី២៨ សីហា ។
លោកជួន ណារិន ប្រធានក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានឱ្យដឹងថា ឆ្លងកាត់ការប្រកួតវគ្គជម្រុះជុំទី១ ក្រុមប៉ូលិសកម្ពុជាបានឈ្នះលើក្រុមប៉ូលិសឡាវដែលជាម្ចាស់ជើងឯក League របស់គេក្នុងលទ្ធផល ២-១ បន្ទាប់មកឈ្នះក្រុមប៉ូលិសអូស្ត្រាលី ៣-១ និងឈ្នះក្រុមប៉ូលិសថៃ ក្នុងលទ្ធផល ១-០ ជាបន្តទៀត ។ សម្រាប់ការមកប៉ះក្រុមម្ចាស់ផ្ទះវៀតណាម នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រក្រុមកម្ពុជាបានយកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាម ២-១ ។ លោកបន្តឱ្យដឹងទៀតថា នេះគឺប្រវត្តិសាស្ត្ររបស់កម្ពុជាយើងហើយ ដែលពីមុនៗមកយើងបានត្រឹមតែមើលគេលើកពានប៉ុណ្ណោះ ។
លោកជួន ណារិន បានសង្កត់ធ្ងន់លើបច្ចេកទេសនៃការលេងរបស់ក្រុមបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិថា មានការប្រហាក់ប្រហែលនឹងក្រុមបាល់ទាត់ប៉ូលិសឡាវ,ថៃ,វៀតណាម និងអូស្ត្រាលីដែរ ប៉ុន្តែក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា មានឱកាសវាយបកយកឈ្នះ រួមផ្សំនឹងភាពវ័យឆ្លាតទៀតផងនោះ បានធ្វើឱ្យក្រុមកម្ពុជាយើងទទួលបានជ័យជម្នះជាបន្តបន្ទាប់ ។ លោកគិតថា លទ្ធផលទាំងនេះ គឺជាមោទនភាពខ្លាំងណាស់សម្រាប់ក្រុមកីឡាបាល់ទាត់កម្ពុជាយើង ៕
ចែករំលែកព័តមាននេះ