ក្រសួងការបរទេសរុស្ស៊ីថ្លែងកាលពីថ្ងៃទី៣០ សីហា ថា ពួកចោរសមុទ្របានដោះលែងជនជាតិរុស្ស៊ី២៣នាក់ ដែលស្ថិតក្នុងនាវាដឹកប្រេងកាតមួយដាក់ទង់ជាតិក្រិច ដែលពួកគេចាប់ក្នុងដែនទឹកតូហ្គោ ។ ក្នុងសេចក្តីប្រកាសមួយក្រសួងនោះបន្តថា សមាជិកក្រុមនាវិកទាំងអស់របស់នាវានេះ ដែលមានជនជាតិរុស្ស៊ី២៣នាក់ និងជនជាតិក្រិចម្នាក់ជាកាពីតែននាវាពេលនេះមានសុខភាពល្អ ។ នាវាដឹកប្រេងក្រោយការដោះលែងនឹងបន្តដំណើររបស់ខ្លួនទៀត ។ ក៏ប៉ុន្តែសេចក្តីប្រកាសនោះពុំបានបញ្ជាក់ថា តើកាលពីពេលណាបណ្តាសមាជិកក្រុមនាវិកត្រូវបានដោះលែងឡើយ ។
ចំណែកក្រុមហ៊ុនជាម្ចាស់នាវានោះគូសបញ្ជាក់ថាសមាជិកក្រុមនាវិកទាំងអស់ ត្រូវបានដោះលែងដោយពួកចោរសមុទ្រដែលបានបូមប្រេងយកចំនួន៣០០០តោន មុនពេលចាកចេញ។ ក្នុងពេលត្រូវពួកចោរសមុទ្រចាប់ពុំមានមនុស្សណាម្នាក់លើនាវាដឹកប្រេងនោះត្រូវរបួសឡើយ ។
សមាជិកក្រុមនាវិកកំពុងតែវាយតម្លៃលើការខូចខាតចំពោះនាវា មុនពេលជួសជុល ។ នាវាដឹកប្រេងនេះដោតទង់ជាតិក្រិចជាមួយសមាជិកក្រុមនាវិក២៤នាក់ ត្រូវពួកចោរសមុទ្រចាប់ កាលពីថ្ងៃទី២៨ សីហា នៅកន្លែងមួយចម្ងាយប៉ុន្មានម៉ាយប៉ុណ្ណោះ ពីទីក្រុងឡូមេរដ្ឋធានីតូហ្គោ ៕
ចែករំលែកព័តមាននេះ