ខេត្តស្ទឹងត្រែង ៖ ពីខេត្តស្ទឹងត្រែងមានសេចក្តីរាយការណ៏មកថា មេធាវី និងជាសមាជិកក្រុមអ្នកច្បាប់ទីស្តីការគណៈរដ្ឋមន្រ្តី លោកស្រីមាស សុខគន្ធ និងស្វាមីឈ្មោះគុជ ព្រីសុវណ្ណ ដែលពាក់ព័ន្ធជម្លោះដីធ្លីនៅចំណុចដុងក្រឡ ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ហើយត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចឃុំខ្លួនបណ្តោះអាសន្នជាង១ខែកន្លងមកនេះ នៅព្រឹកថ្ងៃទី៣០ សីហា ២០១២ សាលាដំបូងខេត្តស្ទឹង ត្រែងក៏បានសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដោយសារសាមីខ្លួនមាន លិខិតធានាជាផ្លូវការនោះរួចមក ។
គួររំលឹកផងដែរថា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ចូនលោកស្រីមាស សុខគន្ធ អាយុ៤៣ឆ្នាំ ជាមេធាវី និងស្វាមី ឈ្មោះគុជ ព្រីសុវណ្ណ អាយុ៤០ឆ្នាំ មានឋានៈវរសេនីយ៍ទោមុខងារនាយការិយាល័យបុគ្គលិក ស្ថិតក្នុងអង្គភាពទីចាត់ការចលនូប្បត្ថម្ភនៃអគ្គបញ្ជាការដ្ឋានមកកាន់សាលាដំបូងខេត្តស្ទឹងត្រែង កាលពីសៀលថ្ងៃទី១២ កក្កដា ២០១២ និងក្រោយមកត្រូវ បានលោក អៀង គឹមថុល ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តស្ទឹងត្រែង សម្រេចឃុំខ្លូនជនសង្ស័យទាំងពីរនាក់ខាងលើនោះ ដោយសារយល់ឃើញថាពីរនាក់នេះ បានរងការចោទប្រកាន់តាមមាត្រា៦០៧និងមាត្រា៦០៩នៃក្រមព្រហ្មទណ្ឌជាបទល្មើសត្រូវមានទោស។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ