រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋនៅតាមជួរមាត់ទន្លេសាបកញ្ជ្រោលអណ្តាតភ្លើងសន្ធោសន្ធៅ និងខ្ជាក់ផ្សែងខ្មៅអាប់ខ្មួលខ្មាញ់ឡើងទៅលើអាកាសវេហាស៍ដែលមើលទៅគួរឱ្យតក់ស្លុត និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី៣១ សីហា ២០១២ នៅក្រុម១ និងក្រុម៩ សហគមន៍អ្នកក្រីក្រជ័យមង្គល ស្ថិតក្នុងភូមិក្រោយគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខាងជើងស្ថានីយទូរទស្សន៍ CTN ខណ្ឌឫស្សីកែវ ។
ពេលនេះ ប៉ូលិស ប៉េអឹម និងមន្ត្រីអាជ្ញាធរមូលដ្ឋានរាប់សិបនាក់ បានចេញអន្តរាគមន៍ចាត់ចែងសណ្តាប់ធ្នាប់, សំរួលចរាចរណ៍, ការពារសន្តិសុខ ចោរកម្ម និងហៅរថយន្តពន្លត់អគ្គិភ័យទៅបង្ក្រាបអណ្តាតភ្លើង ខណៈសំឡេងរញៀវខ្ញៀវខ្ញារ ស្រែកហៅគ្នាឱ្យជួយជញ្ជូនអីវ៉ាន់ និងសំឡេងកញ្ចែរបស់សមត្ថកិច្ចសំរួលសណ្តាប់ធ្នាប់ ។ រយៈពេល៣ម៉ោងក្រោយមក ទើបភ្លើងរលត់ទាំងស្រុង ក្រោយការបាញ់ទឹកពន្លត់យ៉ាងសកម្មរបស់សមត្ថកិច្ច និងប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកពីជាច្រើនស្ថាប័ន ។
តាមមន្ត្រីប៉ូលិសបានឱ្យដឹងថា អគ្គិភ័យនេះបានលេបត្របាក់ផ្ទះអស់៣២ខ្នងដែលនេះជាតួលេខដំបូង ហើយការខូចខាតនេះត្រូវបានគេវាយតម្លៃថា ធំដុំគ្រាន់បើ បើទោះណាទីកន្លែងនេះសំបូរទៅដោយលំនៅឋានអ្នកក្រីក្រក៏ដោយ… ចំណែកឯការរងរបួសវិញ គឺមានស្រីម្នាក់រលាកភ្លើងតិចតួច និងមន្ត្រីប៉ូលិសម្នាក់រន្ធត់ចិត្តខ្លាំងពេក រហូតដួលសន្លប់ ប៉ុន្តែមិនរលាកភ្លើងទេ ហើយក៏មិនមានអ្នកណាស្លាប់ដោយសារភ្លើងដែរ ។
កន្លែងកើតហេតុខាងលើត្រូវបានមន្ត្រីអាជ្ញាធរនិយាយឱ្យដឹងថា ផ្ទះភាគច្រើនសង់អំពីឈើប្រក់ដំបូលស័ង្កសីជាប់ៗគ្នា រាងរកេតរកូត ផ្លូវចូលមានស្ថានភាពបត់បែន តូចចង្អៀតនៅលើដីចំណីមាត់ទន្លេ ពិបាកដល់រថយន្តពន្លត់អគ្គិភ័យចូលទៅបាញ់ទឹកពន្លត់ ។ គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យបន្លឺស៊ីរ៉ែនចេញ-ចូលឥតឈប់ឈរជាច្រើនគ្រឿង ចូលទៅបាញ់ទឹកពន្លត់ធ្វើឱ្យភ្លើងបានថមថយអំណាច ហើយឈានទៅរលត់ទាំងស្រុង កាលពីវេលាម់ោង២និង៣០នាទីរសៀលថ្ងៃដដែល ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២៤គ្រឿង និងកាណូតបាញ់ទឹក៣គ្រឿង ហើយបើគិតជាជើងវិញ គឺបាញ់ទឹកអស់ប្រហែល៤០ជើង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕







ចែករំលែកព័តមាននេះ