រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋនៅតាមជួរមាត់ទន្លេសាបកញ្ជ្រោលអណ្តាតភ្លើងសន្ធោសន្ធៅ និងខ្ជាក់ផ្សែងខ្មៅអាប់ខ្មួលខ្មាញ់ឡើងទៅលើអាកាសវេហាស៍ដែលមើលទៅគួរឱ្យតក់ស្លុត និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី៣១ សីហា ២០១២ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខាងជើងស្ថានីយទូរទស្សន៍ CTN ខណ្ឌឫស្សីកែវ ។
ពេលនេះ ប៉ូលិស ប៉េអឹម និងមន្ត្រីអាជ្ញាធរមូលដ្ឋានរាប់សិបនាក់ បានចេញអន្តរាគមន៍ចាត់ចែងសណ្តាប់ធ្នាប់, សំរួលចរាចរណ៍, ការពារសន្តិសុខ ចោរកម្ម និងហៅរថយន្តពន្លត់អគ្គិភ័យទៅបង្ក្រាបអណ្តាតភ្លើង ខណៈសំឡេងរញៀវខ្ញៀវខ្ញារ ស្រែកហៅគ្នាឱ្យជួយជញ្ជូនអីវ៉ាន់ និងសំឡេងកញ្ចែរបស់សមត្ថកិច្ចសំរួលសណ្តាប់ធ្នាប់ ។
អ្នកនៅកន្លែងកើតហេតុបានឱ្យដឹងថា អគ្គិភ័យនេះបានលេបត្របាក់ផ្ទះអស់ជាច្រើនខ្នងហើយ ប៉ុន្តែចំនួនពិតប្រាកដនៅមិនទាន់ដឹងនៅឡើយ ព្រោះអ្នកយកព័ត៌មានកោះសន្តិភាពចូលទៅកន្លែងឆេះអត់ចុះទេ ម្យ៉ាងសមត្ថកិច្ចមិនទាន់បើករបាំង ។ ការខូចខាតត្រូវបានគេវាយតម្លៃថា ធំដុំគ្រាន់បើ បើទោះណាទីកន្លែងនេះសំបូរទៅដោយលំនៅឋានអ្នកក្រីក្រក៏ដោយ… ចំណែកឯការរងរបួស និងស្លាប់មនុស្សក៏មិនទាន់មានរបាយការណ៍នៅឡើយដែរ ប៉ុន្តែតាមប្រភពក្រៅផ្លូវការបានប្រាប់ថា មិនមានអ្នករងរបួស និងស្លាប់ដោយសារភ្លើងទេ ។
កន្លែងកើតហេតុខាងលើត្រូវបានមន្ត្រីសអាជ្ញាធរនិយាយឱ្យដឹងថា ផ្ទះភាគច្រើនសង់អំពីឈើប្រក់ដំបូលស័ង្កសីជាប់ៗគ្នា រាងរកេតរកូត ផ្លូវចូលមានស្ថានភាពបត់បែន តូចចង្អៀតនៅលើដីចំណីមាត់ទន្លេ ពិបាកដល់រថយន្តពន្លត់អគ្គិភ័យចូលទៅបាញ់ទឹកពន្លត់ផងដែរ ។ គេសង្កេតឃើញរថយន្តពន្លត់អគ្គិភ័យបន្លឺស៊ីរ៉ែនចេញ-ចូលឥតឈប់ឈរជាច្រើនគ្រឿង ចូលទៅបាញ់ទឹកពន្លត់ធ្វើឱ្យភ្លើងបានថមថយអំណាចឈានទៅរកការរលត់នៅពេលបន្តិចទៀត។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕







ចែករំលែកព័តមាននេះ