ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើក​រថយន្ត​​ដឹកគ្រឿង​​​ចក្រ​ស្រវឹង​​​ចង​កំហឹង​​​សួនច្បារ​​ និង​របងលំ​អស្តូប​អនុស្សាវរីយ៍​កម្ពុជា​វៀតណាម​ខ្ទេច

13 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​​ដឹកគ្រឿង​​ចក្រ (​អេស្កាវ៉ាទ័រ)​​មួយគ្រឿង​​​ បាន​បើក​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវ​កោង​​​បត់​មិន​​រួច​ក៏​​ជ្រុល​​ចូល​ទៅ​ក្នុង​​សួនច្បារ​ បុក​បង្គោល​​ច្រវាក់​​ដាក់លម្អ​​ជុំ​វិញស្តូបអនុស្សាវរីយ៍​​​កម្ពុជា-វៀតណាម​​ បណ្តាល​ឱ្យ​ខូច​ខាត​​បង្គួរ ​និង​ធ្វើ​ឱ្យ​​​​មាន​ការ​​ភ្ញាក់​ផ្អើល​​​​​ប្រជាពលរដ្ឋ​រាប់​រយ​​នាក់ទៅ​​ចោម​​រោម​មើល ។

ហេតុ​ការណ៍​នេះ​បាន​កើត​ឡើងកាលពីវេលាម៉ោង​​​៤ ​និង​៣០នាទី​រសៀល​​ថ្ងៃទី៣០​​​ សីហា​​ ២០១២ នៅផ្លូវ​​បំបែក​​​ជា៤ ​​ចំណុច​​ចន្លោះ​មុខ​​មន្ទីរ​​​បរិ​​ស្ថាន​​ និង​ស្នង​ការ​​ដ្ឋាន​នគរបាល​ខេត្ត ។ ​​ទោះបី​​យ៉ាង​ណា ​អ្នកបើកបរ​រថយន្ត​​ខាង​លើនេះ ​​ដែល​ប៉ូលិស​​​បានអះ​អាង​ថា ​​ស្រវឹង​​ហើយ​បាត់​បង់​ម្ចាស់​​ការ​ត្រូវ​បាន​ប៉ូលិស​​​ឃាត់​ខ្លួន​​​​ភ្លាមៗ​ផង​ដែរ តែ​សំណាង​​​ណាស់​ដែល​មិន​មាន​នរណា​​ម្នាក់រងគ្រោះ​​​​ក្នុងហេតុការណ៍​នោះ​ទេ ។

​​លោកអៀរ​ ​ប៊ុនធឿន ​​នាយ​ការិយាល័យ​​​ប៉ូលិស​​​​ចរាចរ​​ផ្លូវ​គោក​​​នៃ​ស្នង​ការ​ដ្ឋាននគរបាល​​​ខេត្ត​បាន​ឱ្យ​ដឹង​​​ថា រថយន្តបង្ក​​ហេតុ​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​​​ ដឹក​គ្រឿង​​ចក្រ​មួយគ្រឿង​​ ដែលបើក​​ដោយ​ឈ្មោះ​​វ៉ន សុថុន ​អាយុ​៣២​ឆ្នាំ ​មានទីលំ​នៅភូមិ​​​សន្ទូច​​ ឃុំ​ស្រែ​ថ្មី ស្រុករលាប្អៀរ ។ នេះ​ជា​ករណី​គ្រោះថ្នាក់​​​ពុំ​ធ្លាប់​​មាន​ទេ ពី​មុនមក​ ប៉ុន្តែ​សំណាង​ណាស់ ​​នៅកន្លែង​កើតហេតុ​​​ គឺជា​កន្លែង​​​ហាត់ប្រាណ​​​ និងទាត់​សី​របស់​ប្រជាពលរដ្ឋ​​​រៀង​រាល់​ល្ងាច​​ ប៉ុន្តែ​នៅ​ល្ងាច​នោះមិនទាន់​ដល់​ម៉ោង​ពួកគាត់មកហាត់ប្រាណ ​និងជួនជា​​​មានរលឹម​តិចៗ​ផង ទើប​​មិន​មាន​មនុស្ស​​​ បើ​សិន​ជា​ដូច​​​សព្វ​ដង​វិញ ពិតជា​មានសោក​នាដកម្ម​ជាក់​ជាពុំ​ខាន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕