ប្រទេសនាំចេញស្រូវនៅអាស៊ីអាគ្នេយ៍កំពុងបើកកិច្ចពិភាក្សាដើម្បីបង្កើតសម្ព័ន្ធភាពផ្លូវការមួយសំដៅលើកស្ទួយតម្លៃស្រូវ និងបង្កើនប្រាក់ចំណូលនាំចេញដែលនេះជាវិធានការមួយអាចបង្កនូវភាពតានតឹងជាមួយនឹងប្រទេសនាំចូលស្រូវ ។ ក៏ប៉ុន្តែការប្រឹងប្រែងពីសំណាក់ប្រទេសទាំង៥ក្នុងការដំឡើងថ្លៃស្រូវនឹងក្លាយជាការប្រកួតប្រជែងមួយ ដោយសារតែមិនមានការសហការជាមុន។
សម្ព័ន្ធភាពដែលរួមមានប្រទេសថៃ វៀតណាម កម្ពុជា ឡាវ និងភូមា មានគោលបំណងចែករំលែកព័ត៌មាន និងសហប្រតិបត្តិការផ្នែកផលិតកម្ម និងទីផ្សារក្នុងនោះបំណងសំខាន់គឺដំឡើងថ្លៃនាំចេញស្រូវតែម្តង ។ កិច្ចប្រឹងប្រែងរបស់បណ្តាប្រទេស៥នេះធ្វើឡើងនៅពេលដែលតម្លៃស្រូវបានធ្លាក់ចុះយ៉ាងគំហុក ខណៈដែលតម្លៃស្រូវសាឡី ពោត និងសណ្តែកសៀងហក់ឡើងខ្ពស់ដោយសារតែគ្រោះរាំងស្ងួតនៅអាមេរិក ។ ប្រទេសថៃ និងវៀតណាម តែងតែគ្រប់គ្រងពាណិជ្ជកម្មស្រូវស្ទើរតែពាក់កណ្តាលនៃពិភពលោក ។
ប៉ុន្តែក្រុមប្រឹក្សាគ្រាប់ធញ្ញជាតិអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឡុងបានប៉ាន់ស្មានថា ភាគហ៊ុនរួមគ្នារវាងប្រទេសទាំងពីរនឹងធ្លាក់ចុះ៣៨%នៅក្នុងឆ្នាំនេះ ខណៈដែលប្រទេសឥណ្ឌាជាប្រទេសនាំចេញធំបំផុតនៅលើពិភពលោក ។ វិធានការបង្កើតសហក្រុមហ៊ុននៅសប្តាហ៍នេះត្រូវបានមើលឃើញថា ជាការឆ្លើយតបទៅនឹងភាគហ៊ុនទីផ្សារដែលចេះតែកើនឡើងឥតឈប់ឈររបស់ឥណ្ឌា ក្រោយពីប្រទេសនេះបានដកបម្រាមការនាំចេញស្រូវកាលពីខែកញ្ញាឆ្នាំមុន ។
លោក Chiaki Furui នាយកប្រតិបត្តិក្រុមហ៊ុន Agrow Enterprise ដែលមានមូលដ្ឋាននៅទីក្រុងបាងកកនិយាយថា ប្រសិនបើកិច្ចប្រឹងប្រែងនេះទទួលបានជោគជ័យពិតប្រាកដមែន គេចាំបាច់ត្រូវរក្សាទុករៀតណាមជាសមាជិក ។ តាមពិតទៅវៀតណាមបានឆ្លើយតបចំពោះការដកបម្រាមនាំចេញរបស់ឥណ្ឌាកាលពីឆ្នាំមុនតាមរយៈការបន្ធូរបន្ថយតម្លៃនាំចេញផ្ទាល់របស់ខ្លួន បើទោះបីជាប្រទេសថៃបានកៀងគរប្រទេសនាំចេញដទៃទៀតដើម្បីរក្សាតម្លៃឱ្យខ្ពស់ក៏ដោយ ។
ដោយឡែកលោក Tejinder Narang នាយកប្រតិបត្តិក្រុមហ៊ុន Emmsons International ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី និយាយថា ការបង្កើតសហក្រុមហ៊ុនស្តីពីពាណិជ្ជកម្មស្រូវនឹងមិនទទួលបានជោគជ័យទេ ព្រោះប្រទេសវៀតណាមធ្លាប់នាំចេញស្រូវក្នុងតម្លៃអប្បរមារួចហើយ ប៉ុន្តែក្រុមពាណិជ្ជករបាននាំគ្នាបន្តលក់ស្រូវក្នុងតម្លៃទាបដើម្បីឱ្យមានការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក ។ ចំណែកមន្ត្រីប្រចាំក្រុមហ៊ុនរដ្ឋវៀតណាមឈ្មោះ Vietnam Southern Food ដែលជាក្រុមហ៊ុននាំចេញស្រូវធំជាងគេនៅក្នុងប្រទេស បានព្រមានថា កិច្ចប្រឹងប្រែងលើកស្ទួយតម្លៃស្រូវអាចបង្កឱ្យមានការតវ៉ាប្រឆាំងនៅទូទាំងពិភពលោក ព្រោះថា ប្រជាជនជាច្រើននៅលើសាកលលោកកំពុងជួបគ្រោះអត់ឃ្លាន ។
ខុសពីតម្លៃផលិតផលកសិកម្មផ្សេងៗតម្លៃស្រូវមានស្ថិរភាពនៅក្នុងឆ្នាំនេះ ព្រោះមានការស្តុកទុកបានគ្រប់គ្រាន់ ផលដំណាំល្អប្រសើរនៅក្នុងប្រទេសនាំចេញ ។ ប៉ុន្តែតម្លៃអាចនឹងឡើងថ្លៃនាពេលឆាប់ៗខាងមុខដោយសារតែមានគ្រោះរាំងស្ងួតនៅតំបន់ជាច្រើនក្នុងប្រទេសឥណ្ឌា ក៏ដូចជាការប្រែប្រួលរដូវកាលមុនរដូវប្រមូលផលខែតុលានៅអាស៊ីអាគ្នេយ៍ ។ បើទោះបីជាមិនមានសហក្រុមហ៊ុនកើតជារូបរាងក៏ដោយ ក៏ក្រុមពាណិជ្ជករ និងអ្នកវិភាគរំពឹងថា តម្លៃអង្ករនៅប្រទេសថៃនឹងកើនលើស៦០០ដុល្លារក្នុង១តោន ដែលកាលពីខែវិច្ឆិកា ឆ្នាំ២០១១ តម្លៃអង្ករ១តោនថ្លៃ៦៥០ដុល្លារ ។ ប្រទេសថៃដែលជាប្រទេសនាំចេញស្រូវធំបំផុតនៅលើពិភពលោក បានក្លាយជាប្រទេសនាំមុខគេក្នុងការដំឡើងថ្លៃស្រូវ ។ ប្រទេសនេះបានឱ្យថ្លៃស្រូវរបស់ប្រជាកសិករលើសពីតម្លៃនៅលើទីផ្សារ ដើម្បីលើកស្ទួយប្រាក់ចំណូលក្នុងជនបទស្រែចម្ការ ។
ជាលទ្ធផលស្រូវដែលបានស្តុកទុកនោះកើនដល់ជាង១៦លានតោន ។ មិនតែប៉ុណ្ណោះប្រទេសថៃក៏បានប្រឹងប្រែងដំឡើងថ្លៃកៅស៊ូផងដែរ។ ជាក់ស្តែងនៅដើមខែនេះប្រទេសនាំចេញកៅស៊ូធំបំផុតទាំងបីនៅលើពិភពលោកមាន ថៃ ឥណ្ឌូណេស៊ី និងមា៉ឡេស៊ី និយាយថា គេនឹងកាត់បន្ថយការនាំចេញដើម្បីដំឡើងថ្លៃ ៕
ចែករំលែកព័តមាននេះ