ខេត្តកំពង់ស្ពឺ ៖ ស្នូរផ្ទុះលាន់កក្រើកដីមួយមិនធ្លាប់កើតមានតាំងពីប្រទេសមានសន្តិភាពមកបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៩ សីហា នៅចំណុចស្ពានអូរគគីរ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៦ និងលេង១០៧ ព្រំប្រទល់រវាងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងស្រុកកំពង់សិលា ខេត្តព្រះសីហនុ ស្ថិតក្នុងភូមិសាស្ត្រភូមិបាក់រទេះ ឃុំកំពង់សិលា ខេត្តព្រះសីហនុ ។ នេះជាការបំផ្ទុះគ្រាប់ច្នៃមួយដែលមានការប៉ុនប៉ងផ្តាច់ស្ពានអូរគគីរ ហើយចាត់ទុកថាជាសំណាងល្អដែរ ដែលគ្រាប់ច្នៃនោះមិនអាចបំផ្លាញស្ពានថ្មដ៏រឹងមាំនោះបាន ដោយសារតែការផ្ទុះមួយផ្នែតប៉ុណ្ណោះ ក្នុងបរិមាណគ្រាប់ច្នៃដោយជីអ៊ុយរ៉េ ដាក់ក្នុងប៊ីដុងប្រេងចំណុះ៣០លីត្រ ។ ទោះបីជាមានការប៉ុនប៉ងបំផ្ទុះផ្តាច់ស្ពានបែបនេះក្តី តែមិនបានប៉ះពាល់ដល់ការធ្វើចរាចរណ៍ជាធម្មតានោះទេ ដោយសារតែកម្រាលស្ពានបេតុងទំហំប្រមាណ១ម៉ែត្រ៤ជ្រុង ដែលប្រេះបែកដោយអន្លើនោះ ត្រូវបានជួសជុលអ៊ុតស្អាតឡើងវិញទាំងយប់ភ្លាមៗដែរ ។
ទោះបីជាបែបណា ការប៉ុនប៉ងបែបភេរវកម្មនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាទូទៅមួយដោយសារតែចេតនាផ្តាច់ស្ពានរបស់ជនមិនស្គាល់មុខបានកើតឡើងដែលស្មានមិនដល់ ។
សមត្ថកិច្ចចម្រុះមានក្រុមមន្ត្រីយោធា កងរាជអាវុធហត្ថ ប៉ូលិស រួមទាំងអ្នកបច្ចេកទេសផ្នែកកម្ចាត់មីន បានចូលរួមត្រួតពិនិត្យតាំងពីពេលកើតហេតុ រហូតពេញមួយព្រឹកថ្ងៃទី៣០ សីហា ។ មន្ត្រីប៉ូលិសបានរៀបរាប់ពីហេតុការណ៍ថា ការបំផ្ទុះនេះ គឺមានគោលបំណងផ្តាច់ស្ពានអូរគគីរនេះ ។ ក្រោយពីឮស្នូរផ្ទុះដ៏កក្រើកដីនោះប្រជាពលរដ្ឋដែលភ្ញាក់ផ្អើល និងបណ្តាសមត្ថកិច្ចខេត្តទាំងពីរដែលជាប់ព្រំប្រទល់គ្នា បានមកត្រួតពិនិត្យភ្លាមៗទាំងកណ្តាលរាត្រី ។
លោកវរសេនីយ៍ត្រី សួង ស៊ីថា នាយការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ស្ពានអូរគគីរ ស្ថិតនៅចន្លោះព្រំប្រទល់រវាងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ និងស្ថិតលើកំណាត់ផ្លូវជាតិលេខ៤ ។ ស្ពានថ្មនេះមានប្រវែង២២ម៉ែត្រ និងទទឹង៩ម៉ែត្រ ។
អ្នកបច្ចេកទេសឱ្យដឹងថា ភេរវករបានយករំសេវកែច្នៃរួមទាំងឆ្នួនផ្ទុះ ព្រមទាំងខ្សែភ្លើងបន្លាយចាំចុចឱ្យផ្ទុះមកដាក់នៅក្រោមក្បាលស្ពានផ្នែកខាងកើត ។ ការផ្ទុះនេះបានធ្វើឱ្យរបើកបេតុងតែមួយជ្រុងទំហំ១ម៉ែត្រ៤ជ្រុងប៉ុណ្ណោះ ។ នៅកន្លែងកើតហេតុអ្នកជំនាញបានរកឃើញខ្សែភ្លើងដែលបន្លាយវែងសម្រាប់ចុចឱ្យផ្ទុះ និងមានស្បែកជើងផ្ទាត់១គូពណ៌សនៅកន្លែងកើតហេតុ រួមទាំងកម្ទេចកម្ទីខ្សែភ្លើងដែលផ្ទុះដាច់ជាកំណាត់ៗ ។
យោងតាមរបាយការណ៍ពីខេត្តព្រះសីហនុវិញបានឱ្យដឹងថា ក្រោយពេលផ្ទុះនោះមានការខូចខាតគល់ស្ពានផ្នែកខាងកើតទំហំ១,៨ម៉ែត្រ ៤ជ្រុង ផ្នែកខាងលើ និងផ្នែកខាងក្រោមទំហំ០,៧០ម៉ែត្រ ។ តាមរបាយការណ៍ដដែល ក្រុមមន្ត្រីជំនាញបានបង្ហាញថានេះជាគ្រាប់បែកច្នៃដោយប្រើជីអ៊ុយរ៉េ ប្រេងម៉ាស៊ូត ជ័រចុងលាយគ្នាញាត់ចូលប៊ីដុងជ័រចំណុះ៣០លីត្រ ដោយប្រើខ្សែគីបអគ្គិសនីបំផ្ទុះ ។
មន្ត្រីប៉ូលិសបានចាប់អារម្មណ៍ថា នេះជាវិច្ឆេទកម្មមួយដែលពុំធ្លាប់កើតមានក្រោយពីសម័យសង្គ្រាមជាង៣ទសវត្ស ខណៈប្រទេសជាតិមានការអភិវឌ្ឍ ស្រាប់តែកើតឡើងនូវចំណុចខ្មៅនេះគួរឱ្យភ្ញាក់ផ្អើល ។ ការពិនិត្យ និងការស្រាវជ្រាវ ស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ចគ្រប់ស្ថាប័ននៅឡើយ ។
លោកវរសេនីយ៍ត្រី ហ៊ី ដូង អធិការនគរបាលស្រុកកំពង់សិលា បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ សីហា ឱ្យដឹងថា គ្រាប់ច្នៃធ្វើអំពីជីអ៊ុយរ៉េដាក់ចូលពេញប៊ីដុង ចំណុះ៣០លីត្រ រួចបង្កប់គីបផ្ទុះមួយគ្រាប់ញាត់ចូលក្រោមធ្នឹមគល់ស្ពាន ហើយចុចឱ្យផ្ទុះ ។ បន្ទាប់ពីសមត្ថកិច្ចចុះទៅធ្វើការត្រួតពិនិត្យបានកំណត់ថាជាគម្រោងរបស់ ក្រុមភេរវកម្មមានបំណងផ្តាច់ស្ពាន ប៉ុន្តែដោយគ្រាប់ច្នៃនោះផ្ទុះតែមួយជ្រុងតូច ហើយនៅសល់មួយចំហៀងក៏បានធ្លាក់ចូលក្នុងទឹក ជាហេតុធ្វើឱ្យធ្នឹមស្ពានឆែបបែកបន្តិចបន្តួច ។ ចំណែកកៅស៊ូដែលក្រាលលើខ្នងស្ពាន បណ្តាលឱ្យប្រេះ រយះតែត្រូវបានឈូសស្នាមប្រេះចេញ និងអ៊ុតថ្មីរួចជាស្រេចតាំងពីយប់មិនបណ្តាលឱ្យស្ទះចរាចរណ៍ទេ ។ ឥទ្ធិពលនៃគ្រាប់ច្នៃនេះមិនបានធ្វើឱ្យប៉ះពាល់ដល់គុណភាពតួស្ពាននេះឡើយ ។
ទោះជាយ៉ាងណាស មត្ថកិច្ចចម្រុះដែលបានចុះទៅដល់កន្លែងកើតហេតុនៅមិនទាន់កំណត់បានមុខសញ្ញានៅឡើយទេ ប៉ុន្តែកម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃដែលបានចុះទៅពិនិត្យដែរនោះកំពុងធ្វើការស្រាវជ្រាវយ៉ាងដុតដៃដុតជើងបំផុត ។ មន្ត្រីមួយចំនួនដែលត្រូវបានសាកសួរឱ្យដឹងថា វាឆាប់ពេកដែលធ្វើការសន្និដ្ឋានជុំវិញការបំផ្ទុះគ្រាប់ប៉ុនប៉ងផ្តាច់ស្ពាននេះ តែអាចនិយាយបានត្រឹមថា ពេលនេះសមត្ថកិច្ចខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ កំពុងស្រាវជ្រាវជុំវិញហេតុការណ៍នេះនិងមិនទាន់អាចធ្វើការសន្និដ្ឋានបាននៅឡើយទេ ៕








ចែករំលែកព័តមាននេះ