រាជធានីភ្នំពេញ ៖ កម្មកររបស់ក្រុមហ៊ុនបុកគ្រឹះម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង នៅក្នុងខណៈពេលកម្មកររូបនោះ និងមិត្តភក្តិរួមការងារពីរនាក់ទៀតត្រូវបានថៅកែប្រើឱ្យទៅបុកគ្រឹះនៅក្នុងដីឡូត៍មួយកន្លែងដែលគេជួលឱ្យបុកដើម្បីសាងសង់ផ្ទះល្វែង ។ ដោយសារតែគ្រឿងចក្របុកគ្រឹះនោះគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវក្នុងការធានាសុវត្ថិភាព ម្យ៉ាងដោយមានការធ្វេសប្រហែសផងនោះ ធ្វើឱ្យភ្លាត់ស្នៀតរលំសសរគ្រឹះ១ដើមប្រវែងជាង២ម៉ែត្រសង្កត់កម្មករម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី៣០ សីហា នៅដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ យុវជនដែលស្លាប់ឈ្មោះកែវ សុខី អាយុ២០ឆ្នាំ ជាកម្មករក្រុមហ៊ុនបុកគ្រឹះយីហោហុងពិសិដ្ឋ និងស្នាក់នៅក្នុងក្រុមហ៊ុនបុកគ្រឹះនោះដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលមានគ្រោះថ្នាក់ ជនរងគ្រោះរួមជាមួយមិត្តភក្តិពីរនាក់ទៀតត្រូវបានថៅកែប្រើឱ្យទៅបុកគ្រឹះនៅក្នុងដីឡូត៍មួយកន្លែងដែលគេជួលឱ្យបុកគ្រឹះដើម្បីសាងសង់ផ្ទះល្វែង។ ខណៈនោះពួកគេបានលើកសសរគ្រឹះប្រវែងជាង២ម៉ែត្របញ្ឈរដាល់បញ្ចូលទៅក្នុងដងគ្រឿងចក្របុកគ្រឹះនោះដើម្បីបុកចូលទៅក្នុងដី ហើយម្ចាស់គ្រឿងចក្របុកគ្រឹះក៏នៅមើលការខុសត្រូវទីនោះដែរ ប៉ុន្តែដោយសារតែការធ្វើនោះមានការធ្វេសប្រហែស និងគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទើបបណ្តាលឱ្យរលំសសរគ្រឹះសង្កត់ជនរងគ្រោះបែកក្បាលស្លាប់តែម្តង ។
ក្រោយពេលកើតហេតុ ម្តាយមីងរបស់ជនរងគ្រោះបានយំឱបសពទាំងក្តីរន្ធត់ចិត្តបំផុត រហូតដល់សន្លប់បាត់ស្មារតីទៀតផង ។ សពជនរងគ្រោះមិនត្រូវបានគេយកចេញពីកន្លែងកើតហេតុភ្លាមៗទេ រង់ចាំសមត្ថកិច្ចជំនាញបច្ចេកទេសរាជធានីភ្នំពេញទៅពិនិត្យ ហើយក៏មានមន្ត្រីតុលាការចុះទៅកាន់ចំណុចកើតហេតុនោះដែរ ប៉ុន្តែពុំមានប្រភពណាមួយអះអាងថា តើមានចំណាត់ការបែបណានោះឡើយ ។ ទោះបីជាបែបណា ម្ចាស់គ្រឿងចក្រនោះត្រូវតែទទួលខុសត្រូវទាំងស្រុងចំពោះករណីនេះ ៕




ចែករំលែកព័តមាននេះ