ខេត្តបាត់ដំបង ៖ ការប្រឹងប្រែងដោយអំណត់របស់សមត្ថកិច្ច ក្នុងការតាមបំបែកសម្បុកក្រុមចោរប្លន់បុគ្គលិកក្រុមហ៊ុនចិនធ្វើផ្លូវនៅស្រុកកំរៀង ទីបំផុតឈានដល់ការចាប់ខ្លួនជនសង្ស័យបានចំនួន៦នាក់ក្នុងចំណោម៧នាក់ កាលពីរសៀលថ្ងៃទី២៩ សីហា ក្នុងនោះសមត្ថកិច្ចកងរាជអាវុធហត្ថក៏ចាប់បានម្នាក់ដែរ ។
លោកឈឹម គឹមហុង អធិការនគរបាលស្រុកកំរៀងបានប្រាប់កោះសន្តិភាពថា អំពើប្លន់បុគ្គលិកក្រុមហ៊ុនចិនធ្វើផ្លូវ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៩ សីហា នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ត្រូវកម្លាំងរបស់លោកដែលដឹកនាំផ្ទាល់ដោយលោកជេត វណ្ណនី ស្នងការរងនគរបាលខេត្តស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានចំនួន៥នាក់ជាបន្តបន្ទាប់នៅរសៀលថ្ងៃដដែល ។ រីឯកម្លាំងកងរាជអាវុធហត្ថក៏ចាប់បក្សពួកក្រុមនេះបានម្នាក់ដែរ ប៉ុន្តែនៅមានម្នាក់ទៀតកំពុងរត់គេចខ្លួន ។ លោកអះអាងថា សំណុំរឿងនេះចាត់ទុកថា សមត្ថកិច្ចយើងបង្ក្រាបបានស្ទើរទាំងស្រុងហើយក្រោយពីកើតហេតុ ។
លោកឈឹម គឹមហុង បានប្រាប់ថា ជនសង្ស័យទាំងនេះមាន១-ឈ្មោះ សូរ ខ្លឹង អាយុ២២ឆ្នាំ ជាអ្នកបើកបររថយន្តឱ្យក្រុមហ៊ុនចិន និងជាអ្នកផ្តើមគំនិតប្លន់ ២-ឈ្មោះ ស្តើង ជា ហៅដេត អាយុ៣២ឆ្នាំ ៣-ឈ្មោះ ម៉ៅ ចក់ អាយុ៥០ឆ្នាំ ៤-ឈ្មោះ នៅ វីរៈ អាយុ២១ឆ្នាំ ៥-ឈ្មោះ តាំង ចិត្រា អាយុ៣០ឆ្នាំ និងម្នាក់ទៀតដែលកម្លាំងកងរាជអាវុធហត្ថចាប់បានឈ្មោះ សោម ស៊ីនុច អាយុ២៩ឆ្នាំ ។ លោកបញ្ជាក់ថា ក្រុមនេះត្រូវកម្លាំងរបស់លោកស្រាវជ្រាវចាប់បានជាបន្តបន្ទាប់ក្រោយពីប្រព្រឹត្តបទល្មើស ។ លោកថា អំពើប្លន់នេះផ្តើមគំនិតដោយឈ្មោះ សូ ខ្លឹង ជាអ្នកបើកបររថយន្តឱ្យជនជាតិចិន ដែលរងគ្រោះនោះតែម្តង ដោយជននេះអះអាងថា មិនសប្បាយចិត្តនឹងចិនឱ្យស៊ីចុកមិនគ្រប់គ្រាន់ និងខ្ចីប្រាក់តិចតួចមិនបាន ។
ក្រោយពីត្រូវចាប់ខ្លួន ជនឈ្មោះ សូរ ខ្លឹង សារភាពថា នៅថ្ងៃទី២៨ សីហា ខ្លួនបានផ្តើមគំនិតនេះជាមួយឈ្មោះ ម៉ៅ ចក់ ដែលមានផ្ទះនៅក្បែរការដ្ឋានចិន ។ ខ្លួនបានប្រាប់ឱ្យឈ្មោះ ចក់ ជាអ្នករកគ្នីគ្នាមកប្លន់ ហើយគាត់ក៏ទៅរកបានបក្សពួក៦នាក់ ដោយបានជួបគ្នារៀបផែនការមុនពេលធ្វើសកម្មភាព ។ នៅយប់នោះមានតែប្តីប្រពន្ធជនរងគ្រោះ និងខ្លួនទេដែលស្នាក់នៅក្នុងការដ្ឋានក្រុមហ៊ុនចិន ។ ក្នុងការរៀបគម្រោងប្លន់ គឺខ្លួនជាអ្នកចាប់ឆ្កែបញ្ចូលក្នុងបន្ទប់ដេករបស់ខ្លួន និងបិទបារ៉ែតភ្លើង រីឯឈ្មោះ ម៉ៅ ចក់ ជាអ្នកចាំមើលផ្លូវ ក្រៅពីនេះជាអ្នកធ្វើសកម្មភាព ។ ជនឈ្មោះ សូរ ខ្លឹង បានបញ្ជាក់ថា មូលហេតុដែលខ្លួនសម្រេចធ្វើបែបនេះព្រោះតែក្តៅក្រហាយនឹងថៅកែចិននេះឱ្យខ្លួនស៊ីចុកមិនគ្រប់គ្រាន់ ស៊ីមីរាល់ថ្ងៃ ហើយសុំខ្ចីប្រាក់តិចតួចមិនបានទើបទៅបបួលគ្នីគ្នាប្លន់តែម្តងទៅ ។
សូមបញ្ជាក់ថា ក្រុមនេះបានធ្វើសកម្មភាពប្លន់បុគ្គលិកក្រុមហ៊ុនចិនធ្វើផ្លូវជាតិលេខ៥៩ កាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ សីហា នៅក្នុងការដ្ឋានរបស់ក្រុមហ៊ុនស្ថិតក្នុងភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ។ សមត្ថកិច្ចនិយាយថា មុនពេលប្លន់ក្រុមជនល្មើសបានបិទបារ៉ែតផ្តាច់ចរន្តភ្លើង រួចធ្វើសកម្មភាព ខណៈដែលប្តីប្រពន្ធចិននេះបើកទ្វារបន្ទប់ដើរចេញក្រៅ ព្រោះក្នុងបន្ទប់ក្តៅស្អុះដោយសារដាច់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ។ ក្រុមនេះបានប្រើកាំបិតប័ុងតោកាប់ជនរងគ្រោះបណ្តាលឱ្យបុរសជាប្តីឈ្មោះលី លីភីង អាយុ៦០ឆ្នាំ របួសធ្ងន់ ឯស្ត្រីជាប្រពន្ធរបួសស្រាល ។ ជនរងគ្រោះអះអាងថា ក្រុមចោរបានប្លន់យកអស់ប្រាក់២.០០០ដុល្លារ ប្រាក់ចិនជាង៥០០យាន់ និងទូរស័ព្ទដៃ១គ្រឿងផង ។
លោកជេត វណ្ណនី ស្នងការរងនគរបាលខេត្តដែលដឹកនាំកម្លាំងចុះស្រាវជ្រាវលើករណីនេះផ្ទាល់ឱ្យដឹងថា សមាសភាពក្រុមនេះភាគច្រើនជាជនចំណាកស្រុក ។ ក្រោយពីកើតហេតុដំបូងយើងបានហៅអ្នកបើកបររថយន្តនោះមកសាកសួរ តែហាក់ដូចជាគ្មានតម្រុញទេ ។ លុះនៅរសៀលថ្ងៃដដែលដោយមិនអស់ចិត្តលោកក៏បានសាកសួរជាថ្មីទៀតទើបបែកធ្លាយមុខសញ្ញាតែម្តង ។ លោកស្នងការរងបានបញ្ជាក់ថា ក្រោយពីមានតម្រុយមុខសញ្ញានេះភ្លាម លោកស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានបញ្ជាភ្លាមៗឱ្យលោកដឹកនាំកម្លាំងជំនាញតាមស្រាវជ្រាវកំណត់មុខសញ្ញានេះរហូតឈានដល់ការឃាត់ខ្លួនក្រុមនេះបានជាបន្តបន្ទាប់ចំនួន៥នាក់ និងម្នាក់ទៀតត្រូវកម្លាំងប៉េអិមចាប់បាន តែនៅម្នាក់ទៀតកំពុងគេចខ្លួនចូលទឹកដីប្រទេសសៀម ។ លោក ជេត វណ្ណនី បានបញ្ជាក់បន្ថែមថា ក្រុមនេះបានឆ្លើយសារភាពអំពីកំហុសរបស់ខ្លួនដែលបានធ្វើសកម្មភាពប្លន់បុគ្គលិកក្រុមហ៊ុនចិនខាងលើនេះហើយ តែអ្វីៗគឺជាការរៀបចំឡើងដោយឈ្មោះសូរ ខ្លឹង ជាអ្នកបើកបររថយន្តរបស់ជនរងគ្រោះ ។ ក្រុមនេះត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ ៕
ចែករំលែកព័តមាននេះ