ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ឈ្មោះហែម ណាង អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ស្លាប់ក្នុងព្រៃ កាលពីថ្ងៃទី២៦ សីហា កន្លងមកនេះ ដោយសារតែបាញ់សត្វព្រៃបែរជាស្លាប់ខ្លួនឯងទៅវិញ ។
ស្ត្រីឈ្មោះចិន ភឿប អាយុ៤៣ឆ្នាំ បានរៀបរាប់ឱ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុ នៅពេលព្រឹកថ្ងៃទី២៦ សីហា កន្លងទៅប្តីគាត់បានប្រាប់គាត់ថាទៅបរបាញ់សត្វនៅឯព្រៃនិងយកអន្ទាក់ទៅដាក់សត្វផង ដោយមានកាំភ្លើងព្រៃ គឺកាំភ្លើងច្នៃប្រើគ្រាប់CKC១ដើម ក៏ដើរចេញទៅតែម្នាក់ឯង ចំណែកគាត់ជាប្រពន្ធនៅផ្ទះ ។ ការរង់ចាំមើលផ្លូវកាន់តែយូរទៅមិនឃើញប្តីត្រឡប់មកផ្ទះវិញនោះទេ រហូតមកទល់នឹងថ្ងៃទី២៩ សីហា ក៏មិនឃើញមកផ្ទះទៀត ។ ដោយមានការព្រួយបារម្ភ ក៏បានទៅពឹងអ្នកភូមិឱ្យជួយដើររកនៅក្នុងព្រៃ ។
ស្ត្រីជាប្រពន្ធបានបន្តថា អ្នកភូមិក៏បានជួយខិតខំដើររកសព្វទិសទីពាសពេញព្រៃ ក៏បានប្រទះឃើញសពប្តីរបស់គាត់ដេកស្លាប់នៅក្នុងព្រៃ ដោយមានស្នាកស្នាមផុងចំថ្ងាសលើចិញ្ចើម១កន្លែង ។ បន្ទាប់មករូបគាត់និងប្រជាពលរដ្ឋបាននាំគ្នាទៅរាយការណ៍ដល់សមត្ថកិច្ចប៉ូលិសឱ្យមកធ្វើការពិនិត្យ ។
មន្ត្រីប៉ូលិសក្រោយពីត្រួតពិនិត្យសពបានធ្វើការសន្និដ្ឋានថា ការស្លាប់នេះគឺមិនមែនជាឃាតកម្មអ្វីនោះទេ ព្រោះនៅកន្លែងកើតហេតុបានបន្សល់ទុកកាំភ្លើងច្នៃដែលមានស្នាមបែកកាណុង និងមានការសង្ស័យថាបុរសរូបនេះបានឃើញសត្វព្រៃហើយបានតម្រង់បាញ់ ។ នៅពេលបាញ់នោះក៏ផ្ទុះបែកកាណុង ហើយគ្រាប់បានបុកថយក្រោយធ្លាយថ្ងាសស្លាប់ខ្លួនឯងទៅ ។ មន្ត្រីប៉ូលិសលើកហេតុផលថា សាកសពដេកស្លាប់ដោយផ្កាប់មុខ ហើយបានយកដៃរបស់ខ្លួនក្តោបថ្ងាសខ្លួនឯងថែមទៀត ។ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យរួចមន្ត្រីប៉ូលិសបានប្រគល់សពនោះទៅឱ្យប្រពន្ធកូនយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ