រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ សីហា នេះបានសម្រេចឃុំខ្លួនស្ត្រីម្នាក់ ដែលមានតួនាទីជាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ ដាក់ពន្ធនាគារប៉េហ្ស៊ីជាបណ្តោះអាសន្ន រង់ចាំការស៊ើបអង្កេតឈានទៅសវនាការផ្តន្ទាទោស ។ស្ត្រីអ្នកគ្រប់គ្រងក្រុមហ៊ុននោះឈ្មោះហ៊ាន សោភ័ណ្ឌ អាយុ៣២ឆ្នាំ មានទីលំនៅផ្ទះលេខ៩ ផ្លូវលេខ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
នៅសាលាដំបូងរាជធានីភ្នំពេញត្រូវបានដឹងថា ស្ត្រីឈ្មោះហ៊ាន សោភ័ណ្ឌ ត្រូវសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី២៧ សីហា ដែលការឃាត់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូង ដោយយោងទៅលើពាក្យបណ្តឹងរបស់ម្ចាស់ក្រុមហ៊ុន ។ ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ម្ចាស់ក្រុមហ៊ុនមានមុខរបរជាច្រើនកន្លែង និងជាប់រវល់ការងារមមាញឹកបានសំឡឹងមើលឃើញនាងហ៊ាន សោភ័ណ្ឌ ទុកចិត្តឱ្យធ្វើជាអ្នកគ្រប់គ្រងក្រុមហ៊ុនរយៈពេល១៤ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៨មកម៉្លេះ ។ ម្ចាស់ក្រុមហ៊ុននិយាយថា កន្លងមកក្រុមហ៊ុនបើកដៃឱ្យនាងចាត់ចែងការងារទាំងអស់នៅក្នុងក្រុមហ៊ុនបូកទាំងបុគ្គលិកទូទៅផង ប៉ុន្តែនាងសោភ័ណ្ឌ គ្មានតួនាទីទទួលប្រាក់ចំណូលឬចំណាយទេ ។ លុយដែលនាងលួចបានពីក្រុមហ៊ុននោះគឺនាងក្លែងហត្ថលេខាលើប័ណ្ណចំណូល និងគាបសង្កត់បុគ្គលិក ។ រហូតដល់ថ្ងៃទី២៥ កក្កដា ឆ្នាំ២០១២នេះ ម្ចាស់ក្រុមហ៊ុនមានការសង្ស័យក៏បានជួបប្រជុំជាមួយអ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវតាមផ្នែក តាមជំនាញ ដោយសារប្រាក់ចំណូលត្រូវថយចុះ ហើយការចំណាយបានកើនឡើង ។ បន្ទាប់ពីមានការជួបប្រជុំត្រួតពិនិត្យលើបញ្ជីស្នាមបានរកឃើញថា ក្រុមហ៊ុនត្រូវបាត់បង់ប្រាក់ជាង៩០ម៉ឺនដុល្លារ ក្នុងនោះមានពាក់ព័ន្ធទៅមនុស្ស៧នាក់ក្នុងក្រុមហ៊ុន ដែលមាននាងហា៊ន សោភ័ណ្ឌ បានក្លែងហត្ថលេខាម្ចាស់ក្រុមហ៊ុន និងក្លែងលិខិតស្នាមរបស់ធនាគារដើម្បីកិបកេងយកប្រាក់ក្រុមហ៊ុនធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ។ ប្រភពបន្តថា ដោយសារការបាត់បង់ប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នោះហើយ ក្រុមហ៊ុនបានដាក់បន្ទុកឱ្យនាងហ៊ាន សោភ័ណ្ឌ ទទួលបន្ទុកខុសត្រូវលើការបាត់បង់ប្រាក់នោះ តែនាងបានទម្លាក់កំហុសទៅលើមនុស្ស៦នាក់ទៀតជាអ្នកសមគំនិត ។ ដោយពិនិត្យ និងរកឃើញថានាងហា៊ន សោភ័ណ្ឌ និងបុគ្គលិកក្រុមហ៊ុន៦នាក់ពាក់ព័ន្ធកិបកេងប្រាក់ក្រុមហ៊ុនយ៉ាងច្រើននេះ ទើបម្ចាស់ក្រុមហ៊ុនសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងតាមផ្លូវច្បាប់ ។ ពាក្យបណ្តឹងនោះត្រូវបានស្ថិតនៅលើដៃលោកឧត្តមសេនីយ៍ត្រី ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ដែលលោកបានធ្វើរបាយការណ៍ដាក់ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំបើកការស៊ើបអង្កេតបឋម ។ លុះនៅថ្ងៃទី២៧ សីហា លោកឧត្តមសេនីយ៍ប៉ុល រតនា បានធ្វើលិខិតអញ្ជើញអ្នកគ្រប់គ្រងក្រុមហ៊ុន គឺនាងហ៊ាង សោភ័ណ្ឌ និងមនុស្ស៦នាក់ទៅសាកសួរ ។ ក្រោយពីសាកសួរកំហុសទាំងអស់បានធ្លាក់លើនាងសោភ័ណ្ឌ ។ រីឯមនុស្ស៦នាក់នោះបានក្លាយទៅជាសាក្សីទៅវិញ ។ បន្ទាប់មកពួកគេ៦នាក់បានព្រះរាជអាជ្ញាអនុញ្ញាតឱ្យទៅផ្ទះវិញ ។ ចំណែកនាងហ៊ាន សោភ័ណ្ឌ តំណាងអយ្យការឱ្យសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីសាកសួរ និងធ្វើការចោទប្រកាន់ជាផ្លូវការ ។ សំណុំរឿងនេះបានស្ថិតនៅដៃលោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងកាលពីរសៀលថ្ងៃទី២៩ សីហា ។ លោកគី ប៊ុណ្ណារ៉ា បានសាកសួរចប់សព្វគ្រប់ហើយបានធ្វើការចោទប្រកាន់នាង ហ៊ាន សោភ័ណ្ឌ ពីបទរំលោភលើសេចក្តីទុកចិត្ត និងក្លែងលិខិតឯកជន ។ តំណាងអយ្យការចោទប្រកាន់បែបនេះ ព្រោះនាងសោភ័ណ្ឌ បានសារភាពហើយថា នាងពិតជាបានធ្វើឱ្យបាត់ប្រាក់ក្រុមហ៊ុនមែន ចំនួន៣៤ម៉ឺនដុល្លារទេ ដែលប្រាក់ទាំង៣៤ម៉ឺនដុល្លារក៏ មានពាក់ព័ន្ធទៅមនុស្ស៦នាក់នោះដែរ ។ ទោះបីជាចម្លើយបែបណា តំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការ និងបានចាត់បញ្ជូនទៅចៅក្រុមស៊ើបសួរ គឺលោកកោ វណ្ឌី ។ នៅព្រឹកថ្ងៃទី៣០ សីហា ក្រោយពីសាកសួរហើយ លោកចៅក្រមបានសម្រេចចេញដីកាឃុំខ្លួនអ្នកគ្រប់គ្រងក្រុមហ៊ុនរូបនេះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំសវនាការលើអង្គសេចក្តីនៅពេលក្រោយ ។
គួរកត់សម្គាល់ថា មានក្រុមហ៊ុនច្រើនហើយដែលផ្តល់សេចក្តីទុកចិត្តឱ្យអ្នកតំណាងទទួលខុសត្រូវលើមុខជំនួញផ្នែកគ្រប់គ្រង ។ លុះដល់ទីបំផុតអ្នកដែលគួរទុកចិត្តនោះក្លាយជាចោរលួចស្ទើរតែរលាយក្រុមហ៊ុនក៏មានដែរ ។ ដូចករណីនេះជាដើម គេហៅថា រំលោភលើសេចក្តីទុកចិត្ត ៕


ចែករំលែកព័តមាននេះ