ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជី​វក​រផ្សារ​ទំនប់​តវ៉ា​ជំទាស់​ការ​បណ្តេញ​ចេញ​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អាជី​វ​​ករ​​ប្រុស​ស្រី​ប្រមាណ​​៥០​នាក់​ក្នុង​ចំណោម​អាជីវ​ករ​​២២៣​​នាក់​នៅ​ផ្សារ​ទំនប់​​ ហៅ​ផ្សារ​​រងិន​​អាន បាន​នាំ​គ្នា​តវ៉ា​​ដោយ​​​​លើក​បដា និង​រូប​ថត​សម្តេច​​អគ្គ​​មហា​​សេនា​បតី​តេជោ​​ ហ៊ុន សែន និង​លោក​ជំទាវ​​​​កិត្តិ​​ព្រឹត្តិ​​បណ្ឌិត ​ប៊ុន​ រ៉ានី ហ៊ុន សែន ព្រោង​ព្រាត​​ឈរ​​បិទ​ផ្លូវ​លេខ​​៥៩៨ និង​ផ្លូវ​​លេខ​​៣៥៥ ដើម្បី​​ប្រឆាំង​​ការ​​អនុវត្ត​​​ដី​កា​សម្រេច​​​របស់​សាលា​ឧទ្ធរណ៍​​ ដែល​បណ្តេ​ញ​អាជីវ​​ករ​​ដែល​បញ្ចប់​កិច្ច​​សន្យា​​​​ដើម្បីយក​ដី​​រៀប​ចំ​​អភិវឌ្ឍន៍​​ផ្សារ​ជា​ថ្មី។

ការ​ផ្ទុះ​​ចេញ​​នូវ​ការ​​តវ៉ា​​នេះ​ ​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៦​ព្រឹក​ថ្ងៃ​​ទី​៣០ សីហា រហូត​ដល់​​វេលា​ម៉ោង​​៨​ព្រឹក​​នៅ​​បរិវេណ​​ផ្លូវ​ចូល​​ផ្សារ​​ដែល​ស្ថិត​​នៅ​ភូមិ​ទួល​គោក សង្កាត់​​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ខណៈ​​ពេល​​កម្លាំង​​ចម្រុះ​ដឹក​​នាំ​ដោយ​លោក​ហៀង សុភ័ក្ត្រ​​ ព្រះរាជ្ញា​រង​​អម​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​​​ចុះ​​ទៅ​អនុវត្ត​​​​ដី​កា​​សម្រេច​​លេខ​០៦ ដក​សក្រ របស់​សាលា​​ឧទ្ធរណ៍​​​ចុះ​ថ្ងៃទី​​១៥ សីហា ឆ្នាំ​២០១២ ។ ទោះ​បី​ជា​យ៉ាង​ណា ការ​​អនុវត្ត​នេះ​ពុំ​បាន​សម្រេច​ឡើយ  ដោយ​​​លោក​កែប ជុតិមា អភិបាល​​រាជ​ធានី​​ភ្នំ​ពេញ​​បញ្ជា​​ឱ្យ​ផ្អាក​វិញ ។

តាម​ព័ត៌​មាន​​​​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​​បាន​ប្រើ​ប្រាស់​កម្លាំង​​ប្រមាណ​៥០​នាក់​ធ្វើ​ការ​ឡោម​​ព័ទ្ធ​ទី​តាំង​​ផ្សារ​តាំង​ពី​​វេលា​ម៉ោង​៣​​ និង​៣០​​នាទី​ទៀប​ភ្លឺ​​ដើម្បី​​បិទ​ផ្លូវ​​មិន​​ឱ្យ​​អាជីវ​ករ​​ចូល​ទៅ​លក់​ដូរ​ និង​បង្ខំ​​ឱ្យ​ចាក​ចេញ​ពី​ផ្សារ​​ទៅ​តាម​អំណាច​​ដីកា​​តុលា​ការ​។ ទន្ទឹម​នោះ​​ អាជីវ​​ករ​​ខ្លះ​បាន​​ត្រៀម​ជា​ស្រេច​នូវ​បដា ​រូប​ថត​សម្តេច​អគ្គ​មហា​សេនាប​តី​​តេជោ​ ​ហ៊ុន សែន និង​លោក​ជំទាវ​កិត្តិ​​​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ហើយ​ខ្លះ​ទៀត​បាន​នាំ​គ្នា​ជញ្ជូន​អី​វ៉ាន់​​ចេញ ។ នៅ​ព្រឹក​នោះ​ មុ​ន​ដំបូង​​គេ​ឃើញ​​អាជីវ​​ករ​​ប្រមាណ​​៣០​នាក់​​​ចេញ​​មក​តវ៉ា​ជា​មួយ​ប៉ូលិស ប៉េអឹម ដែល​​ស្ទាក់​​ផ្លូវ​មិន​​​ឱ្យ​អាជីវ​ករ​​ចូល​​នៅ​​ច្រក​​ខាង​លិច​ផ្សារ​​ ព្រម​ទាំង​​នាំ​​គ្នា​ឈរ​បិទ​ផ្លូវ​​​លេខ​៥៩៨​ បង្ក​​ឱ្យ​​មាន​​ការ​កក​ស្ទះ​​ចរា​ចរណ៍​​ ។ ក្រោយ​ពី​​ការ​ឈរ​បិទ​​ផ្លូវ​ប្រមាណ​​១០​​នាទី​​ ក្រុម​​​អាជីវ​​ករ​​ក៏​​​ចូល​ទៅ​ក្នុង​ផ្សារ​វិញ បន្ទាប់​ពី​​មាន​ការ​​សម្រប​សម្រួល​​ និង​បើក​ផ្លូវ​​ឱ្យ​អាជីវ​​ករ​បាន​ចូល​​ផ្សារ​វិញ ។ នៅ​វេលា​ម៉ោង​​​ប្រមាណ​​៧​ព្រឹក ​​លោក​ហៀង សុភ័ក្ត្រ​​ ព្រះ​រាជ​​អាជ្ញា​​រង​ បាន​​មក​​ដល់​នៅ​ច្រក​​ចូល​ខាង​ជើង​​ ហើយ​អាជីវ​​ករ​​ក៏​​​នាំ​គ្នា​​តវ៉ា​​ និង​លើក​បដា​ឈរ​បិទ​ផ្លូវ​​លេខ​៥៩៨​​​ទៀត​​ដែល​​តាម​​ការ​ប៉ាន់​ប្រមាណ​​មាន​​ប្រហែល​​ជា​៥០​នាក់ ។ ស្រប​​ពេល​នោះ​សមត្ថ​​កិច្ច​​រួម​ទាំង​​ព្រះរាជ​អាជ្ញា​​រង​​បាន​បញ្ជា​​​ឱ្យ​ក្រុម​កម្ម​​ករ​ធ្វើ​កា​រ​បិទ​​ផ្សារ​​ដោ​យយក​សង្ក័សី​បាំង​តែ​ត្រូវ​​បាន​អាជី​វករ​​លើក​គ្នា​ចេញ​​​ពី​ដង​ផ្លូវ​ធ្វើ​ការ​​រារាំង​​ ព្រម​ទាំង​​មាន​ការ​​ប្រទាញ​ប្រទង់​គ្នា​​ផងដែរ តែ​ពុំ​មាន​ការ​ប៉ះ​ទង្គិច​​គ្នា​ធ្ងន់​​ធ្ងរ​ឡើយ ។

តាម​ព័ត៌​មាន​​​ឱ្យ​ដឹង​ទៀត​​ថា នៅ​ព្រឹក​នោះ​​ក្រុម​​អាជីវ​ករ​​បាន​ក្រាញននៀល​ និង​​លើក​​បដា​ព្រោង​ព្រាត​​ដើម្បី​រារាំង​​ការ​​អនុវត្ត​​ដីកា ហើយ​នៅ​វេលា​ម៉ោង​​៨​ព្រឹក ​តាម​រយៈ​មន្ត្រី​សាលា​ខណ្ឌ​ឫស្សី​កែវ ​បាន​​ទទួល​​បញ្ជា​ពី​​លោក​កែប ជុតិមា អភិបាល​​រាជ​ធានី​ភ្នំពេញ ឱ្យ​ដក​ថយ​ពន្យារ​​ការ​អនុវត្ត​​ ។ នៅ​ព្រឹក​​នោះ​ គេ​ឃើញ​​លោក​​ហូ វ៉ាន់ តំណាង​​រាស្ត្រ​ខាង​​​គណ​បក្ស​​សម​ រង្ស៊ី​​ ក៏​បាន​ទៅ​​ដល់​​និង​ស្ថិត​​ក្នុង​ចំណោម​អាជីវ​​​​ករ​ផងដែរ ។

ក្រុម​​អាជី​វក​រ​បាន​​ឱ្យ​ដឹង​ថា ទី​តាំង​​ផ្សារ​​ទំនប់​ហៅ​ផ្សា​រងិន​​អាននេះ​ជា​ដី​​ជន​ជាតិ​កូរ៉េ ហើយ​ត្រូវ​​ក្រុមហ៊ុន​ New Rich ដែល​​មាន​លោក​កុយ សុទ្ធី ជា​​អ្នក​វិនិយោគ​​ធ្វើ​​ផ្សារ​​តាំង​ពី​ឆ្នាំ​២០០៨ ដោយ​មាន​តូប​​ចំនួន​៣១៥ ហើយ​អាជីវ​ករ​ធ្វើ​កិច្ច​សន្យា​ជួល​​៣​ឆ្នាំ ។ កាល​នោះ​​តម្លៃ​ជួល​​១​ថ្ងៃ​២​ពាន់​​រៀល មួយ​ខែ​៣៥​ដុល្លារ និង​មួយ​ឆ្នាំ​១០០​ដុល្លារ ប៉ុណ្ណោះ ស្រាប់​តែ​​នៅ​ថ្ងៃ​ទី​២ តុលា ឆ្នាំ​២០១១ ពេល​បញ្ចប់​​កិច្ច​សន្យា​​ផ្សារ ​ត្រូវ​​ឈ្មោះ​អ៊ូ សេដ្ឋានូ ជា​​អ្នក​​​ដេញ​ថ្លៃ​បាន ​ទាម​ទារ​យក​ផ្សារ​​ជួល​​ជុល​​ដើម្បី​​ចាក់​ដី​​ ដាក់​លូ ធ្វើ​ដំបូល​ដែក​​ និង​​ដំឡើង​ថ្លៃ​​តូប​ដែល​​ជួរមុខ​​២.៥០០​​​ដុល្លារ​​ ទៅ​២.៨០០​​ដុល្លារ និង​ជួរ​ក្រោយ​​តម្លៃ​១.៥០០​ដុល្លារ​​​ ​ទៅ​១.៨០០​ដុល្លារ ក្នុង​រយៈ​ពេល​៣​ឆ្នាំ ហើយ​​កុង​ត្រា​​តែ​៣​ឆ្នាំ និង​បាន​ដេញ​ពួក​​គាត់​​ឱ្យ​ចេញ​ដើម្បី​​រៀប​ចំ​ជួស​ជុល​ ព្រម​ទាំង​​ប្តឹង​​ទៅ​​តុលា​ការ ។​​ក្រុម​​អាជីវ​ករ​បន្ត​ទៀត​​​ថា ពួក​គាត់​ជា​អាជីវករ​​តូច​​តាច​​តើ​មាន​ប្រាក់​ឯ​ណា​បង់​នោះ​ ទើប​ធ្វើ​​ការ​តវ៉ា​​ឱ្យ​ចុះ​តម្លៃ​​ឈ្នួល​​ និង​ទាម​ទារ​​ឱ្យ​មាន​កិច្ច​សន្យា​​រយៈ​ពេល​​៦​ឆ្នាំ ។

លោក​ហៀង សុភ័ក្ត្រ​​ ព្រះរាជ​អាជ្ញា​​រង​សាលា​​​ដំបូង​​រាជ​ធានី​ ​ដែល​​ដឹក​នាំ​​ការ​អនុវត្ត​​ដី​កា​​មាន​ប្រសាសន៍​​ថា ការ​តវ៉ា​​របស់អាជីវ​ករ​​បែប​នេះ​តើ​ច្បាប់​​នៅ​ឯណា? អាជីវ​ករ​​បាន​​​ជួល​តូប​តែ​៣​ឆ្នាំ​ផុត​កិច្ច​សន្យា ហើយ​​បន្ត​​លក់​ដូ​​​រ​​ដោយ​មិន​​បាន​បង់​​ថ្លៃ​​តូប​ប្រមាណ​​១​ឆ្នាំ ។ ចំណែក​លោក​ឃុត កែវសុត្ថា មេ​ធាវី​​​តំណាង​​ម្ចាស់​​បំណុល​ឈ្មោះ​​អ៊ូ សេដ្ឋានូ បាន​ចាត់​ទុក​​ថា ការ​តវ៉ា​​ជា​ការ​​រំ​លោភ​​កិច្ច​សន្យា​​ជួល​តូប និង​សិទ្ធិ​​កាន់​កាប់​អចលនទ្រព្យ ។ បើ​​ឱ្យ​​តែ​គ្នា​​ច្រើន​តវ៉ា​​ធ្វើ​អ្វី​​មិន​កើត ​តើ​ប្រទេស​យើង​​ជា​​ប្រទេស​​នីតិរ​ដ្ឋ​​ ឬ​ទេ? ការ​ធ្វើ​បែប​នេះ​​អ្នក​​វិនិយោគ​​ណា​គេ​ហ៊ាន​​មក​រក​ស៊ី​ទៅ​​ ។

លោក​មេ​ធា​វី​​និយាយ​​​​ថា វា​អយុត្តិ​​ធម៌​ណាស់​​សម្រាប់​កូន​ក្តី​លោក​​​ជា​អ្នក​រក​ស៊ី ។ ក្នុង​ចំណោម​​អាជីវ​ករ​​ទាំង​អស់​​ចំនួន​៣១៥​​តូប​​ គឺ​នៅ​សល់​តែ​២២៣​តូប​មិន​​គោរ​ព​​កិច្ច​សន្យា​​រើ​ចេញ​​ ហើយ​​និង​មិន​​ធ្វើ​កិច្ច​​សន្យា​ជួល​​បន្ត​​​ ព្រម​ទាំង​​មិន​បង់​​ប្រាក់​ទៀត ចំណែក​​មួយចំនួន​ទៀត​គេ​នាំ​គ្នា​រើ​ចេញ​អស់​ហើយ ។ លោក​មេ​ធាវី​​​បញ្ជាក់​ថា ទី​តាំង​​ផ្សារ​ចាស់​​ទ្រុឌ​​​ទ្រោម​​ គ្មាន​ប្រព័ន្ធ​​លូ ​ទឹក​ដក់​ ​ត្រូវ​​រុះ​រើចាក់​ដី ជួស​ជុលធ្វើ​ដំបូល ​ធ្វើ​របង​​ឱ្យ​មាន​អនា​ម័យ​​ និង​សន្តិ​សុខ​​ អភិវឌ្ឍន៍​ឡើង​វិញ​ តែ​ត្រូវ​​រារាំង​​ដោយ​ក្រុម​​អាជីវ​ករ ។

ទោះ​​បី​ជា​បែបណា ដំ​ណោះ​ស្រាយ​​មួយ​ដែលឈ្នះ​​ទាំង​អស់​គ្នា​​​ គឺ​ជា​ការ​ល្អ​ប្រសើ​របំ​ផុត​​​ ។ សង្ឃឹម​ថា​ អាជ្ញា​ធរ​​នឹង​ស្វែង​​រក​ការ​សម្រប​សម្រួល​​គ្នា​មួយ​ក្នុង​​​ការ​បញ្ចៀស​បញ្ហា​​ដែល​ធ្ងន់​​ធ្ងរ​ជាង​នេះ ៕