ខេត្តកោះកុង ៖ វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣០ សីហា ២០១២ ក្រុមគ្រូពេទ្យថៃ និងកងទ័ពជើងទឹកថៃខេត្តត្រាត បាននាំយកសម្ភារកីឡាមួយចំនួនដូចជាបាល់ទាត់ បាល់ទះ បាល់បោះ សីទាត់ សីវាយ និងសម្ភារមួយចំនួនទៀតមកផ្តល់ជូនសាលាខេត្តកោះកុង ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពរវាងប្រទេសថៃ និងកម្ពុជា ជាពិសេសខេត្តជាប់ព្រំប្រទល់គ្នាទាំងពីរកោះកុង និងត្រាត ។ ជាមួយគ្នានោះក៏មានក្រុមគ្រូពេទ្យថៃមួយក្រុមផងដែរ បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត ចែកថ្នាំ ព្រមទាំងពិនិត្យព្យាបាលអ្នកជំងឺដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យខេត្ត។
ខាងភាគីថៃដឹកនាំដោយលោកឈុំ ផុនវង់វិកេត មេបញ្ជាការភាគីទី១ កងទ័ពជើងទឹកថៃនិងអមដំណើរដោយក្រុមគ្រូពេទ្យ មន្ត្រីគយ និងប៉ូលិស កាកបាទក្រហម ព្រមទាំងមានស្ថាប័នផ្សេងទៀតជាច្រើន ។ ចំណែកខាងភាគីកម្ពុជាទទួលដោយលោកប៊ុន លើក អភិបាលខេត្ត ព្រមទាំងអភិបាលរង ស្នងការមេបញ្ជាការ កងរាជអាវុធហត្ថ មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រួមនឹងប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្តជាច្រើនរូបទៀត ។ ពិធីផ្តល់សម្ភារកីឡា និងចែកថ្នាំ ព្រមទាំងការពិនិត្យព្យាបាលរបស់ភាគីថៃ នាឱកាសនេះ គឺជាកាយវិការ មនុស្សធម៌ ដើម្បីរឹតចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តទាំងពីរ និងជាពិសេសចំណងសហប្រតិបត្តិការរវាងប្រទេសទាំង២ ដើម្បីបង្កើនភាពស្និទ្ធស្នាលទំនាក់ទំនងលើគ្រប់វិស័យ ជាពិសេសវិស័យសុខភាព និងវិស័យទេសចរណ៍រវាងប្រទេសទាំង២ ក៏ដូចជាបណ្តាប្រទេសនៅក្នុងសហគមន៍អាស៊ានផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ