ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធ​នា​ការ​បំបាត់​ភាពអវិជ្ជា​សម្រាប់​កុមារ​គ្រប់​វ័យ​​សិក្សា​​ឱ្យ​ចូល​រៀន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្បួន​យុទ្ធ​នា​ការ​​ប្រកាស​​ប្រមូល​កុមារ​ដែល​គ្រប់​អាយុ​ឱ្យ​ចុះ​ឈ្មោះ​ចូល​រៀន​​ធ្វើ​នៅ​សាលា​បឋម​សិក្សា​ភូមិ​ឫស្សី ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ កាលពីថ្ងៃទី​៣០ ​សីហា ២០១២ ។ ​ពិធីដង្ហែ​ក្បួន ​យុទ្ធ​នា​​ការ​មាន​ការ​ចូលរួម​ពី​លោក​សេង សាញ់ ​ចៅសង្កាត់​​ស្ទឹង​មានជ័យ ​លោក​ហ៊ឹម ​សាមិត្ត ​ប្រធាន​​​គម្រោង​នៃ​អង្គ​ការ​​ទស្សនៈ​ពិភព​លោក​ប្រចាំតំបន់​ស្ទឹង​មានជ័យ លោក​ឌី សុផល ​អនុ​ប្រធាន​​​អប់រំ​ខណ្ឌ​មានជ័យ លោក​ផៃ បុរី នាយក​ប្រធាន​​កម្រង​​សាលា​ស្ទឹង​មានជ័យ អង្គ​ការ​​នានា​ និង​លោក​គ្រូ អ្នក​គ្រូ​ សិស្សានុសិស្ស​ ព្រមទាំងអាជ្ញាធរ​​មាន​សមត្ថ​កិច្ច​​ប្រចាំ​សង្កាត់​​ស្ទឹង​​មាន​ជ័យ។

​លោក​សេង សាញ់ ​ចៅសង្កាត់​ស្ទឹង​មានជ័យ បាន​មាន​ប្រសាសន៍ថា ការ​ដង្ហែ​ក្បួន​យុទ្ធនា​ការ​នេះ​ក្នុងគោល​បំណង​​ប្រកាស​​ដល់​​មាតា​បិតា​ដែល​មាន​កូន​គ្រប់​​វ័យ​សិក្សា​ឱ្យ​​នាំ​កូន​ទៅ​ចុះ​ឈ្មោះ​ចូលរៀន​ឱ្យ​​បាន​គ្រប់​ៗ​​គ្នា​​សម្រាប់​ឆ្នាំ​២០១២-២០១៣ ដែលការ​ទទួល​ចុះឈ្មោះ​​ចូលរៀន​ចាប់​ផ្តើម​​ពីថ្ងៃ​ទី​១ កញ្ញា រហូត​​ដល់​ថ្ងៃទី​៣០ កញ្ញា ២០១២ ​ជា​សេចក្តី​​ប្រកាស​របស់​​ក្រសួងអប់រំ​​ យុវជន​ និង​កីឡា ។ ​លោកចៅ​សង្កាត់​​បន្តថា ​យុទ្ធនា​ការ​នេះ គឺជា​ចំណុច​​ដៅ​មួយ​របស់​សង្កាត់​ក្នុង​ការ​សម្រេច​ឱ្យ​​បាន​នូវ​ផែន​ការ​​ជាតិ​អប់រំ​សម្រាប់អ្នក​​ទាំង​អស់​គ្នា​នា​ឆ្នាំ ២០១៥ ​ចំពោះ​កុមារ​១០០% ​ត្រូវ​បាន​ចូល​រៀន និង​រៀន​ប្រកប​​ដោយ​គុណ​ភាព​ ។ បញ្ហា​នេះ​ជា​ក្តី​កង្វល់​​​ដ៏ធ្ងន់​ធ្ងរ​របស់​អាជ្ញាធរ​​ ព្រោះថា សង្កាត់​ស្ទឹង​មានជ័យ ​បច្ចុ​ប្បន្ន​​មាន​ប្រជាជន​​ចំណាក​ស្រុក​​មក​រស់​នៅ​ និង​ចូល​​ច្រើន​​ដែល​ពួក​គាត់​​ភាគច្រើន​ជាកម្ម​ករ​បម្រើ​ការតាម​​រោងចក្រ​​ កម្ម​ករ​សំណង់ និង​អ្នក​រត់​​ម៉ូតូឌុប​​ជាដើម ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕